(រតនគិរី)៖ នាព្រឹកថ្ងៃទី០៧ ខែមករា ឆ្នាំ២០២៣នេះ រដ្ឋបាលខេត្តរតនគិរី បានរៀបចំពិធីមីទ្ទិញរំឭកខួបអនុស្សាវរីយ៍លើកទី៤៤ នៃទិវាជ័យជម្នះ ៧មករា (០៧ មករា ១៩៧៩-០៧ មករា ២០២៣) និងពិធីបញ្ចុះបឋមសីលាដើម្បីសាងសង់វិមានឯករាជ្យក្នុងបរិវេណអតីតព្រលានយន្តហោះខេត្ត ស្ថិតនៅក្រុងបានលុង ក្រោមអធិបតីភាពលោក ជៀង អំ រដ្ឋលេខាធិការក្រសួងការពារជាតិ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានខេត្តរតនគិរី។

ទិវាជ័យជម្នះ ៧ មករា ជាប្រវត្តិសាស្រ្តនេះ ក៏មានការអញ្ជើញចូលរួមក្នុងពិធីនេះមានលោក-លោកស្រីជាថ្នាក់ដឹកនាំខេត្ត,សមាជិកក្រុមការងារថ្នាក់ជាតិ,សមាជិកក្រុមប្រឹក្សាខេត្ត, លោក-លោកស្រីនាយក នាយករងរដ្ឋបាលសាលាខេត្ត,មេបញ្ជាការកងកម្លាំងទាំង៣, ប្រធាន-អនុប្រធានមន្ទីរ អង្គភាពនានាជុំវិញខេត្ត, នាយកទីចាត់ការ អង្គភាព និងមន្ត្រីរាជការក្នុងខេត្ត អាជ្ញាធរក្រុងបានលុង កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ ព្រះសង្ឃ លោកគ្រូ អ្នកគ្រូ សាស្ត្រាចារ្យ សិស្ស និស្សិត យុវជន នៃសហភាពសហព័ន្ធយុវជនកម្ពុជាខេត្ត យុវជនកាយរឹទ្ធិ យុវជនកាកបាទ ក្រហមកម្ពុជា,យុវជនស្រឡាញ់សន្តិភាព និងបងប្អូនប្រជាជាពលរដ្ឋ សរុបប្រមាណជាង ១​,០០០នាក់។

បន្ទាប់ពីអានសុន្ទរកថា របស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជា ប្រកបដោយអត្ថន័យ និងខ្លឹមសារយ៉ាងជ្រាលជ្រៅពីសំណាក់ លោក ញ៉ែម សំអឿន អភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការបក្សខេត្តក្នុងពិធីមីទ្ទិញរំឭកខួបអនុស្សាវរីយ៍លើកទី៤៤ នៃទិវាជ័យជម្នះ ៧មករា រួចមកលោក ជៀង អំ បានលើកឡើងថា ថ្ងៃទី៧ ខែមករា ឆ្នាំ១៩៧៩ គឺជាជ័យជម្នះ ជាប្រវត្តិសាស្ត្ររបស់ប្រជាជនកម្ពុជា ដែលបានវាយផ្ដួលរំលំរបបប្រល័យពូជសាសន៍របស់បន ប៉ុល ពត សង្គ្រោះជាតិ និងប្រជាជនកម្ពុជាឱ្យមានជីវិតរស់រានឡើងវិញ រួចផុតពីការសម្លាប់រង្គាល នៃរបបដ៏សាហាវយង់ឃ្នងបំផុតនេះ បានទាន់ពេលវេលា និងបានបញ្ចប់នូវសករាជដ៏ខ្មៅងងឹតបំផុត នៃប្រទេសកម្ពុជា ហើយបើកឡើងនូវសករាជថ្មី គឺឯករាជ្យ សេរីភាព ប្រជាធិបតេយ្យ និងវឌ្ឍនភាពសង្គម។ ប្រជាជនកម្ពុជានៅគ្រប់ទិសទីកំពុងអបអរសាទរយ៉ាង ក្លៀវក្លានូវខួបអនុស្សាវរីយ៍ នៃទិវាជ័យជម្នះជាប្រវត្តិសាស្ត្រនេះ ក្នុងស្មារតីចងចាំជានិច្ចនូវគុណូបការៈដ៏ឧត្តុង្គឧត្តមរបស់កម្មាភិបាល យុទ្ធជន យុទ្ធនារី អ្នកស្នេហាជាតិដ៏ច្រើនឥតគណនា ដែលបានប្រយុទ្ធ ធ្វើពលិកម្មទាំងអាចដើម្បីរំដោះប្រជាជនកម្ពុជាពីរបបប្រល័យពូជសាសន៍ និងការពារការរស់ឡើងវិញរបស់ប្រជាជន។

