(ភ្នំពេញ)៖ ក្រោមគំនិតផ្តួចផ្តើមរបស់លោក កើត រិទ្ធ រដ្ឋមន្ដ្រីក្រសួងយុត្តិធម៌ នៅព្រឹកថ្ងៃទី០៧ ខែមករា ឆ្នាំ២០២២នេះ ក្រសួងយុត្តិធម៌បានរៀបចំកម្មវិធីបរិច្ចាគឈាមដោយស្ម័គ្រចិត្ត ប្រចាំឆ្នាំ២០២៣ ក្រោមប្រធានបទ «ផ្តល់ឈាម ផ្តល់ក្តីសង្ឃឹម» ដើម្បីចូលរួមអបអរសាទរខួបអនុស្សាវរីយ៍លើកទី៤៤ នៃទិវាជ័យជម្នះលើរបបប្រល័យពូជសាសន៍ ៧ មករា និងដើម្បីចូលរួមចំណែកក្នុងសកម្មភាពសង្គម និងមនុស្សធម៌។

កម្មវិធីបរិច្ចាគឈាមដោយស្ម័គ្រចិត្តនេះ ត្រូវបានរៀបចំឡើងក្រោមកិច្ចសហការរវាងក្រសួងយុត្តិធម៌ ជាមួយ ស.ស.យ.ក. វិស័យយុត្តិធម៌, មជ្ឈមណ្ឌលជាតិផ្តល់ឈាម និងក្លឹបសេនាយុត្តិធម៌ ព្រមទាំងមានការចូលរួមបរិច្ចាគឈាមដោយស្ម័គ្រចិត្ត ពីសំណាក់ថ្នាក់ដឹកនាំ ទីប្រឹក្សា ជំនួយការ និងមន្ត្រីរាជការ នៃក្រសួងយុត្តិធម៌ ព្រមទាំងសិស្ស នៃរាជបណ្ឌិតសភាវិជ្ជាជីវៈតុលាការ និងអ្នកវិជ្ជាជីវៈក្នុងវិស័យយុត្តិធម៌ ដែលមានចំនួនសរុបប្រមាណជាង៣០០នាក់។

ថ្លែងក្នុងឱកាសនោះ លោក កើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ បានលើកឡើងថា «ការបរិច្ចាគឈាមនេះ ធ្វើឡើងក្នុងគោលបំណងតែមួយគត់ គឺជួយសង្គ្រោះអាយុជីវិតមនុស្ស។ តម្រូវការឈាម គឺជាតម្រូវការចាំបាច់ជាក់ស្តែងនៅចំពោះមុខ ដោយហេតុថា មានអ្នកជំងឺជាច្រើនដែលសម្រាកព្យាបាលនៅតាមមន្ទីរពេទ្យ ហើយកំពុងត្រូវការឈាមដើម្បីសង្គ្រោះអាយុជីវិតរបស់ពួកគេ»។

រដ្ឋមន្ត្រីបានលើកឡើងទៀតថា រហូតមកដល់ពេលនេះ ទោះបីជាបច្ចេកវិទ្យាផ្នែកសុខាភិបាលមានការរីកចម្រើនយ៉ាងណាក៏ដោយ ប៉ុន្តែមិនមានប្រទេសជឿនលឿនណាមួយ ដែលអាចផលិតឈាមសិប្បនិម្មិតបានឡើយ ពោលគឺឈាមត្រូវបានផលិតដោយសរីរាង្គមនុស្សខ្លួនឯងតែប៉ុណ្ណោះ ដូចនេះប្រសិនបើមិនមានការបរិច្ចាគឈាមទេនោះ គឺមិនមានឈាមសម្រាប់យកទៅជួយសង្គ្រោះអាយុជីវិតអ្នកដែលកំពុងត្រូវការឈាមនោះឡើយ។

ផ្សាភ្ជាប់ទៅនឹងការជ្រើសរើសយកថ្ងៃទី៧ ខែមករា សម្រាប់រៀបចំកម្មវិធីបរិច្ចាគឈាមដោយស្ម័គ្រចិត្តនេះផងដែរ លោករដ្ឋមន្ត្រីបានបញ្ជាក់ថា «ថ្ងៃ ៧មករា គឺជាថ្ងៃប្រកបដោយអត្ថន័យជាប្រវត្តិសាស្រ្តរបស់ប្រជាជនកម្ពុជា និងជាថ្ងៃដែលប្រជាពលរដ្ឋខ្មែរទាំងមូលចាត់ទុកថាជាថ្ងៃកំណើតទី២ របស់ខ្លួន»