(កំពង់ធំ)៖ លោកស្រី ឃួន ឃុនឌី សមាជិកព្រឹទ្ធសភា និងជាប្រធានក្រុមការងារ ចុះមូលដ្ឋានស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ បានលើកឡើងថា កាលពី៤៤ឆ្នាំមុន ប្រជាពលរដ្ឋខ្មែរគ្រប់រូបបានរស់នៅក្រោម ការបង្ខិតបង្ខំឱ្យធ្វើការ លើសកម្លាំង គ្មានថ្ងៃឈប់សម្រាក ទទួលទានអាហារមិនគ្រប់គ្រាន់ គ្មានមន្ទីរពេទ្យព្យាបាល គ្មានសាលារៀន ហើយសិទ្ធិសេរីភាព និងរងចាំតែថ្ងៃស្លាប់ប៉ុណ្ណោះ ប៉ុន្តែ ចាប់តាំងពីថ្ងៃរំដោះ ៧ មករា រហូតដល់បច្ចុប្បន្ន ប្រជាពលរដ្ឋកម្ពុជា មានសិទ្ធិសេរីភាពពេញលេញ រស់នៅដោយភាពកក់ក្តៅ សម្បូរសប្បាយក្រោមដំបូលនៃសន្តិភាព ដែលមកដោយសម្តេចតេជោ ហ៊ុន សែន។
ការលើកឡើងបែបនេះរបស់លោកស្រី ឃួន ឃុនឌី បានធ្វើឡើងនៅព្រឹកថ្ងៃទី៧ ខែមករា ឆ្នាំ២០២៣នេះ ក្នុងឱកាសដែលលោកស្រីបានដឹកនាំប្រារព្ធខួបអនុស្សាវរីយ៍លើកទី៤៤ នៃទិវាជយ័ជម្នះ ៧ មករា ១៩៧៩-៧ មករា ២០២៣ នៅភូមិតារាម ឃុំត្បែងស្រុកស្វាយ ខេត្តកំពង់ធំ ដោយមានការចូលរួមពីប្រជាពលរដ្ឋជិត១ពាន់នាក់។
លោកស្រីបានបញ្ជាក់ថា ក្រោយពីប្រទេសជាតិត្រូវបានរំដោះចេញផុតពីរបបឃោរឃៅព្រៃផ្សៃមួយនេះនៅថ្ងៃទី៧ ខែមករា ឆ្នាំ១៩៧៩ ប្រជាជនគ្រប់រូបបានរស់នៅមានសិទ្ធសេរីភាពពេញលេញឡើងវិញ ហើយប្រទេសជាតិទាំង មូលមានសុខសន្តិភាព និងការអភិវឌ្ឍន៍រីកចម្រើនគ្រប់វិស័យមកទល់សព្វថ្ងៃ។
លោកស្រី ឃួន ឃុនឌី បានបន្តថា កម្ពុជាក៏មានកិត្យានុភាព និងមុខមាត់សារជាថ្មីលើឆាកអន្តរជាតិ ក្រោមការដឹកនាំដ៏ឈ្លាសវៃបំផុតរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជា។ រណសិរ្សសាមគ្គីសង្រ្គោះជាតិកម្ពុជា ត្រូវបានកើតឡើងដោយកម្លាំងមហាសាមគ្គីប្រជាជនទាំងមូល ទាំងក្នុងនិងក្រៅប្រទេស ដែលមានសម្តេចអគ្គមហាពញាចក្រី ហេង សំរិន សម្តេចអគ្គមហាធម្មពោធិសាល ជា ស៊ីម សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងវីរជនស្នេហាជាតិជាច្រើនរូបទៀត ក្នុងការរៀបចំកម្លាំងផ្ដួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត និងទទួលបានជ័យជម្នះលើរបបនេះ នៅថ្ងៃទី៧ មករា ឆ្នាំ១៩៧៩។ ឆ្លើយតបទៅនឹងការអំពាវនាវរបស់រណសិរ្សប្រជាជនគ្រប់ទិសទីបានក្រោកឈររួបរួមគ្នា ជាកម្លាំងមហាសាមគ្គីជាតិ ដោយបានទទួលការជួយឧបត្ថម្ភយ៉ាងធំធេង ពីកងទ័ពស្ម័គ្រចិត្ដវៀតណាម និងការគាំទ្រពីមិត្ដភក្ដិជិតឆ្ងាយលើសកលលោក ដើម្បីផ្ដួលរំលំរបបកម្ពុជាប្រជាធិបតេយ្យ រហូតដល់ទទួលបានជ័យជម្នះដ៏ត្រចះត្រចង់នាថ្ងៃ៧ មករា ឆ្នាំ១៩៧៩។
ជាមួយគ្នានេះ លោកស្រីបានអំពាវនាដល់ប្រជាពលរដ្ឋត្រូវចងចាំនូវស្មារតីថ្ងៃរំដោះជាតិនេះ ស្ថិតស្ថេរ និងចងចាំនៅក្នុងក្រអៅបេះដូងពលរដ្ឋគ្រប់រូប និងជានិមិត្តរូបនៃសាមគ្គីជាតិ និងមហាគ្រួសារខ្មែរស្ថិតនៅជាអមតៈក្រោមម្លប់ សុខសន្តិភាពជានិច្ចនិរន្ត៍។
លោកស្រី ឃួន ឃុនឌី បានអំពាវនាវទៅដល់ប្រជាពលរដ្ឋទាំងអស់សូមចូលរួមថែរក្សាសុខសន្តិភាព សុខសុវត្ថិភាពឱ្យបានយូរអង្វែងដើម្បីឱ្យប្រទេសជាតិមានការអភិវឌ្ឍលើគ្រប់វិស័យក្រោមការដឹកនាំរបស់សម្ដេចតេជោ ហ៊ុន សែន៕