(សៀមរាប)៖ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តសៀមរាប នៅព្រឹកថ្ងៃទី០៧ ខែមករា ឆ្នាំ២០២៣នេះ បានអញ្ជើញជាអធិបតីក្នុងពិធីខួបលើកទី៤៤ នៃទិវាជ័យជំនះ ៧មករា នៅខេត្តសៀមរាប។

ពិធីនេះ ក៏មានការចូលរួមពី លោក អ៊ាន ឃុន ប្រធានក្រុមប្រឹក្សាខេត្ត, លោក ទៀ សីហា អភិបាលខេត្ត និងលោក លោកស្រី សមាជិកក្រុមប្រឹក្សាខេត្ត លោក លោកស្រី អភិបាលរងខេត្ត និងមន្ត្រីរាជការជុំវិញខេត្ត ព្រមទាំងប្រជាពលរដ្ឋ និងសិស្សានុសិស្សជាច្រើនចូលរួមផងដែរ។

ថ្លែងក្នុងកិច្ចស្វាគមន៍លោក ទៀ សីហា អភិបាលខេត្តសៀមរាប បានលើកឡើងថា ការប្រារព្ធកម្មវិធីនៅថ្ងៃនេះ គឺដើម្បីសម្ដែងនូវមនោសញ្ជេតនា និងការដឹងគុណ និងអបអរសាទរខួបលើកទី៤៤ នៃទីវាជ័យជំនះ ៧មករា ដែលជាថ្ងៃកំណើតទី២របស់ប្រជាពលរដ្ឋខ្មែរគ្រប់រូប។

លោក ទៀ សីហា បានបន្ត ខួបលើកទី៤៤ នៃទីវាជ័យជំនះ ៧មករានៅឆ្នាំនេះ បានប្រារព្ធកម្មឡើងក្នុងស្ថានភាពដែលកម្ពុជា កំពុងស្ថិតលើមាគ៌ាអភិវឌ្ឍន៍យ៉ាងល្អប្រសើរ លើគ្រប់វិស័យ ហើយកំពុងបន្តអនុវត្តន៍កម្មវិធីនយោបាយ និងយុទ្ធសាស្ត្រចតុកោណដំណាក់ការទី៤ របស់រាជរដ្ឋាភិបាលនីតិកាលទី៦ នៃរដ្ឋសភា ក្នុងគោលដៅអភិវឌ្ឍប្រទេសជាតិ លើគ្រប់វិស័យឲ្យកាន់តែរីកចម្រើនខ្លាំងក្លាថែមទៀត ដើម្បីធានាដល់ការលើកកម្ពស់ក្នុងគោលដៅរស់នៅរបស់ប្រជាពលរដ្ឋ និងលិទ្ធប្រជាធិបតេយ្យនៅកម្ពុជា។

បន្ទាប់ពីអានសាររបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា, សម្តេចពិជ័យសេនា ទៀ បាញ់ បានលើកឡើងថា នេះជាលើកទី៤៤ ដែលបានបានប្រារព្ធពិធីនេះជារៀងរាល់ឆ្នាំ ប៉ុន្តែដោយសារមានការរំខានពីជំងឺកូវីដ១៩ មានការខកខានខ្លះ ទោះជាយ៉ាងណាក៏ដោយស្មារតី៧មករា នៅដក់ជាប់ជានិច្ចដល់យើងទាំងអស់គ្នា។

សម្ដេចពិជ័យសេនា ទៀ បាញ់ បានអះអាងថា ថ្ងៃ៧មករា ធ្វើឲ្យយើងរស់ឡើងវិញ ហើយក៏ជាថ្ងៃកំណើតទី២របស់យើង និងត្រូវចង់ចាំជានិច្ច ព្រមទាំងអរគុណសន្តិភាពដែលឲ្យប្រទេសជាតិមានការអភិវឌ្ឍលើគ្រប់វិស័យផងដែរ។

បន្ថែមពីនេះ សម្តេចពិជ័យសេនា ទៀ បាញ់ ក៏បានសម្តែងនូវការអរគុណចំពោះជនរួមជាតិទាំងក្នុងប្រទេស និងក្រៅទេស ដល់ការគាំទ្រ និងជឿជាក់លើកការដឹកនាំរបស់គណបក្សប្រជាជន រយៈពេលជាង៤០ឆ្នាំមកនេះ។ សម្តេចពិជ័យសេនា ទៀ បាញ់ ក៏បានជំរុញដល់ប្រជាពលរដ្ឋទាំងអស់ ត្រូវទៅទទួលការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ដូសទី៦ ឲ្យបានគ្រប់ៗគ្នា ស្របតាមការអំពាវនាវរបស់ប្រមុខរាជរដ្ឋាភិបាលផងដែរ។

លោក នួន ពុទ្ធារ៉ា បានប្តេជ្ញាការពាររាល់សង្គមជាតិ ដែលបានកសាងតាំងពីថ្ងៃរំដោះ៧មករា ១៩៧៩ រហូតដល់បច្ចុប្បន្ននឹងទៅអនាគត់ ប្ដេជ្ញាការពារដាច់ខាតរដ្ឋធម្មនុញ្ញ ពង្រឹងសន្តិភាព ស្ថេរភាព នយោបាយសន្តិសុខ និងសណ្តាប់ធ្នាប់សាធារណៈ កម្ចាត់នយោបាយជ្រុលនិយម ការពារសន្តិសុខជូនប្រជាជន ប្ដេជ្ញាពង្រឹងសាមគ្គីភាព ឯកភាពជាតិទាំងមូល យកកម្លាំងកាយ កម្លាំងចិត្តចូលរួមអនុវត្តយ៉ាងសកម្មក្មុងកម្មវិធីនយោបាយ យុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៤ របស់រាជរដ្ឋាភិបាល។

លោកបានប្ដេជ្ញាដណ្ដើមជ័យជំនះ ក្នុងការបោះឆ្នោតនីតិកាលទី៧ នៅថ្ងៃអាទិត្យទី២៣ ខែកក្តដា ឆ្នាំ២០២៣ ឲ្យបានជាដាច់ខាត ប្ដេជ្ញាលើកកម្ពស់ស្មារតីស្នេហាជាតិ ការពារ ប្រឆាំងការជ្រៀតជ្រែកពីខាងក្រៅលើគ្រប់រូបភាព ប្តេជាបន្តអនុវត្តគោលនយោបាយអភិវឌ្ឍសេដ្ឋកិច្វ សង្គម ដើម្បីលើកកម្ពស់ជីវភាពប្រជាជន និងប្តេជាគាំទ្រសម្ដេច ហ៊ុន សែន ជាបេក្ខភាព នាយករដ្ឋមន្រ្តី សម្រាប់នីតិកាលទី៧ និងលោក ហ៊ុន ម៉ាណែត ជាបេក្ខភាពនាយករដ្ឋមន្រ្តី នាពេលអនាគត៕