(ភ្នំពេញ)៖ សមត្ថកិច្ចបានបង្រ្កាបជនសង្ស័យជាបន្តបន្ទាប់ចំនួន៣នាក់ និងបានដកហូតវត្ថុតាងម្សៅមានសារធាតុញៀនជិត១គីឡូក្រាម។ ហេតុការណ៍នេះ កើតឡើងនាថ្ងៃទី០៥ ខែមករា ឆ្នាំ២០២៣ នៅចំណុចផ្លូវ៤៨៨ កែង៩៩ ស្ថិតនៅភូមិ៤ សង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំការមន។
លោក ផន អូន អធិការរងខណ្ឌចំការមន បានប្រាប់ថា កម្លាំងនគរបាលរបស់លោក បានសហការជាមួយផ្នែកការិយាល័យប្រឆាំងគ្រឿងញៀន នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បង្រ្កាបជាក់ស្ដែង កាលពីម៉ោង១៖០០នាទី រំលងអាធ្រាត្រឈានចូលថ្ងៃទី០៥ ខែមករា ឆ្នាំ២០២៣ បានជនសង្ស័យចំនួន២នាក់ ពីបទជួញដូរនូវសារធាតុញៀន រួមមាន៖
*ទី១៖ ឈ្មោះ ឃាន ស្រីលក្ខ័ ភេទស្រី អាយុ៣៥ឆ្នាំ មុខរបរធ្វើក្រចក
*ទី២៖ ឈ្មោះ យី ម៉ូលីវណ្ណ ភេទប្រុស អាយុ៣៣ឆ្នាំ មុខរបរគ្មាន (ត្រូវជាប្តី) ស្នាក់នៅផ្ទះលេខ ១១៥៩ ផ្លូវ២ ភូមិព្រែកតាគង់ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។
វត្ថុតាងដកហូត ម្សៅក្នុងកញ្ចប់ពណ៌ក្រហម (សង្ស័យគ្រឿងញៀនចំនួន ៥កញ្ចប់) និងម៉ូតូ១គ្រឿងម៉ាក C១២៥ ពណ៌ខ្មៅ ស្លាកលេខ១JO៣៥៨០ភព និងទូរស័ព្ទដៃ ៣គ្រឿង ម៉ាកសាំសុង ២គ្រឿង អ៊ិនចុចពិល១គ្រឿង។ ជនសង្ស័យទាំង២នាក់ និងវត្ថុតាង បាននាំមកអធិការខណ្ឌចំការមន ដើម្បីធ្វើការសាកសួរបន្ត។
រហូតដល់រសៀលថ្ងៃទី០៥ ខែមករា ឆ្នាំ២០២៣ ឃាត់បានជនសង្ស័យឈ្មោះ កែវ ដារ៉ូ ភេទប្រុស អាយុ២៥ឆ្នាំ មុខរបរចុងភៅ ស្នាក់នៅសង្កាត់ផ្សារដេប៉ូ៣ ខណ្ឌទួលគោក ដែលបានឲ្យជនសង្ស័យ២នាក់ ខាងលើ មកទិញយកមកឲ្យតែមិនយកថ្នាំម្សៅគ្រវីមិនទាន់បាន ក៏សមត្ថកិច្ចឃាត់ខ្លួនបាត់។
បច្ចុប្បន្នជនសង្ស័យទាំង៣នាក់ បានកសាងសំណុំរឿងបញ្ជូនទៅតុលាការ ចាត់ការបន្តតាមនីតិវិធីច្បាប់៕