(ភ្នំពេញ)៖ នៅរសៀលថ្ងៃទី០៧ ខែមករា ឆ្នាំ២០២៣នេះ លោក គី តិច មេធាវីរាជរដ្ឋាភិបាល និងលោក កែវ ពិសិដ្ឋ នាយកខុទ្ទកាល័យសម្តេចហេង សំរិន និងជាតំណាងរាស្ត្រខេត្តត្បូងឃ្មុំ បាននាំយកថវិកាសម្តេចពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា បានពីការប្តឹងទណ្ឌិត សម រង្ស៉ី ជិត ៥ម៉ឺនដុល្លារអាមេរិក ប្រគល់ជូនមន្ទីរពេទ្យគន្ធបុប្ផា។
ប្រាក់ជិត ៥ម៉ឺនដុល្លារនេះ គឺជាប្រាក់សំណងជំងឺចិត្ត បានពីការប្តឹងទណ្ឌិត សម រង្ស៉ី ក្នុងសំណុំរឿងបរិហាកេរ្តិ៍កាលពីឆ្នាំ២០១៥។ នៅក្នុងឱកាសនោះដែរ លោកមេធាវី គី តិច ក៏បាននាំយកថវិកាផ្ទាល់ខ្លួនចំនួន ១០លានរៀល ប្រគល់ជូនមន្ទីរពេទ្យគន្ធបុប្ផាផងដែរ។
ចំពោះថវិកា ដែលតុលាការបានសម្រេចរឹបអូសអចលនទ្រព្យពីកូនបំណុល ទណ្ឌិត សម រង្ស៊ី លក់ឡៃឡុងធានាសំណងដល់សហម្ចាស់បំណុល (ដើមបណ្តឹងផ្នែករដ្ឋប្បវេណី និងម្ចាស់បណ្តឹងអាជ្ញា) ត្រូវបានលោក គី តិច បញ្ជាក់ដូចខាងក្រោម៖
*ទី១៖ ថវិកាចំណែករបស់សម្តេចពញាចក្រី ហេង សំរិន ចំនួន ៤៨.៤៤៨,២៨ដុល្លារអាមេរិក ត្រូវបានប្រគល់ជូនមន្ទីរពេទ្យកុមារគន្ធបុប្ផា។
*ទី២៖ ថវិកាចំណែករបស់សម្តេចតេជោ ហ៊ុន សែន ចំនួន ៧៧៥.១៧២,៧១ដុល្លារអាមេរិក ត្រូវបានប្រគល់ជូនក្រុមមេធាវីស្ម័គ្រចិត្ត ទុកក្នុងកញ្ចប់ថវិកាសម្រាប់ប្រតិបត្តិការការពារក្តីជូនស្រ្តីងាយរងគ្រោះ និងមានជីវភាពទន់ខ្សោយ។
*ទី៣៖ ថវិកាចំណែករបស់សម្តេចក្រឡាហោម ចំនួន ៣៨៧.៥៨៦,៣៥ដុល្លារអាមេរិក ត្រូវបានចាត់ចែងប្រគល់សម្រាប់ការសាងសង់សាលារៀន និងមណ្ឌលកុមារកំព្រា តាមបណ្តាមូលដ្ឋានខេត្ត។
*ទី៤៖ ថវិកាចំនួន ៤៣៤.៩៩២,៧៥ដុល្លារអាមេរិក និងថវិកាចំនួន ៥.៧៩៩,៩០ដុល្លារអាមេរិក ត្រូវបានដាក់ជូនជាថវិកាជាតិ។
លោក គី តិច បានបន្ថែមថា បញ្ហានេះ កើតឡើងដោយការអនុវត្តច្បាប់ នៅក្នុងប្រទេសនីតិរដ្ឋ នៅក្នុងប្រទេសណាក៏ដោយត្រូវតែមាន វិធានការបែបនេះ «បុគ្គលដែលបានប្រព្រឹត្តអំពើល្មើស នោះច្បាប់ត្រូវចាប់បង្ខំឲ្យទទួលខុសត្រូវ ទាំងផ្នែកព្រហ្មទណ្ឌ និងទាំងផ្នែកសំណងនៃការខូចខាត របស់ជនរងគ្រោះ»។
លោកបានគោរព និងថ្លែងនូវអំណរគុណចំពោះ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន, សម្តេចតេជោ ហ៊ុន សែន និងសម្តេចក្រឡាហោម ស ខេង ដែលជានិច្ចកាល តែងតែខិតខំពុះពារគ្រប់ឧបសគ្គ ក្នុងការដឹកនាំប្រទេស ទទួលបាននូវការអភិវឌ្ឍន៍លើគ្រប់វិស័យ និងនាំមកនូវសន្តិភាពពេញលេញដូចពេលនេះ។
ជាក់ស្តែង រាល់សកម្មភាពរបស់សម្តេច ដែលជាថ្នាក់ដឹកនាំជាតិពិតប្រាកដ លោកតែងតែតម្កល់ផលប្រយោជន៍ជាតិ និងប្រជាជនជាធំ ដូចជាថវិកាទាំងនេះ តុលាការបានសម្រេចផ្តល់ជូនជាសំណងជំងឺចិត្ត និងសងការខូចខាតផ្ទាល់ ជូនសម្តេច តែសម្តេចបានសម្រេចបង្វែរថវិកាទាំងនេះ ឲ្យទៅជាប្រយោជន៍ជាតិ, សង្គម និងជាប្រយោជន៍របស់ប្រជាពលរដ្ឋរបស់សម្តេចវិញ៕