(ត្បូងឃ្មុំ)៖ លោក វង សូត រដ្ឋមន្រ្តីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងជាប្រធានក្រុមការងារចុះជួយស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ និងឃុំជាច ស្រុកកំចាយមារ ខេត្តព្រៃវែង បានលើកឡើងនូវគុណតម្លៃ ៧មករា ដែលពុំអាចកាត់ថ្លៃបាន ជូនសមាជិករបស់ខ្លួន លោកថា ជ័យជំនះ ៧មករា ពិតណាស់គឺជាថ្ងៃកំណើតទី២ សម្រាប់ខ្លួនគាត់ក៏ដូចជាជនរងគ្រោះជាច្រើនលាននាក់ផ្សេងទៀត ឲ្យរួចផុតជីវិតពីរបបប្រល័យពូជសាសន៍ខ្មែរក្រហម។
រដ្ឋមន្រ្តី វង សូត បានបន្ថែមថា ក្រៅពីទទួលបានជីវិតថ្មី គឺគុណតម្លៃ ៧មករា បាននាំមកវិញនូវការរស់នៅក្នុងសង្គមសន្តិភាព ទទួលបានសិទ្ធិគ្រប់យ៉ាង និងមើលឃើញពីការរីកចំរើនរបស់ជាតិឥតឈប់ឈរ។
លោកបានគូសបញ្ជាក់ថា រាជរដ្ឋាភិបាលក្រោមការដឹកនាំដោយគណបក្សប្រជាជនកម្ពុជា បានដាក់ចេញនូវគោលនយោបាយឈ្នះៗជាច្រើនសម្រាប់ជួយដល់ជនរងគ្រោះ និងងាយរងគ្រោះ ជាពិសេសក្នុងអំឡុងពេលមានវិបត្តិ នៃជម្ងឺកូវីដ១៩ តាមរយៈកម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនគ្រួសាររស់នៅក្នុងបន្ទាត់ក្រីក្រ និងក្បែរបន្ទាត់ក្រីក្រ សំដៅជួយសម្រួលការលំបាក និងលើកកម្ពស់ជីវភាពពួកគាត់អោយមានភាពប្រសើរឡើងបានមួយកម្រិតទៀត។
ឆ្លៀតក្នុងឱកាសនោះ រដ្ឋមន្រ្តី វង សូត ក៏បានសំដែងនូវការអបអរសាទរចំពោះក្មួយៗទាំងអស់ ដែលបានខិតខំប្រឹងប្រែងរៀនសូត្ររហូតទទួលបានជោគជ័យជូនដល់គ្រួសារ និងសង្គមជាតិ ហើយក៏បានផ្តាំផ្ញើដល់ក្មួយៗដែលពុំ បានប្រឡងជាប់ ត្រូវធ្វើការសិក្សារៀនសូត្រឱ្យបានខ្លាំងក្លាបន្ថែមទៀត ដើម្បីទទួលបានជោគជ័យនៅឆ្នាំក្រោយទៀត។
លោកប្រធានក្រុមការងារបន្តថា ក្មួយៗទាំងអស់ គឺជាទំពាំងស្នងឬស្សីសម្រាប់ប្រទេសជាតិ និងជាធនធានមនុស្សដ៏សំខាន់នាថ្ងៃខាងមុខ ក្មួយៗមិនត្រឹមតែរៀនឱ្យបានតែជាប់ប៉ុណ្ណោះទេ ត្រូវរៀនឱ្យចេះសម្រាប់ខ្លួនឯង ហើយក្មួយៗអាចមានឱកាសសិក្សា និងប្រឡងជាប់នៅពេលនេះ ក៏ដោយសារប្រទេសមានសន្តិភាព ដូចនេះយើងទាំងអស់គ្នា សូមអរគុណសន្តិភាព។ ស្ថិតក្នុងបរិបទនៃការរីករាលដាលនៃជំងឺកូវីដ១៩ ជាសកល សូមក្មួយៗថែរក្សាសុខភាព និងសូមប្រកាន់ខ្ជាប់នូវវិធានការសុខាភិបាល។
ដើម្បីជាការលើកទឹកចិត្តដល់ក្មួយៗដែលបានប្រឡងជាប់ទទួលបាននិទ្ទេសល្អ លោកប្រធានក្រុមការងារ ក៏បានឧបត្ថម្ភនូវសម្ភារៈ និងថវិកាមួយចំនួនរួមមាន៖
*ទី១៖ ឃុំជាច ស្រុកកំចាយមារ ខេត្តព្រៃវែងសិស្សជាប់និទ្ទេស A ០២នាក់ ទទួលបាន ម៉ូតូ១គ្រឿង ថវិកា ៤០ម៉ឺនរៀល និងសិស្សជាប់និទ្ទេស B ០៦នាក់ ទទួលបានទូរស័ព្ទដៃ១គ្រឿង ថវិកា ២០ម៉ឺនរៀល។
*ទី២៖ ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ សិស្សជាប់និទ្ទេស A ០២នាក់ ទទួលបាន ម៉ូតូ១គ្រឿង ថវិកា ៤០ម៉ឺនរៀល និងសិស្សជាប់និទ្ទេស B ៥៣នាក់ ទទួលបានទូរស័ព្ទដៃ១គ្រឿង ថវិកា ២០ម៉ឺនរៀល។
*ទី៣៖ នាយកវិទ្យាល័យចំនួន៥នាក់ ក្នុងម្នាក់ៗទទួលបានថវិកា ១លានរៀល។ អនុវិទ្យាល័យ ៨នាក់ ក្នុងម្នាក់ៗទទួលបានថវិកា ៥០ម៉ឺនរៀល សមាជិកសមាជិកាចូលរួមពិធីក្នុងម្នាក់ៗទទួលបានថវិកា ៥ម៉ឺនរៀលផងដែរ៕