(កំពង់ចាម)៖ លោកបណ្ឌិត ម៉ា ឈឿន តំណាងរាស្ត្រមណ្ឌលកំពង់ចាម និងជាប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជា ចុះជួយស្រុកជើងព្រៃ បានបញ្ជាក់ថា ទិវាជ័យជម្នះ ៧មករា មិនមែនគ្រាន់តែជាថ្ងៃជ័យជម្នះ របស់គណបក្សប្រជាជនប៉ុណ្ណោះទេ ប៉ុន្តែគឺជាថ្ងៃជ័យជម្នះរបស់ប្រជាជនកម្ពុជាទាំងអស់គ្នា ផ្ទុយពីការលើកឡើងរបស់ពួកបក្សប្រឆាំងមួយក្តាប់តូច។

ការបញ្ជាក់បែបនេះរបស់លោកបណ្ឌិត ម៉ា ឈឿន បានធ្វើឡើងនៅថ្ងៃទី៧ ខែមករា ឆ្នាំ២០២៣នេះ ក្នុងឱកាសលោកដឹលនាំមីទ្ទិញ រំឮកខួបលើកទី៤៤ នៃទិវាជ័យជំនះ ៧ មករា ឆ្នាំ១៩៧៩-២០២៣ ក្នុងស្រុកជើងព្រៃ ខេត្តកំពង់ចាម ដែលមានការចូលរួមពីប្រធាន អនុប្រធាន ក្រុមការងារចុះជួយស្រុកជើងព្រៃ អភិបាលស្រុក ប្រធាន អនុប្រធានបក្សស្រុក សមាជិកសមាជិកាបក្សទូទាំងស្រុក លោកគ្រូ អ្នកគ្រូ សិក្សានុសិស្ស និងប្រជាពលរដ្ឋសរុបចំនួន ១,៥០០នាក់ នៅក្នុងបរិវេណសាលាស្រុកជើងព្រៃ ខេត្តកំពង់ចាម។

លោកបណ្ឌិត ម៉ា ឈឿន បានបញ្ជាក់យ៉ាងច្បាស់ថា «ថ្ងៃ៧ ខែមករា គឺជាថ្ងៃកំណើតទី២ របស់ប្រជាជនខ្មែរ ជាថ្ងៃដែលទទួលបានជ័យជម្នះពីរបប ដ៏ខ្មៅងងឹតនឹងឃោឃៅគឺរបបប្រល័យពូជសាសន៍ ប៉ុល ពត។ យើងក៏មិនភ្លេចនូវ គុណបំណាច់នៃវីរភាពរបស់ថ្នាក់ដឹកនាំគណបក្សប្រជាជន ដែលមានសម្តេចទាំង៣ គឺសម្តេចអគ្គមហាធម្មពោធិ៍សាល ជា ស៊ីម សម្តេចអគ្គមហាពញាចក្រី ហេង សំរិន និងជាពិសេសសម្តេចតេជោ ហ៊ុន សែន ដែលជាក្បាលម៉ាស៊ីន ដ៏សំខាន់នាំមកនូវ ឯករាជ្យ សេរីភាព ប្រជាធិបតេយ្យ និងវឌ្ឍនភាពសង្គមដល់កម្ពុជា។ នេះជាសមិទ្ធផលដ៏ធំធេងរបស់ថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជា ដែលយកជីវិតធ្វើជាដើមទុនប្តូរយកមកវិញនូវភាពរុងរឿង សុខសន្តិភាពជាតិ និងការអភិវឌ្ឍនជាតិ»

ជាមួយគ្នានេះលោកបណ្ឌិត ម៉ា ឈឿន បានបន្តថា គោលនយោបាយឈ្នះ-ឈ្នះ របស់គណបក្សប្រជាជនកម្ពុជា បានរួមចំណែកក្នុងការ ការពារថែរក្សា ស្ថេរភាព សេដ្ឋកិច្ចជាតិ សន្តិសុខជាតិ សាមគ្គីភាពជាតិ អភិវឌ្ឍនជាតិ ហើយថ្ងៃ០៧ មករា ជាថ្ងៃដែលប្រជាពលរដ្ឋខ្មែរ ចងចាំក្នុងចិត្តជានិច្ច និងនៅជាអមតៈ។

ក្នុងឱកាសនោះលោកបណ្ឌិត ម៉ា ឈឿន ក៏បានណែនាំប្រាប់ប្រជាពលរដ្ឋឱ្យរួមគ្នាការពារ សុខសន្តិភាព របបប្រជាធិបតេយ្យ ការពាររបបរាជានិយម រួមគ្នាអភិវឌ្ឍនប្រទេសជាតិប្រឆាំងដាច់ខាតនូវការប៉ុនប៉ងផ្តួលរំលំរដ្ឋាភិបាល ស្របច្បាប់ ផ្តួលរំលំរបបរាជានិយម នឹងគាំទ្រពេញទំហឹងនូវការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន ធ្វើជានាយករដ្ឋមន្ត្រី នៅនីតិកាលទី៧ បន្តបន្ទាប់ទៀត និងគាំទ្របេក្ខភាពលោកបណ្ឌិត ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រីបន្តវេន និងបានបន្តទៀតថា កុំឱ្យចូលរួម ឬជឿលើពាក្យញុះញុងរបស់ជនក្បត់ជាតិ និងពួកប្រឆាំងផ្កាប់មុខដែលធ្វើឱ្យបាត់បង់ប្រយោជន៍សង្គមជាតិ បាត់បង់សាមគ្គីភាពជាតិ បាត់បង់សន្តិភាពជាតិ និងនាំប្រទេសឱ្យធ្លាក់ចូលក្នុងភ្លើងសង្រ្គាម ដោយពួកក្បត់ជាតិបីជំនាន់ទាំងអស់នោះ៕