(កណ្តាល)៖ ដើម្បីអរសាទរខួបលើកទី៤៤ នៃទិវាជ័យជំនះ ៧ មករា (០៧.០១.១៩៧៩-០៧.០១.២០២៣) និងដើម្បីជាចំណងដៃសម្រាប់ទិវានេះ លោក លឹម គានហោ រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានស្រុកពញាឮ ខេត្តកណ្តាល បានផ្តល់នូវអគារសិក្សា ១ខ្នង មាន៨បន្ទប់ ដល់សិស្សានុសិស្សក្នុងវិហាឌូបៃ របស់បងប្អូនសាសនិកឥស្លាម ដើម្បីដំឡើងទៅជាអនុវិទ្យាល័យ ស្ថិតនៅក្នុងភូមិឃ្លាំងស្បែក ឃុំកំពង់លួង ស្រុកពញាឮ។

ការផ្តល់អគារសិក្សា១ខ្នងនេះ របស់លោករដ្ឋមន្ត្រី លឹម គានហោ បានធ្វើឡើងនៅព្រឹកថ្ងៃទី៧ ខែមករា ឆ្នាំ២០២៣ ក្នុងឱកាសដែលលោក លឹម គានហោ បានអញ្ជើញជាអធិបតីភាពក្នុងមីទ្ទិញអបអរសាទរខួបលើកទី ៤៤ នៃទិវាជ័យជំនះ ៧ មករា (០៧.០១.១៩៧៩-០៧.០១.២០២៣) នាកីឡដ្ឋាន ស្រុកពញាឮ។ អង្គពិធីមានការចូលរួមពីស្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកពញាឮ និងមហាជនស្រុក ឃុំ ភូមិ ប្រមាណជិត ២ពាន់នាក់។

បន្ទាប់​ពីលោក​រដ្ឋមន្រ្តី​ បាន​អាន​នូវ​សុន្ទរកថា​ សម្តេច​តេ​ជោ​ ហ៊ុន​ សែន​ នាយក​រដ្ឋមន្ត្រី​នៃ​កម្ពុជា​ និង​ជា​ប្រធាន​គណបក្សប្រជាជន​កម្ពុជា​ ក្នុង​ពិធី​មីទ្ទីញរំលឹក​ខួបលេីកទី​៤៤​ ទិវា​ជ័យជំនះ ៧​ មករា​ ចំពោះខ្លឹមសារស្នូលសំខាន់នៃទិវាជ័យជំនះនេះ លោករដ្ឋមន្រ្តី បានជម្រាបជូនអង្គពិធីថាថ្ងៃនេះ ជាថ្ងៃប្រវត្តិសាស្ត្រលើបនប្រល័យពូជសាសន៍ ប៉ុល ពត នាថ្ងៃទី៧ ខែមករា ឆ្នាំ ១៩៧៩ ជាការបើកឡើងនូវទំព័រសករាជថ្មីរបស់កម្ពុជា គឺឯករាជ្យ សេរីភាព ប្រជាធិបតេយ្យ និងវឌ្ឍនភាពសង្គម ជាថ្ងៃដែលមានអត្ថន័យធំធេងបំផុតចំពោះការរស់រានឡើងវិញ ការស្ថិតស្ថេរគង់វង្ស និងការរីកចំរើននៃមាតុភូមិ និងប្រជាជនកម្ពុជា។

