(បន្ទាយមានជ័យ​)​៖ លោក បោន ប៊ិន សមាជិកអចិន្ត្រៃយ៍គណបក្សខេត្តបន្ទាយមានជ័យ និងជាប្រធានក្រុមការងារគណបក្សចុះមូលដា្ឋនស្រុកភ្នំស្រុក នៅព្រឹកថ្ងៃទី៧​ ខែមករា​ ឆ្នាំ​២០២៣​នេះ បានអញ្ជើញ​ជាអធិបតី​ភាព​ពិធីប្រកាសបញ្ចូលសមាជិកថ្មី នៃគណបក្សប្រជាជនកម្ពុជា ចំនួន១,០៣៤នាក់ ដែលជាអតីតអ្នកគាំទ្រគណបក្សនយោបាយផ្សេងៗ នៅក្នុងស្រុកភ្នំស្រុក​ មកសុំចូលមករួមរស់ជីវភាពជាមួយគណបក្សប្រជាជនកម្ពុជា។

ពិធីប្រកាសបញ្ចូលសមាជិកគណបក្សប្រជាជនកម្ពុជាថ្មី​ទាំង១,០៣៤នាក់នេះ ក៏មានការអញ្ជើញចូលរួមពីសំណាក់​ក្រុមការងារចុះជួយស្រុកភ្នំស្រុក​ ប្រធានគណៈកម្មការ​គណបក្សប្រជាជនកម្ពុជាស្រុក​ សមាជិក​-សមាជិកា​បក្សនៅមូលដ្ឋាន​ផងដែរ។

តំណាងសមាជិកទាំង ១,០៣៤នាក់​ ដែលស្ម័គ្រចិត្តរួមរស់ជីវភាពជាមួយគណបក្សប្រជាជនកម្ពុជា បានលើកឡើងដោយបានមើលឃើញយ៉ាងច្បាស់នូវគោលនយោបាយដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា ក្រោមការដឹកនាំប្រកប ដោយគតិបណ្ឌិតរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជា ដែលបាននាំមកនូវសន្តិភាពពេញលេញជូនមាតុភូមិ ព្រមទាំងបានអភិវឌ្ឍន៍ប្រទេសជាតិ លើគ្រប់វិស័យឱ្យមានការរីក ចម្រើនលើគ្រប់វិស័យឱ្យប្រែប្រួលឆាប់រហ័ស គួជាទីមោទនភាពក្រៃលែង។ ដោយពិនិត្យឃើញជាក់ច្បាស់យ៉ាងដូច្នេះ ពួកគាត់មានជំនឿជឿជាក់លើការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន ក៏បានសម្រេចចិត្តចូលរួមជីវភាព នយោបាយជាមួយគណបក្សប្រជាជនកម្ពុជា ដោយឥតងាករេជារៀងរហូត។

នាឱកាស​នោះលោក បោន​ ប៊ិន​ ក៏បានថ្លែងនូវអំណរគុណចំពោះសមាជិកថ្មី ដែលបានស្ម័គ្រចិត្ត​រួមរស់ជីវភាពរបស់គណបក្សប្រជាជនកម្ពុជាផងដែរ។ ជាមួយគ្នានោះ លោកបានរំឮកពីប្រវិត្តការតស៊ូរបស់កម្ពុជា​ ដែលបានហែល ឆ្លងកាត់សង្រ្គាមរ៉ាំរ៉ៃការកាប់សម្លាប់ជាតិសាសន៍ឯងយ៉ាងសាហាវព្រៃជាទីបំផុត ពីរបបខ្មែរក្រហម ប៉ុល ពត។

​លោក បោន​ ប៊ិន​ បានបញ្ជាក់ថា​ ដោយមានស្មារតីជ័យជំនះ ៧​ មករា​ គឺជាការផ្តល់កំណើតទី២ របស់ប្រជាជនកម្ពុជា​ បានធ្វើឱ្យប្រជាពលរដ្ឋមានឱកាសជួបជុំគ្នា​យ៉ាងសប្បាយរីករាយ គ្មានការភ័យខ្លាច​ និងមានការអភិវឌ្ឍ គ្រប់ទីកន្លែង​ ក្រោមកិច្ចខិតខំប្រឹងប្រែងរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា​ ដែលបានតស៊ូ​រំដោះជាតិមាតុភូ​មិ​ ចេញពីរបបដ៏ខ្មៅងងឹត​ ជូនប្រជាជនកម្ពុជា​ ដែលចងចាំមិនភ្លេចនូវសោក​នាដកម្មដ៏សាហាវព្រៃផ្សៃ​។ ចំណុចទាំងអស់នេះ ហើយបើគ្មានសុខសន្តិភាព​នោះទេ ពិតណាស់របបដ៏ខ្មៅងងឹតក៏មិនអាចរលត់ទៅវិញនោះ​ដែរ។

សូមបញ្ជាក់ថា​ សមាជិក-សមាជិកា​ ដែលបានស្ម័គ្រចិត្តរួមរស់ជាមួយគណបក្សប្រជាជនកម្ពុជា​ទាំង ១,០៣៤នាក់​ ក្នុងម្នាក់ៗទទួលបាន៖​ អង្ករ២៥ គីឡូក្រាម,​ សារ៉ុង០១​ រួមនឹងថវិកាចំនួន២ម៉ឺន​រៀល។ ក្រុមការងារមូលដ្ឋាន ស្រុកចំនួន ២៦នាក់ក្នុងម្នាក់ទទួលបាន សារ៉ុង០១, ទឹកក្រូច០១យួរ,​ មី០១កេស និងថវិកាចំនួន៤ម៉ឺន​រៀល។ ដោយឡែកក្រុមការងារមូលដ្ឋានឃុំ-ភូមិចំនួន ៧១នាក់ ក្នុងម្នាក់ទទួលបាន​ទឹកភេសជ្ជៈប៉ូវកម្លាំងចំនួន០១កេស, សារ៉ុង០១, ទឹកក្រូច០១យួរ,​ មី០១កេស និងថវិកា ៤ម៉ឺន​រៀលផងដែរ៕