(ក្រចេះ)៖ លោក វ៉ា ថន អភិបាលខេត្តក្រចេះ និងភរិយា នៅព្រឹកថ្ងៃទី០៧ ខែមករា ឆ្នាំ២០២៣នេះ អញ្ជើញជួបសំណេះសំណាលជាមួយនិវត្តជន បុគ្គលិក មន្រ្តីរាជការ នៅមន្ទីរសុខាភិបាលខេត្តក្រចេះ។
ថ្លែងក្នុងឱកាសនោះ លោក វ៉ា ថន បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះគុណណូបការៈរបស់និវត្តជន នៃរដ្ឋបាលខេត្តក្រចេះ និងមន្ទីរសុខាភិបាលខេត្ត ដែលកន្លងមកបានខិតខំយកអស់កម្លាំងកាយចិត្ត ប្រាជ្ញាស្មារតី ពេលវេលា ធនធានចូលរួម និងបានខិតខំបំពេញការងារប្រកបដោយស្មារតីទទួលខុសត្រូវ មានឆន្ទៈមោះមុត ពុះពាររាល់ការលំបាកដោយឈរលើស្មារតីសាមគ្គី សហការចូលរួមអនុវត្តតាមច្បាប់ គោលនយោបាយនានា លិខិតបទដ្ឋានគតិយុត្ត និងការផ្សព្វផ្សាយ និងអនុវត្តវិធានការយ៉ាងខ្ជាប់ខ្ជួនរាជរដ្ឋាភិបាល និងក្រសួងសុខាភិបាល ធ្វើឲ្យមានរបៀបរៀបរយសង្គមបានល្អល្អប្រសើរ បើទោះបីជាស្ថិតក្នុងស្ថានភាពរាលត្បាតពីជំងឺកូវីដ១៩ក៏ដោយ។
លោកអភិបាលខេត្ត បន្តទៀតថា ដើម្បីថ្លែងអំណរគុណពីការយកចិត្តទុកដាក់របស់មន្រ្តីរាជការ បុគ្គលិក និងនិវត្តជន នៃមន្ទីរសុខាភិបាល និងរដ្ឋបាលខេត្ត ដែលកន្លងទៅបានខិតខំប្រឹងប្រែងបំពេញការងារ និងការបម្រើសេវាជូនប្រជាពលរដ្ឋបានល្អប្រសើរ ជាពិសេសក្នុងដំណាក់កាល នៃការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ រហូតសម្រេចបានការបើកដំណើរការសកម្មភាពសេដ្ឋកិច្ចសង្គមក្នុងខេត្តឡើងវិញ។
លោកបានជំរុញឲ្យបន្តពង្រឹងការបែងចែកតួនាទី ភារកិច្ចដល់ថ្នាក់ដឹកនាំមន្ទីរ និងអនុវត្តការងារតាមតួនាទី ភារកិច្ច-អនុវត្តតាមគោលការណ៍ណែនាំ គោលការណ៍ច្បាប់ និងលិខិតបទដ្ឋានគតិយុត្ត, ត្រូវពង្រឹងគុណភាពក្នុងការដឹកនាំ និងមានសាមគ្គីភាព, ពង្រឹងកិច្ចសហការផ្ទៃក្នុង និងបង្កើនកិច្ចសហការជាមួយអាជ្ញាធរ និងមន្ទីរ-អង្គភាព, ពង្រឹងការអនុវត្តច្បាប់ បទបញ្ញតិពាក់ព័ន្ធក្នុងការគ្រប់គ្រងការប្រើប្រាស់ឱសថ (ឱសថដែលលក់គ្មានការចុះបញ្ជីការត្រឹមត្រូវតាមច្បាប់ក្រសួងសុខាភិបាល)។
បន្ថែមពីនេះ ត្រូវពង្រឹងការអនុវត្តច្បាប់ បទបញ្ញតិពាក់ព័ន្ធវិស័យសេវាសុខាភិបាលឯកជន និងពង្រឹងការផ្ដល់សេវាប្រកបដោយប្រសិទ្ធភាព គុណភាព សមធម៌, គោរពក្រមសីលធម៌វិជ្ជាជីវៈ ជៀសវាងការប្រើប្រាស់ពាក្យសម្ដីសមរម្យ អសុរស គមម្រោះបោះបោកមកលើប្រជាពលរដ្ឋដែលមកទទួលសេវាពិនិត្យ និងព្យាបាលជំងឺនៅតាមមន្ទីរពេទ្យបង្អែក មណ្ឌលសុខភាព និងប៉ុស្ដិ៍សុខភាព, ត្រូវជំរុញខិតខំស្រាវជ្រាវ ក្នុងការបណ្ដុះបណ្ដាលបន្ត, បន្តជំរុញការចាក់វ៉ាក់កូវីដ១៩ ជូនដល់ប្រជាពលរដ្ឋឲ្យបានគ្រប់ៗគ្នា និងចំពោះនិវត្តជនសូមអញ្ជើញទៅចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ ដូសជំរុញឲ្យបានគ្រប់ៗគ្នា។
តាមរបាយការណ៍បញ្ជាក់ពីលោក ងី ប៊ុនឡែន ប្រធានមន្ទីរសុខាភិបាលខេត្តថា មន្ទីរសុខាភិបាលមាន ការិយាល័យសុខាភិបាលស្រុកប្រតិបត្តិចំនួន៣, មន្ទីរពេទ្យបង្អែកចំនួន៥, មណ្ឌលសុខភាព ចំនួន៣៩ និងប៉ុស្តិ៍សុខភាព ចំនួន១៣។
មន្ត្រីរាជការកំពុងបម្រើការងារសរុបចំនួន៩៦០នាក់ ក្នុងនោះមន្ត្រីជាប់កិច្ចសន្យា ចំនួន១១៦នាក់, វេជ្ជបណ្ឌិតឯកទេស ចំនួន១នាក់, វេជ្ជបណ្ឌិតជំនាញ ចំនួន២នាក់, វេជ្ជបណ្ឌិតចំនួន៤០នាក់, គ្រូពេទ្យមធ្យម ចំនួន១៧នាក់, ឱសថការីឧត្តម ចំនួន១២នាក់, ឱសថការីមធ្យម ចំនួន១នាក់, ទន្តបណ្ឌិត ចំនួន១នាក់, ទន្តពេទ្យ ចំនួន១នាក់, ទន្តគិលានុបដ្ឋាក ចំនួន៦នាក់, វិទ្យុសាស្ដ្រ ចំនួន១នាក់ និងព្យាបាលដោយចលនា ចំនួន៣នាក់។
សូមបញ្ជាក់ថា នៅក្នុងឱកាសនោះ លោកអភិបាលខេត្ត និងលោកស្រី ក៏បានផ្តល់នូវអំណោយជូននិវត្តជន ក្នុងម្នាក់ទទួលបានសារ៉ុង១ និងថវិកា១០ម៉ឹនរៀល ផងដែរ៕