(ភ្នំពេញ)៖ អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល នៅថ្ងៃទី០៧ ខែមករា ឆ្នាំ២០២៣នេះ បានចេញសេចក្ដីថ្លែងការណ៍អបអរសាទរ ក្នុងឱកាសខួបអនុស្សាវរីយ៍លើកទី៤៤ ថ្ងៃជ័យជំនះ ៧មករា។
នៅក្នុងឱកាសនៃ «ទិវា ៧មករា» យើងខ្ញុំ សូមសម្តែងនូវអំណរសាទរ និងគុណូបការៈដ៏ខ្ពង់ខ្ពស់បំផុត ចំពោះឥស្សរជនជាវីរបុរសខ្មែរ ដែលលោកបានរំដោះប្រជាជាតិទាំងមូល រួចផុតពីរបបឃោរឃៅ សាហាវយង់ឃ្នង ផ្ដល់ឱកាសរស់រានមានជីវិតប្រកបដោយភាពរុងរឿង ក្នុងភាពជាមនុស្សដែលមានសិទ្ធិរស់រាន សិទ្ធិជ្រើសរើសស្វែងរកសុភមង្គល និងទទួលខុសត្រូវលើជោគវាសនារបស់ខ្លួន និងប្រជាជាតិ។
អង្គភាពអ្នកនាំពាក្យ យល់ និងប្រាកដថា ទិវា៧មករា គឺជាទិវាដែលមានតម្លៃជា «សាកលរបស់មនុស្សជាតិ» សម្រាប់ការរស់រានមានជីវិតសាជាថ្មីរបស់ប្រជាពលរដ្ឋខ្មែរ ដែលយើងហៅថា «ថ្ងៃកំណើតទី២»។ ថ្ងៃ ៧មករា ជាស្មារតីនៃការរួបរួម ឯកភាព និរន្តរភាព និងការអភិវឌ្ឍរបស់ជាតិខ្មែរយើងទាំងមូល។
អង្គភាពអ្នកនាំពាក្យ សូមសម្តែងនូវកតញ្ញុតាធម៌ដ៏ជ្រាលជ្រៅបំផុត និងចងចាំជានិច្ច គោរពជូនចំពោះឥស្សរជនខ្មែរ ដែលលោកមានតម្លៃជាប្រវត្តិសាស្ត្រ បានពលីជីវិត ក៏ដូចជាវត្តមានដល់បច្ចុប្បន្ន ក្នុងការរំដោះជីវិតប្រជាជនខ្មែរ ជាពិសេសសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជា ដែលលោកបានលះបង់គ្រប់បែបយ៉ាង ក្នុងបុព្វហេតុជាតិ និងផលប្រយោជន៍ខ្មែរទាំងមូល៕