(ឧត្តរមានជ័យ)៖ រដ្ឋបាលស្រុកចុងកាល់ ខេត្តឧត្តរមានជ័យ បានបើកការដ្ឋានជួសជុលផ្លូវក្រាលគ្រួសក្រហម ១ខ្សែ មានប្រវែង១,២៥៦ម៉ែត្រ និងដាក់លូកាត់ផ្លូវ ស្ថិតនៅភូមិគោកត្រាង ឃុំជើងទៀន ស្រុកចុងកាល់ ដែលជាគម្រោងរបស់មូលនិធិឃុំឆ្នាំ២០២២។

ពិធីនេះ បានធ្វើឡើងនាថ្ងៃទី០៦ ខែមករា ឆ្នាំ២០២៣ម្សិលមិញ ក្រោមវត្តមានលោក រិទ្ធី ប៉ាក់ អភិបាលស្រុកចុងកាល់ ព្រមទាំងមន្ត្រីរាជការ និងប្រជាពលរដ្ឋមួយចំនួនផងដែរ។

នាឱកាសនោះលោកអភិបាលស្រុក បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ ត្រូវបន្តចូលរួមគាំទ្រពេញទំហឹងតាមកម្មវិធីគោលនយោបាយនានា របស់រាជរដ្ឋាភិបាល ដែលមានសម្តេចតេជោ ហ៊ុន សែន ជាប្រមុខដឹកនាំ ដើម្បីឱ្យប្រទេសជាតិយើង កាន់តែមានការអភិវឌ្ឍន៍ រីកចម្រើនជឿនលឿនថែមទៀត។

លោកអភិបាលស្រុកចុងកាល់ បានផ្តាំផ្ញើសាកសួរសុខទុក្ខពីលោក ប៉ែន កុសល្យ អភិបាលខេត្តឧត្តរមានជ័យ លោក ស៊ី ប្រាសិទ្ធ ប្រធានក្រុមប្រឹក្សាខេត្ត និងលោកទេសរដ្ឋមន្ត្រីកិត្តិសង្គហបណ្ឌិត គន់ គីម ប្រធានក្រុមការងារ រាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តឧត្តរមានជ័យ ដែលជានិច្ចជាកាលតែងបានគិតគូរ យកចិត្តទុកដាក់ជាប្រចាំ ចំពោះសុខទុក្ខនិងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋស្រុកចុងកាល់ និយាយដោយឡែកប្រជាពលរដ្ឋភូមិគោកត្រាង ឃុំជើងទៀនរបស់យើង។

លោកបានជម្រាបជូនប្រជាពលរដ្ឋពីការអភិវឌ្ឍឥតឈប់ឈររបស់ប្រទេសជាតិ ពីមួយថ្ងៃទីមួយថ្ងៃ ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា។ ជាមួយនឹងគម្រោងផែនការការអភិវឌ្ឍន៍ជាច្រើន សម្តេចតេជោបានដាក់ចេញនូវកម្មវិធីគោលនយោបាយនានា ដើម្បីឱ្យអាជ្ញាធមូលដ្ឋានយកទៅអនុវត្តន៍បម្រើផលប្រយោជន៍រួមជូនប្រជាពលរដ្ឋ ហើយលោកក៏អំពាវនាវដល់ប្រជាពលរដ្ឋបន្តចូលរួមគាំទ្រកម្មវិធីគោលនយោបាយនានា របស់រាជរដ្ឋាភិបាល គាំទ្រសម្តេចតេជោ ហ៊ុន សែន ដើម្បីឱ្យប្រទេសជាតិមានសុខសន្តិភាព និងការអភិវឌ្ឍរីកចម្រើនគ្រប់វិស័យថែមទៀត។

លោក រិទ្ធី ប៉ាក់ បានបញ្ជាក់ថា ការបើកការដ្ឋានជួសជុលផ្លូវក្រាលគ្រួស១ខ្សែនាពេលនេះ គឺជាគម្រោងមូលនិធិឃុំឆ្នាំ២០២២។

លោកក៏បានរំលឹកប្រាប់ប្រជាពលរដ្ឋពីការខូចខាតហេដ្ឋារចនាសម្ព័ន្ធមួយចំនួន ពិសេសផ្លូវថ្នល់ ក្នុងរដូវទឹកជំនន់កន្លងមក ដូច្នេះដើម្បីសម្រួលដល់ការធ្វើដំណើរ និងដឹកជញ្ជូនកសិផលនានា របស់ប្រជាពលរដ្ឋមានភាពងាយស្រួល អាជ្ញាធរបានសម្រេចធ្វើការជួសជុលផ្លូវដែលខូចខាតដោយទឹកជំន់ឡើងវិញជាបន្តបន្ទាប់ និងអំពាវនាវដល់ប្រជាពលរដ្ឋចូលរួមថែរក្សាទាំងអស់គ្នា ប្រយោជន៍ឱ្យការប្រើប្រាស់ផ្លូវថ្នល់បានយូរអង្វែង៕