លោករដ្ឋមន្ត្រី បានគូសបញ្ជាក់ថា «យើងទាំងអស់គ្នាចងចាំជានិច្ចថា ថ្ងៃ៧ មករា ជាថ្ងៃកំណើតទី២ របស់ខ្លួន បើគ្មានជ័យជំនះ ៧ មករា យើងពិតជាគ្មានអ្វីៗទាំងអស់នៅថ្ងៃនេះ។ ជ័យជំនះ ៧ មករា ជារបស់ប្រជាជនកម្ពុជាគ្រប់រូប និងជារបស់មនុស្សជាតិទាំងមូលដែលស្រលាញ់សន្តិភាព សេរីភាព និងយុត្តិធម៌។ នេះជាសច្ចធម៌ប្រវត្តិសាស្រ្ត ដែលគ្មានជនណា ឬកម្លាំងណាអាចមកបំភ្លៃ និងបំផ្លាញបានឡើយ។ គឺមានតែអ្នកស្រឡាញ់ របបប្រល័យពូជសាសន៍ប៉ុណ្ណោះ ដែលប្រឆាំងនឹងជ័យជំនះ ៧ មករា។ ក្រោមគោលនយោបាយឈ្នះ-ឈ្នះ របស់សម្តេចតេជោ ហ៊ុន សែន បាននាំប្រទេសជាតិ មានសុខសន្តិភាពពេញលេញ និងមានការអភិវឌ្ឍលើគ្រប់វិស័យក្នុងជំហានដ៏ស្វាហាប់ និងប្រកបដោយមោទនភាព»

បន្ថែមពីនេះ លោករដ្ឋមន្ត្រី លឹម គានហោ បានលើកឡើងថា ជួបជុំគ្នាថ្ងៃនេះប្រមាណជិត ២ពាន់នាក់ ក៏ពិតមែន ប៉ុន្តែយើងជួបជុំគ្នាជាតំណាងឱ្យវ័យចាស់វ័យកណ្តាល និងវ័យក្មេង ជាតំណាងឱ្យកសិករ កម្មករ-កម្មការិនី ជាងសំណង់ អាជីវករ អ្នកផ្តល់សេវាក្រៅប្រព័ន្ធ មន្ត្រីរាជការ គ្រូបង្រៀន គ្រូពេទ្យ អតីតយុទ្ធជន នីវត្តជន និស្សិត សិស្សានុសិស្ស ជាតំណាងឱ្យពុទ្ធសាសនិក ឥស្លាមសាសនិក និងសាសនិកសាសនាឯទៀតៗ ជាតំណាងឱ្យបញ្ញវន្ត អ្នកបច្ចេកទេស។ល។ ជាតំណាងឱ្យអ្នកធ្លាប់រស់នៅក្នុងរបបប្រល័យពូជសាសន៍ ប៉ុល ពត និងអ្នកដែលទើបកើតក្រោយថ្ងៃ ៧ មករា ១៩៧៩ ដើម្បីបង្ហាញសាធារណមតិជាតិ និងអន្តរជាតិឱ្យឃើញកាន់តែច្បាស់នូវគោលជំហរដ៏ត្រឹមត្រូវរបស់រាជរដ្ឋាភិបាលដែលដឹកនាំដោយគណបក្ស ប្រជាជនកម្ពុជា ក្នុងការការពារសន្តិភាព ឯករាជ្យ និងអធិបតេយ្យជាតិ សេដ្ឋកិច្ចសង្គម លើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាជន ពង្រឹងលទ្ធិប្រជាធិបតេយ្យនិងនីតិរដ្ឋ។ យើងប្តេជ្ញាជំរុញការកែទម្រង់លើគ្រប់វិស័យ បង្កើនជំនឿ និងការគាំទ្ររបស់ប្រជាជន មកលើកគណបក្សប្រជាជនកម្ពុជា។

អង្គពិធី បានប្តេជ្ញាជាធ្លុងមួយ បន្តថែរក្សាឱ្យបានជាដាច់ខាតនូវសុខសន្តិភាព សម្រាប់បន្តការកសាង និងអភិវឌ្ឍកម្ពុជាឱ្យមានការរីកចម្រើនកាន់តែខ្លាំងក្លាថែមទៀត និងប្រកបដោយចីរភាព និងសូមអរគុណសន្តិភាព អរគុណនយោបាយឈ្នះ-ឈ្នះ មានសន្តិភាព ទើបយើងមានអ្វីៗដូចសព្វថ្ងៃនេះ៕