(សៀមរាប)៖ ប្រជាពលរដ្ឋមួយគ្រួសារមានប្តី-ប្រពន្ធ និងកូន២នាក់ ដែលមានជីវភាពក្រីក្រលំបាកយ៉ាងខ្លាំង រស់នៅក្នុងមណ្ឌល៤ នៃការិយាល័យទី២ ស្ថិតនៅភូមិវាល សង្កាត់គោកចក ក្រុងសៀមរាប តាំងពីឆ្នាំ២០០៧មកនោះ បានស្រែកដង្ហោយរកកិច្ចអន្តរាគមន៍ ពីថ្នាក់ដឹកនាំ ជាពិសេសសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ដោយសារតែ មានយោធាមួយក្រុម នៅក្នុងមណ្ឌលមួយនេះ បាននាំគ្នាផ្តិតមេដៃរំលោភយកទីតាំងស្នាក់នៅរបស់ពួកគាត់ រយៈពេលជាង១ឆ្នាំមកហើយ។
សូមរំលឹកថា ទីតាំងស្នាក់អាស្រ័យ របស់ប្រជាពលរដ្ឋមួយគ្រួសារនេះ គឺបានមកពីការផ្តល់ដីមួយចំណែកដែលមានទំហំ២០ ម៉ែត្រគុណនឹង៣០ម៉ែត្រ ពីនាយឧត្តមសេនីយ៍ ដុម ហាក់ អតីតមេបញ្ជាការរងកងទ័ពជើងគោក ទទួលការិយាល័យទី២ ក្រោយពេលដែលលោកទទួលបានទីតាំងមួយនេះ ពីលោកឧកញ៉ា សៀង ណាំ កាលពីឆ្នាំ២០០៦កន្លងទៅ។
ប្តីមានឈ្មោះ តាំង អៀង និងប្រពន្ធ ឈ្មោះ ជា មួយ ព្រមទាំងកូនទាំង២នាក់ ដែលបច្ចុប្បន្នរស់នៅផ្ទះជួល នៅក្រុងសៀមរាប និងជីវភាពយ៉ាងត្រដាបត្រដួសនោះ បានដាក់ពាក្យបណ្តឹងទៅថ្នាក់ដឹកនាំខេត្ត និងមន្រ្តីពាក់ព័ន្ធ ដោយចោទប្រកាន់ថា លោកឧត្តមសេនីយ៍ទោ កែវ មាស ដែលបានបញ្ជាឲ្យកូនចៅមណ្ឌល៤ រឹបអូសយកដីរបស់ពួកគាត់។ ប៉ុន្តែបណ្តឹងនោះ បានដាក់គ្រប់ទីកន្លែង មិនមានស្ថាប័ន ពាក់ព័ន្ធណាមួយយកចិត្តទុកដាក់ក្នុងការដោះស្រាយនោះឡើយ។
ពួកគាត់ដាក់ពាក្យបណ្តឹងបន្តទៅបញ្ជាការដ្ឋានកងទ័ពជើងគោក កាលពីថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០១៦ ប៉ុន្តែរហូតដល់ពេលនេះ នៅតែមិនមានចំណាត់ការដដែល។ ប៉ុន្តែពេលថ្មីៗនេះ ស្រាប់តែនាយទាហាននៅអង្គភាពមណ្ឌល៤ នាំគ្នាផ្តិតមេដៃ ធ្វើការ គាំទ្រខ្លួនឯង ដែលរឹបអូសយកដីរបស់គាត់ទៅវិញ។
យោងតាមលិខិតបញ្ជាក់មួយរបស់ចៅសង្កាត់គោកចក ក្រុងសៀមរាប ខេត្តសៀមរាប គឺលោក ហ៊ុយ ហួន ផ្ញើជូនមេបញ្ជាការកងទ័ពជើងគោក នៅថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០១៥ ក៏បានរៀបរាប់នូវប្រវត្តិខ្លះៗ ពីអតីតកាលចំពោះរឿងរ៉ាវ ទីស្នាក់មណ្ឌល៤នេះផងដែរ។
នៅក្នុងលិខិតដែលអង្គភាព Fresh News ទទួលបាននៅថ្ងៃដដែលនេះ លោកចៅសង្កាត់បានរំលឹកថា «ទីតាំងដីមួយនេះមានទំហំ៦១២៨ម៉ែត្រការ៉េ កាលពីឆ្នាំ២០០៧ គឺជាដីដែលលោកឧកញ៉ា សៀង ណាំ បានប្រគល់ជូន លោក ដុម ហាក់ ប៉ុន្តែចាប់ពីពេលនោះមកលោក ដុម ហាក់ មិនបានស្នើសុំដើម្បីកាន់កាប់ ដើម្បីយកទៅប្រើប្រាស់នោះទេ។ ទើបតែនៅថ្ងៃទី២៦ ខែមករា ឆ្នាំ២០១៥ លោក ដុម ហាក់ បានសុំធ្វើពាក្យស្នើសុំកាន់កាប់ប្រើប្រាស់ដីធ្លីនេះ។
