(ឧត្តរមានជ័យ)៖ កាលពីរសៀលថ្ងៃសុក្រ ត្រូវនឹងថ្ងៃទី៦ ខែមករា ឆ្នាំ២០២៣ នាយឧត្តមសេនីយ៍ ខេង សុមេធ អគ្គស្នងការរងនគរបាលជាតិ និងជាមេបញ្ជាការនគរបាលជាតិប្រចាំភូមិភាគទី៤-៥ ទីតំណាងនាយឧត្តមសេនីយ៍សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ, លោក ប៉ែន កុសល្យ អភិបាលខេត្ត និងលោក ស៊ី ប្រាសិទ្ធ ប្រធានក្រុមប្រឹក្សាខេត្ត បានអញ្ជើញជាអធិបតី ក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការនូវសមិទ្ធផលនានា របស់ស្នងការដ្ឋាននគរបាលខេត្តឧត្តរមានជ័យ។
ជាកិច្ចចាប់ផ្តើម លោកឧត្តមសេនីយ៍ទោ ហួត សុធី ស្នងការនគរបាលខេត្តឧត្តរមានជ័យ បានឡើងធ្វើរបាយការណ៍ស្វាគមន៍ ដោយសំដែងនូវភារវកិច្ចនាយឧត្តមសេនីយ៍ ខេង សុមេធ ដែលបានចំណាយពេលដ៏តម្លៃ និងមមាញឹកផ្ដល់កិត្តិយស អញ្ជើញជាអធិបតីក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការនូវសមិទ្ធផលនានា របស់ស្នងការដ្ឋាននគរបាលខេត្តឧត្ដរមានជ័យ និងពិធីសំណេះសំណាលសួរសុខទុក្ខដល់កងកម្លាំងនគរបាល មន្រ្តីនគរបាលចូលនិវត្តន៍ នាឱកាសដ៍ថ្លៃថ្លានេះ។
ក្នុងឱកាសដ៍វិសេសវិសាលនេះ លោកឧត្តមសេនីយ៍ទោ ហួត សុធី បានរាយការណ៍សង្ខេបអំពីសភាពការណ៍ និងកិច្ចប្រតិបត្តិការរក្សាសន្តិសុខ សណ្តាប់ធ្នាប់សង្គម ក្នុងឆ្នាំ២០២២ កន្លងមកដូចខាងក្រោម៖
ទី១៖ សភាពការណ៍សន្តិសុខ ស្ងប់ស្ងាត់ ធានាបានសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់សង្គម ល្អប្រសើរ ដោយឡែកចំពោះបញ្ហាវីរុសកូវីដ-១៩ បានណែនាំអប់រំដល់កងកម្លាំងក្រោមឱវាទត្រូវតែបន្តគោរពតាមវិធានការសុខាភិបាល និងតាមអនុសាសន៍ដ៍ថ្លៃថ្លារបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ៣កុំ ៣ការពារ ជាប់ជាប្រចាំ ហើយបានធ្វើការផ្សព្វផ្សាយដល់ប្រជាពលរដ្ឋចេះរក្សាអនាម័យដើម្បីសុខភាពរៀងៗខ្លួន។
ទី២៖ លទ្ធផលបង្ក្រាបបទល្មើសព្រហ្មទណ្ឌ៖ បង្ក្រាបបានចំនួន ៣០ករណី លើ ៣២ករណី ស្មើ៩៤% នៃបទល្មើសរួម ធ្វើការឃាត់ខ្លួនជនល្មើស ៥៣នាក់ ស្រី ០១នាក់ និងបានដកហូតវត្ថុតាង រថយន្ត ០១គ្រឿង ម៉ូតូ ០៤គ្រឿង ទូរស័ព្ទដៃ ១២គ្រឿង និងសម្ភារផ្សេងៗមួយចំនួនទៀត បានរៀបចំសំណុំរឿងបញ្ជូនទៅសាលាដំបូងផ្តន្ទាទោសតាមផ្លូវច្បាប់រួចរាល់។
