(កំពង់ធំ)៖ នៅព្រឹកថ្ងៃទី៧ ខែមករា ឆ្នាំ២០២៣​ លោកឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ បានប្រារព្ធពិធីមីទ្ទីងអបអរសាទរខួបលើកទី៤៤ឆ្នាំ នៃថ្ងៃមហាជ័យជម្នះ ៧ មករា (៧.មករា.១៩៧៩ - ៧.មករា.២០២៣) នៅវិមានរំលឹកគុណយុទ្ធជនពលី ស្ថិតនៅក្នុងសង្កាត់អាចារ្យលាក់ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ។

ឧត្តមសេនីយ៍ទោ សោម ស៊ុន និងថ្នាក់ដឹកនាំ នៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ បានអញ្ជើញឡើងដុតធូប គោរពដល់វិញ្ញាណក្ខន្ធកម្មាភិបាល យុទ្ធជនយុទ្ធនារី ដែលបានពលីជីវិតក្នុងភ្លើងសង្គ្រាម ដើម្បីវាយផ្ដួលរំលំ របបប្រល័យពូជសាសន៍ប៉ុលពត ទទួលបានជ័យជន្នះ នៅថ្ងៃទី៧ មករា ១៩៧៩ និងបានការពារមិនឱ្យរបបប្រល័យពូជសាសន៍នេះវិលត្រឡប់មកកាន់អំណាចជាថ្មីឡើងវិញបាន។

បន្ទាប់មកឧត្តមសេនីយ៍ទោ សោម ស៊ុន បានឡើងថ្លែងសន្ទរកថារបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជា ក្នុងពិធីមីទ្ទីងរំលឹកខួបលើកទី៤៤ នៃទិវាជ័យជំន្នះ ៧មករា ១៩៧៩-៧ មករា ២០២៣ ដោយបានបញ្ជាក់ថា ថ្ងៃនេះជាទិវាគម្រប់ខួបលើកទី៤៤ឆ្នាំ នៃជ័យជន្នះ ជាប្រវត្តិសាស្ត្រ របស់ប្រជាជនកម្ពុជាលើរបបប្រល័យពូជសាសន៍ប៉ុលពត នាថ្ងៃ ៧មករា ឆ្នាំ១៩៧៩ ដែលបានសង្គ្រោះជាតិខ្មែរ ឱ្យរស់រានមានជីវិតឡើងវិញទាន់ពេលវេលា រួចផុតពីទារុណកម្ម និងការកាប់សម្លាប់ដ៏សាហាវយង់ឃ្នងបំផុត ដែលពុំធ្លាប់មាននៅក្នុងប្រវត្តិសាស្រ្តរបស់កម្ពុជា និងរបស់មនុស្សជាតិ ហើយយើងប្រារព្ធខួបអនុស្សាវរីយ៍នេះឡើង ក្នុងស្មារតីចងចាំជានិច្ចនូវគុណូបការៈដ៏ថ្លៃថ្លាបំផុតរបស់វីរៈយុទ្ធជន យុទ្ធនារី នៃរណសិរ្យសាមគ្គីសង្គ្រោះជាតិកម្ពុជា អ្នកស្នេហាជាតិទាំងឡាយ និងវីរៈយុទ្ធជននៃកងទ័ពស្ម័គ្រចិត្តវៀតណាម ដែលបានបូជាសាច់ស្រស់ ឈាមស្រស់ រហូតពលិកម្មអាយុជីវិត ដើម្បីផ្ដួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត អៀង សារី ខៀវ សុផន។

នាយទាហាន នាយទាហានរង និងពលទាហានទាំងអស់ នៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ​ សូម​គោរព​ចងចាំ​ និង​ដឹង​គុណ​ជា​និច្ច​នូវ​គុណូបការៈ​ដ៏​ថ្លៃថ្លា​របស់​វិរៈយុទ្ធ​ជន​ យុទ្ធ​នារ ​ដែលបានបូជាពលីជីវិតដើម បុព្វហេតុជាតិ​មាតុភូមិ​ ហើយ​យោធិន​ដែល​បាន​ចូលរួមក្នុងអង្គមីទ្ទីងនៅពេលនេះបានអញ្ជើញទៅដុតធូបគោរពវិញ្ញាណក្ខន្ធ នៅតាមផ្នូរសពរបស់កម្មាភិបាលយុទ្ធជនពលី ដែលបានតម្កល់ទុកនៅវិមានរំលឹកគុណយុទ្ធជនពលីផងដែរ៕