លោក ជៀង អំ ក៏បានរំលេចផងដែរថា ឆ្នាំ២០២៣នេះ ព្រឹត្តិការណ៍នយោបាយដ៏ធំគួរឱ្យកត់សម្គាល់ គឺការបោះឆ្នោតជ្រើសតាំង តំណាងរាស្ត្រនីតិកាលទី៧ នៃរដ្ឋសភា។ ដូច្នេះ គណបក្សប្រជាជនកម្ពុជា បានត្រៀមខ្លួនជាស្រេចក្នុងការចូលរួមប្រកួតប្រជែងក្នុងការបោះឆ្នោតនេះរួចរាល់។ គណបក្សប្រជាជនប្ដេជ្ញាចិត្តនឹងដណ្តើមយកជ័យជម្នះ ឱ្យបានជាដាច់ខាតក្នុងការបោះឆ្នោតនាពេលខាងមុខនេះ ពីព្រោះការបោះឆ្នោតនាពេល ខាងមុខពិតជាមានសារៈសំខាន់ណាស់ចំនួន២៖

គឺទី១៖ គឺការការពារសុខសន្តិភាពរបស់សង្គមជាតិ ក៏ដូចជា៖ ប្រទេសជាតិរបស់យើងទាំងមូលឱ្យបានស្ថិតស្ថេរគង់វង្ស។ ដូចដែលយើងបានដឹងច្បាស់ហើយមានសន្តិភាព ទើបមានការអភិវឌ្ឍន៍រីកចម្រើន ផ្ទុយទៅវិញបើគ្មានសន្តិភាពទេ នោះយើងមិនមានការរីក ចម្រើនឡើយ។ ដូចពាក្យស្លោកបានចែងថា «អរគុណសន្តិភាព» អរគុណនយោបាយឈ្នះ-ឈ្នះ នេះពិតជាត្រឹមត្រូវណាស់។

ទី២៖ ដើម្បីការពារសមទ្ធិផលរបស់សង្គមជាតិដែលយើងបានខិតខំកសាង យ៉ាងលំបាកក្រោយថ្ងៃជ័យជម្នះ ៧ មករា ឆ្នាំ១៩៧៩ រហូតដល់បច្ចុប្បន្ន ជាការខិតខំប្រឹងប្រែងពុះពារគ្រប់ឧបសគ្គ បើគ្មានសន្តិភាពក៏គ្មានអ្វីៗដែលអស់នេះដែរ។ ថ្មីៗនេះយើងបានដឹកនាំប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាតជាសកលកូវីដ១៩ យើងបានការពារអាយុជីវិតប្រជាពលរដ្ឋរបស់យើង កាត់ បន្ថយការឆ្លងរាតត្បាត ទោះបីមិនបានទាំងស្រុង ប៉ុន្តែ យើងទទួលបានជោគជ័យយ៉ាងធំធេងៗ ទៅថ្ងៃខាងមុខ ត្រូវយកចិត្តទុកដាក់លើជីវភាពរស់នៅរបស់ប្រជាពលរដ្ឋត្រូវបន្តការងារចុះ មូលដ្ឋានបង្កើនភាពសិទ្ធិស្នាលជាមួយប្រជាពលរដ្ឋ និងត្រូវយកចិត្តទុកដាក់ដោះស្រាយបញ្ហាផ្សេងៗ របស់ប្រជាពលរដ្ឋឱ្យបានកាន់តែប្រសើរជាងនេះទៀត និងបន្តពុះពារគ្រប់ឧបសគ្គ បញ្ហាប្រឈម ទាំងឡាយ និងខិតខំដោះស្រាយជាបន្តបន្ទាប់ឱ្យបានល្អប្រសើរ៕