(ស្វាយរៀង)៖ លោក ចាន់ កុលបុត្រ ប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជា ចុះជួយឃុំពងទឹក ស្រុករំដួល ខេត្តស្វាយរៀង បានថ្លែងថា ខួបអនុស្សាវរីយ៍៤៤ឆ្នាំ នៃទិវាជ័យជម្នះ ៧ មករា ប្រារព្ធឡើងក្នុងសភាពការណ៍ដែលកម្ពុជា បានសម្រេចសមិទ្ធផលធំៗថ្មីទៀតលើគ្រប់វិស័យ បន្ទាប់ពីបានងើបឡើងវិញយ៉ាងឆាប់រហ័សពីវិបត្តិជំងឺកូវីដ១៩ ហើយកំពុងបន្តឈានទៅមុខប្រកបដោយភាពជឿជាក់លើមាគ៌ាសន្តិភាព ប្រជាធិបតេយ្យ និងអភិវឌ្ឍន៍ ជាមួយនឹងការលេចត្រដែតឡើងនូវកិត្យានុភាពរបស់កម្ពុជាលើឆាកអន្តរជាតិ។
ការថ្លែងបែបនេះរបស់លោក ចាន់ កុលបុត្រ បានធ្វើឡើងនៅក្នុងពិធីមីឆ្អឹងរំឭកខួបលើកទី៤៤ នៃទិវាជ័យជម្នះ ៧ មករា (០៧.០១.១៩៧៩-០៧.០១.២០២៣) នាព្រឹកថ្ងៃទី៧ ខែមករា ឆ្នាំ២០២៣ នៅស្នាក់ការគណបក្សប្រជាកម្ពុជាឃុំពងទឹក ដែលមានការចូលរួម ពីលោករស់ ផារិទ្ធ អនុប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជា ចុះជួយឃុំពងទឹក និងសមាជិក-សមាជិកា គណបក្សជាច្រើននាក់ផងដែរ។
លោក ចាន់ កុលបុត្រ បានបន្តថា ថ្ងៃនេះជាទិវាគម្រប់ខួបលើកទី៤៤ នៃជ័យជម្នះ ជាប្រវត្តិសាស្ត្ររបស់ប្រជាជនកម្ពុជាលើរបបប្រល័យពូជសាសន៍ ប៉ុល ពត នាថ្ងៃ ៧ មករា ឆ្នាំ១៩៧៩ ដែលបានសង្គ្រោះជាតិខ្មែរឱ្យរស់រានមានជីវិតឡើងវិញទាន់ពេលវេលា រួចផុតពីទារុណកម្ម និងការកាប់សម្លាប់ដ៏សាហាវយង់ឃ្នងបំផុត ដែលពុំធ្លាប់មាននៅក្នុងប្រវត្តិសាស្ត្ររបស់កម្ពុជា និងរបស់មនុស្សជាតិ។
លោកបានបន្តថា ឆ្លងកាត់រយៈពេល ៤៤ឆ្នាំមកនេះ បានបង្ហាញច្បាស់ថាផ្តើមពីជ័យជម្នះ ៧ មករា ប្រទេសកម្ពុជា បាននិងកំពុងឈានទៅមុខឥតឈប់ឈរតាមទិសដៅដ៏ត្រឹមត្រូវ ដែលឆ្លើយតបទៅនឹងបំណងប្រាថ្នាដ៏ពិសិដ្ឋរបស់ប្រជាជន។ កម្ពុជាបានប្រែក្លាយពីវាលពិឃាតនៃរបបប្រល័យពូជសាសន៍, ពីសមរភូមិនៃសង្គ្រាមដ៏រ៉ាំរ៉ៃ, ពីការបែកបាក់ជាតិ និងការបែងចែកទឹកដី និងពីទឹកដីមួយដែលខឿនសេដ្ឋកិច្ចជាតិត្រូវបំផ្លាញខ្ទេចខ្ទី ទៅជាទឹក ដីដែលមានសន្តិភាព សាមគ្គីភាព ប្រជាធិបតេយ្យ ការគោរពសិទ្ធិមនុស្ស នីតិរដ្ឋ និងការអភិវឌ្ឍលើគ្រប់វិស័យ ធ្វើឱ្យប្រជាជនគ្រប់រូបបានរស់នៅយ៉ាងសុខដុមរមនា ក្រោមដំបូលរដ្ឋធម្មនុញ្ញតែមួយ និងម្លប់ដ៏ត្រជាក់នៃ អង្គព្រះមហាក្សត្រជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត។
លោកបានបន្ថែមថា នៅឆ្នាំ២០២៣នេះ មន្ត្រីរាជការ និងកងកម្លាំងប្រដាប់អាវុធត្រូវបានដំឡើងប្រាក់បៀវត្សមួយកម្រិតទៀត ព្រមជាមួយនេះ ប្រាក់សោធននិវត្តន៍របស់អតីតមន្ត្រីរាជការ និងអតីតយុទ្ធជនក៏ត្រូវបានកែសម្រួល និងដំឡើងផងដែរ, ដោយឡែកប្រាក់ឈ្នួល អប្បបរមារបស់កម្មករ និយោជិតផ្នែកវាយនភណ្ឌកាត់ដេរ ផលិតស្បែកជើង និងសម្ភារៈធ្វើដំណើរ ក៏ត្រូវបាន ដំឡើងដល់ ២០០ដុល្លារ រួមទាំងការបន្តទទួលបានអត្ថប្រយោជន៍ផ្សេងៗទៀត ពីការអនុវត្តគោលនយោបាយ គាំពារសង្គមរបស់រាជរដ្ឋាភិបាល៕