(ភ្នំពេញ)៖ លោកសាស្ត្រាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល នៅព្រឹកថ្ងៃទី០៧ ខែមករា ឆ្នាំ២០២៣នេះ អមដំណើរដោយលោកស្រីវេជ្ជបណ្ឌិត យក់ សម្បត្តិ រដ្ឋលេខាធិការប្រចាំការក្រសួងសុខាភិបាល និងមន្ត្រីបច្ចេក ទេសសុខាភិបាល ព្រមទាំងមានការចូលរួមពីតំណាងលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងក្រុមការងារសាងសង់ទាំងអស់ចុះពិនិត្យ ពន្លឿនការងារនៅមន្ទីរពេទ្យជាតិ «តេជោសន្តិភាព»។

មន្ទីរពេទ្យជាតិ តេជោសន្តិភាពនេះ ស្ថិតនៅក្នុងសង្កាត់គោករការ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ សាងសង់លើផ្ទៃដីទំហំជិត ៨ហិកតា ដែលមានគ្រែសរុប ចំនួន ៩,៥៩៣គ្រែ ហើយមានអគារសរុបចំនួន ១១អគារ រួមមាន៖ អគារ A, S, E, H1,H2,H3,H4,H5,H6,H7, T1,T2។។ អគារនីមួយៗសុទ្ធតែមានមុខងារសំខាន់ៗជាពិសេស អគារ T1,T2។ នេះតាមការបញ្ជាក់របស់លោកស្រីវេជ្ជបណ្ឌិត យក់ សម្បត្ដិ។

លោកស្រីវេជ្ជបណ្ឌិត យក់ សម្បត្តិ បានបញ្ជាក់ប្រាប់បណ្តាញព័ត៌មាន Fresh News នៅថ្ងៃទី០៧ ខែមករា ឆ្នាំ២០២៣ថា ដំណើរការសាងសង់មន្ទីរពេទ្យជាតិ «តេជោសន្តិភាព» នេះគឺក្រុមជាងកំពុងតែមមាញឹកធ្វើទាំងយប់ ទាំងថ្ងៃ ដើម្បីត្រៀមនូវអគារមួយដែលគ្រែជាង១,០០០គ្រែ ដើម្បីត្រៀមក្នុងករណីដែលមានការផ្ទុះជំងឺកូវីដ១៩ បំប្លែងថ្មីទ្រង់ទ្រាយធំណាមួយកើតឡើង។

លោកស្រីវេជ្ជបណ្ឌិត យក់ សម្បត្តិ បានបន្តថា ក្រោមការចង្អុលបង្ហាញដ៏ខ្ពង់ខ្ពស់បំផុតពីសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា មន្ទីរពេទ្យជាតិនេះនឹងត្រៀមបញ្ចប់ការសាងសង់ជាស្ថាពរនៅដំណាច់ខែមិថុនា នឹងអាចដាក់ដំណើរការទទួលអ្នកជំងឺមកពីបណ្តាខណ្ឌទាំង៦ ក៏ដូចជាខណ្ឌផេ្សងៗទៀតនៅក្នុងរាជធានីភ្នំពេញ និងខេត្តជាប់ព្រំប្រទល់ផងដែរ។

បន្ថែមពីនេះ លោកស្រីវេជ្ជបណ្ឌិត យក់ សម្បត្តិ បានបញ្ជាក់ថា នៅចំពោះមុខ ដោយប្រឈមនឹងស្ថានភាពមិនទាន់ប្រាកដប្រជានៃការឆ្លងជំងឺកូវីដ១៩ លើពិភពលោក និងការវិវត្តន៍នៃភាពបំលែងថ្មីរបស់មេរោគ ផ្នែកខ្លះនៃមន្ទីរពេទ្យ នេះ នឹងត្រូវសម្រុករៀបចំឱ្យបានឆាប់ ដើម្បីត្រៀមទប់ទល់នឹងសភាពការណ៍អាក្រក់ណាមួយដែលអាចកើតឡើង ដូច្នេះសម្រាប់ប្រទេសកម្ពុជា ក្រោមការដឹកនាំដ៏ម៉ឺងម៉ាត់ និងឈ្លៀសវៃរបស់សម្តេចតេជោ យើងបានត្រៀមជាស្រេច ក្នុងការទប់ទល់នឹងការរាតត្បាតរបស់មេរោគដ៏កាចសាហាវនេះ។

សូមបញ្ជាក់ថា មន្ទីរពេទ្យជាតិដ៏ធំមួយនេះ គឺជាការផ្ដួចផ្ដើមដោយ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា៕