ពេលនោះ ខ្ញុំបាននិយាយជាមួយលោកឧកញ៉ា សៀង ណាំ តាមរយៈការភ្ជាប់ទូរស័ព្ទរបស់លោក ដុម ហាក់ ហើយលោកឧកញ៉ា សៀង ណាំ ពិតបានប្រាប់ថា ដីនេះលោកពិតជាបានប្រគល់ទៅឲ្យលោក ដុម ហាក់ មែន គឺមិនបានប្រគល់ទៅអង្គភាពណានោះទេ ហើយបើលោក ដុម ហាក់ ចង់ប្រគល់ឲ្យអ្នកផ្សេងណាក៏ស្រេចតែលោកទៅ»។
ដោយមើលឃើញនូវជីវភាព របស់ប្រជាពលរដ្ឋមួយគ្រួសារនេះ មានការលំបាកយ៉ាងខ្លាំង និងធ្លាប់បម្រើលោកផងនោះ ក៏បានសុខចិត្តចែកទំហំដីមួយចំណែកនេះជូនពួកគាត់ ដើម្បីអាចស្នាក់នៅ ប៉ុន្តែការរស់នៅបានបន្តមករហូត ទើបតែជាង១ឆ្នាំមុខនោះ ត្រូវបានលោកឧត្តមសេនីយ៍ កែវ មាស បញ្ជាឲ្យកូនចៅរបស់ខ្លួនដេញគាត់ចេញ និងរឹបអូសយកទៅវិញ យ៉ាងអយុត្តិធម៌។
ជាមួយគ្នានេះ លោក ប្រាក់ ហឿន អតីតនាយមណ្ឌល៤ ក៏បានរំលឹកផងដែរ តាមពិតទៅទីតាំងមណ្ឌល៤ ពីមុនស្ថិតនៅភូមិសណ្តាយ ឃុំស្នាសណ្តាយ ស្រុកបន្ទាយស្រី ខេត្តសៀមរាប ប៉ុន្តែ៦ខែក្រោយមក លោក ដុម ហាក់ បានជួបជាមួយលោក ដើម្បីសុំប្តូរទីតាំងមកនៅភូមិវាល សង្កាត់គោកចក ក្រុងសៀមរាប ងាយស្រួលក្តាប់សភាពការណ៍វិញ ដែលដីមណ្ឌលមានទំហំសរុប ១៧២៨ម៉ែត្រការ៉េ ដោយមានប្លង់ត្រឹមត្រូវផងដែរ។
លោក ប្រាក់ ហឿន បានថ្លែងថា «ដីមណ្ឌល៤ ដែលឯកឧត្តម ដុម ហាក់ ប្រគល់ឲ្យមានផ្ទៃដីទំហំ១៧២៨ ម៉ែត្រការ៉េ រីឯដីសម្រាប់ស្នាក់ការខេត្ត អង្គភាពមណ្ឌល៤សៀមរាប មិនមាននោះទេ ដើមឡើយស្នាក់ការ នៅមណ្ឌល៣ សង្កាត់ស្លក្រាម ក្រុងសៀមរាប។ បន្ទាប់មកបានរុះរើនៅឆ្នាំ២០១១ ទៅខ្ចីដីបន្តទំហំ២០ម៉ែត្រ គុណនឹង៣០ម៉ែត្រ របស់គ្រួសាររងគ្រោះខាងលើសព្វថ្ងៃ។ វាមិនដូចការចោទប្រកាន់ របស់មេអង្គភាពមណ្ឌល៤សព្វថ្ងៃនោះឡើយ»។
លោក តាំង អៀង និងប្រពន្ធឈ្មោះ ជា មួយ បាននិយាយទាំងទឹកភ្នែកថា ដីទំហំ២០ម៉ែត្រគុណនឹង៣០ម៉ែត្រខាងលើនេះ គឺមានលិខិតកាន់កាប់ដីធ្លី ចេញដោយ លោក ហ៊ុយ ហួន ចៅសង្កាត់គោកចក ចុះថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០១៥។
លោកថា «នេះជាដីរបស់ឯកឧត្តមឧកញ៉ា សៀង ណាំ អ្នកតំណាងរាស្រ្តមណ្ឌលសៀមរាប បានប្រគល់ឲ្យឯកឧត្តម ដុម ហាក់ នៅឆ្នាំ២០០៧ ហើយឯកឧត្តម ដុម ហាក់ បានប្រគល់ដីមួយចំណែកនេះ មកឲ្យយើងខ្ញុំ ក្នុងទំហំ២០ម៉ែត្រ គុណនឹង៣០ម៉ែត្រ ស្មើនឹង៦០០ម៉ែត្រការ៉េ»។
ជាមួយគ្នានេះទុក្ខលើទុក្ខ ពោលដោយសារតែនៅថ្ងៃទី១៧ ខែកុម្ភ: ឆ្នាំ២០១៥ លោក តាំង អៀង បានប្រគល់ប្រាក់ចំនួន៣៥០០ដុល្លារ (លុយខ្ចីគេ) សងថ្លៃសំណង់អគារស្នាក់ខេត្ត ចំណុះឲ្យមណ្ឌល៤ ដែលបានសង់លើដីរបស់លោក ដើម្បីយកមកប្រើប្រាស់វិញ ហើយបានបន្តចងការប្រាក់គេ យកមកធ្វើរបងហ៊ុព័ទ្ធដី ស្រាប់តែពេលធ្វើរួច ក៏ត្រូវក្រុមយោធាទាំងនេះ បានមកដណ្តើមយករំលោភ ទាំងកំរោលតែម្តង ដោយគ្មានដំណោះស្រាយនោះឡើយរហូតមកដល់ពេលនេះ គឺអយុត្តិធម៌ខ្លាំងណាស់៕