(ភ្នំពេញ)៖ គ្រាដែលប្រមុខដឹកនាំបក្សប្រឆាំងលោក សម រង្ស៊ី និង លោក កឹម សុខា កំពុងគេចវេសពីការអនុវត្តន៍ច្បាប់ និងទាញយកហេតុ ផលនៃការអនុវត្តន៍ច្បាប់នេះថាជារឿងនយោបាយនោះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា បានថ្លែងចំអកទៅមេដឹកនាំគណ បក្សសង្រ្គោះជាតិថា មិនយកហេតុផល នៃការអនុវត្តន៍ច្បាប់របស់កម្ពុជា ទៅធ្វើជារឿងនយោបាយ ហើយទៅពឹងបរទេសមកកៀបសង្កត់លើ កម្ពុជានោះឡើយ។
ការថ្លែងរបស់សម្តេចតេជោ បានធ្វើឡើងក្នុងពេលសម្តេចអញ្ជើញទៅបង់ការផាកពិន័យចំពោះការជិះម៉ូតូដោយមិនពាក់មួកសុវត្ថិភាពនៅប៉ុស្តិ៍ នគរបាលសង្កាត់ចតុមុខ នាព្រឹកថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០១៦នេះ។
ក្នុងពេលចូលបង់ផាកពិន័យនេះ សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា មនុស្សទាំងអស់នៅក្នុងប្រទេសកម្ពុជា មិនថាតូច ឬក៏ធំ អ្នកមាន លុយ ឬ អ្នកក្រ ឲ្យតែប្រព្រឹត្តខុសទៅនឹងច្បាប់ គឺត្រូវតែផាកពិន័យ ឬ ក៏មានទោសទណ្ឌដូចៗគ្នាចំពោះមុខច្បាប់។ ប្រមុខរាជរដ្ឋាភិបាល និង ជាប្រមុខគណបក្សកាន់អំណាច ក៏បានឆ្លៀតចំអកទៅឲ្យអ្នកនយោបាយ ដែលចូលចិត្តយកបញ្ហាផ្ទាល់ខ្លួន ធ្វើជារឿងនយោបាយ និងពឹង បរទេសដាក់គំនៀបលើកម្ពុជា ព្រោះរឿងផ្ទាល់ខ្លួនផងដែរ ដោយរំពឹងថា អ្នកនយោបាយទាំងនេះ ឈប់យកហេតុផល នៃការអនុវត្តច្បាប់នេះ ទៅធ្វើជារឿងនយោបាយតទៅទៀត។
សម្តេចតេជោ បានថ្លែងបញ្ជាក់យ៉ាងដូច្នេះ «ខ្ញុំសង្ឃឹមថា អ្នកខុសទាំងឡាយផ្សេងទៀត គឺមិនយកហេតុផល នៃការអនុវត្តច្បាប់ដោយសមត្ថ កិច្ចធ្វើជាបញ្ហានយោបាយ ហើយទៅពឹងពាក់បរទេសមកកៀបសង្កត់កម្ពុជា មិនអនុវត្តច្បាប់រប់ខ្លួននោះទេ ហើយសង្ឃឹមថា ជនបរទេស ទាំងឡាយ ក៏មិនលូកលាន់ ចំពោះការអនុវត្តន៍ច្បាប់នៅក្នុងប្រទេសកម្ពុជានោះដែរ»។
បើទោះបីក្នុងសារនយោបាយខ្លីនាព្រឹកនេះ សម្តេចតេជោ ហ៊ុន សែន មិនបានបញ្ចេញចំពោះយ៉ាងណាក្តី តែគេអាចដឹងបានថា ប្រមុខរាជរដ្ឋា ភិបាលកម្ពុជា បាននិងកំពុងសម្តៅទៅដល់ប្រមុខដឹកនាំបក្សប្រឆាំងទាំងពីររូប គឺលោក សម រង្ស៊ី និង លោក កឹម សុខា។
ប្រមុខដឹកនាំបក្សប្រឆាំង លោក សម រង្ស៊ី និង លោក កឹម សុខា ត្រូវបានគេដឹងថា កំពុងប្រឈមមុខនឹងច្បាប់ហើយបាននិងកំពុងគេចវេសពី ការអនុវត្តន៍ច្បាប់នេះដូចគ្នា ហើយបានបញ្ជាក់ថា សំណុំរឿងនេះ គឺជារឿងនយោបាយ។ គណបក្សសង្រ្គោះជាតិ ក៏កំពុងធ្វើចលនាស្វែងរក ការគាំទ្រពីបណ្តាប្រទេសក្នុងតំបន់អឺរ៉ុប ជួយអន្តរាគមន៍ឲ្យលោក សម រង្ស៊ី និង លោក កឹម សុខា បានរួចផុតពីការអនុវត្តច្បាប់នេះផងដែរ៕
សូមស្តាប់ប្រសាសន៍របស់សម្តេចតេជោ ហ៊ុន សែន៖