(ត្បូងឃ្មុំ)៖ លោក ជាម ច័ន្ទសោភ័ណ អភិបាលខេត្តត្បូងឃ្មុំ និងជាប្រធានក្រុមការងារយុវជនគណបក្សខេត្ត នារសៀលថ្ងៃទី៦ ខែមករា ឆ្នាំ២០២៣ បានជួបសំណេះសំណាល និងប្រគល់ថវិការបស់លោកបណ្ឌិត ហ៊ុន ម៉ាណែត ជូនដល់ក្រុមការងារគណបក្សឃុំ-សង្កាត់ទាំង ៦៤ និងសកម្មជនយុវជនសាខាបក្សភូមិទាំង៨៧៣ភូមិ នៅទូទាំងខេត្ត នៅមន្ទីរគណបក្សខេត្តត្បូងឃ្មុំ ស្ថិតនៅភូមិនិគមលើ ឃុំស្រឡប់ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ។

នាឱកាសនោះលោក ជាម ច័ន្ទសោភ័ណ បានឱ្យដឹងថា គោលការណ៍និងគោលនយោបាយរបស់គណបក្ស គឺពង្រឹងរចនាសម្ព័ន្ធគណបក្ស រចនាសម្ព័ន្ធក្បាលម៉ាស៊ីនយុវជនគណបក្ស នយោបាយសតិអារម្មណ៍របស់មហាជន និងប្រជាជន ក្នុងស្ថានការណ៍ត្រៀមបោះឆ្នោតនាពេលខាងមុខ និងការអនុវត្តន៍ផែនការឆ្ពោះ ទៅរកការបោះឆ្នោតជ្រើសតាំងរដ្ឋសភា នីតិកាលទី៧ នាថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ខាងមុខនេះ។

លោកប្រធានក្រុមការងារយុវជនគណបក្សខេត្ត បានផ្តាំផ្ញើសួរសុខទុក្ខពីសំណាក់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជា ជាពិសេសលោកបណ្ឌិត ហ៊ុន ម៉ាណែត ប្រធានយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាល ដែលតែងតែយកចិត្តទុកដាក់ ដល់យុវជន ដែលជាទំពាំងស្នងឬស្សី សម្រាប់ប្រទេសជាតិ។

លោក ជាម ច័ន្ទសោភ័ណ ក៏បានកោតសរសើរដល់យុវជនទាំងអស់ ដែលកន្លងមកបានខិតខំអនុវត្តន៍ការងារ តាមគោលមាគ៌ានយោបាយរបស់គណបក្ស សកម្មចូលរួមកការងារសង្គម ដែលធ្វើឱ្យគណបក្សប្រជាជនកម្ពុជាគ្រប់ថ្នាក់ គ្រប់ផ្នែកទទួលយក និងកោតសរសើរ និងសូមឱ្យយុវជនទាំងអស់ បន្តខិតខំរៀនសូត្រ ពង្រឹងនូវសតិអារម្មណ៍ និងសមត្ថភាពការងារ ចំណេះដឹងដើម្បីឱ្យក្លាយជាធនធានមនុស្សដ៏សំខាន់ សម្រាប់កសាងប្រទេសជាតិ៕