ទី៣៖ កិច្ចប្រតិបត្តិការបង្ក្រាបបទល្មើសជួញដូរ-ចែកចាយគ្រឿងញៀន បង្ក្រាបបានចំនួន ៣៣ លើ ៦៨ករណី ថយចុះ ៣៥ករណី ធៀបនឹងឆ្នាំ២០២១ ក្នុងនោះមាន៖ ជួញដូរ ចែកចាយ ២០ករណី ប្រើប្រាស់ ១៣ករណី ឃាត់ខ្លួនជនល្មើស ចំនួន ៦២នាក់ ស្រី ១៨នាក់ ដកហូតវត្ថុតាង ថ្នាំញៀនប្រភេទមេតំហ្វេតាមីន(ICE) ចំនួន ២៨៥៨,៨៦ក្រាម, រថយន្ត ចំនួន ០៣គ្រឿង, ម៉ូតូ ចំនួន ១០គ្រឿង, គោយន្ត ០១គ្រឿង, ទូរស័ព្ទដៃ ៤២គ្រឿង, អាវុធ AK ០១ដើម និងសម្ភារថវិកាមួយចំនួន បញ្ជូនទៅកាន់សាលាដំបូងចាត់ការតាមច្បាប់។
ទី៤៖ ការបង្ក្រាបក្មេងទំនើង សរុបចំនួន ១៣ លើក ឃាត់ខ្លួន ៥៣នាក់ ស្រី ០២នាក់ ក្នុងនោះអនុវត្តវិធានការច្បាប់ ១៦នាក់ និងវិធានការអប់រំ ៣៧នាក់។
ទី៥៖ បង្ក្រាបល្បែងស៊ីសងខុសច្បាប់ ០៨លើក ឃាត់ខ្លួនធ្វើការអប់រំមនុស្សប្រុស-ស្រី ចំនួន ១៦នាក់។
ទី៦៖ ការងារចរាចរណ៍៖ គ្រោះថ្នាក់ចរាចរណ៍កើតឡើង ចំនួន ៣២ លើ ៣៥លើក ធៀបនឹងឆ្នាំ២០២១ថយចុះ ០៣លើក (ស្មើ៩%) បណ្តាលឱ្យស្លាប់ ចំនួន ១២នាក់ ថយចុះ ០៥នាក់ របួស ចំនួន ៦៧នាក់, ខូចរថយន្ត ១៣គ្រឿង, ម៉ូតូ ៣៦គ្រឿង, គោយន្តកន្ត្រៃ ០៤គ្រឿង និងមធ្យោបាយផ្សេងៗទៀត និងធ្វើការពន័យអន្តរការណ៍លើយានយន្តល្មើសសរុប ១៣៨៥គ្រឿង។
ទី៧៖ អំពីគ្រោះថ្នាក់ផ្សេងៗ៖ កើតឡើងចំនួន៤៥ លើ ៥៦លើក មានការថយចុះចំនួន ១១ លើក បណ្តាលឱ្យមនុស្សស្លាប់ចំនួន ២៩នាក់, របួស ០៩នាក់, ឆេះផ្ទះ ០៦ខ្នង, រលំផ្ទះ និងរបើកដំបូល សរុប ១០ខ្នង គ្រោះថ្នាក់ទាំងអស់ខាងលើ គណៈបញ្ជាការឯកភាពរដ្ឋបាល ខេត្ត និងក្រុង-ស្រុក បានចុះជួយចែករំលែកទុក្ខ និងធ្វើការដោះស្រាយជូនប្រជាពលរដ្ឋរួចរាល់។
ទី៨៖ ការងារអត្តសញ្ញាណកម្ម៖ បានផលិតអត្តសញ្ញាណប័ណ្ណជូនប្រជាពលរដ្ឋប្រើប្រាស់ចំនួន ៩៧០ នាក់ ស្រី ៤៦៦៥នាក់, បានផ្តល់សៀវភៅស្នាក់នៅ (ក២) ចំនួន ៣៨៣៧គ្រួសារ និងផ្តល់សៀវភៅគ្រួសារ(ក៤) ២៦៣៤គ្រួសារ។
ទី៩៖ ការងារអនុវត្តគោលនយោបាយ ភូមិ-ឃុំមានសុវត្ថិភាព៖ បានធ្វើការផ្សព្វផ្សាយគោលនយោបាយ ភូមិ-ឃុំមានសុវត្ថិភាព និងធ្វើវេទិកាសាធារណៈចំនួន ៩១៣លើក អ្នកចូលរួម ៦៦១៤៨នាក់ស្រី ៣៥៨៧៣នាក់។
ទី១០៖ ការងារព្រំដែន៖ សភាពការណ៍តាមបណ្តោយព្រំដែន របស់ខេត្តឧត្តរមានជ័យជាប់ជាមួយប្រទេសថៃមានបញ្ហាប្រឈមខ្លះៗ តែកម្លាំងយើងបានជួបពិភាក្សាដោះស្រាយជាមួយភាគីថៃដោយសន្តិវិធី ធ្វើឪ្យចំណងមិត្តភាពរក្សាបានល្អប្រសើរ។ កងកម្លាំងនៃវរសេនាតូចនគរបាលការពារព្រំដែនគោកទាំងពីរ សហការជិតស្និទ្ធជាមួយកងយោធពលខេមរភូមិន្ទការពារបានគង់វង្សនូវបូរណភាពទឹកដី អធិបតេយ្យភាពជាតិ និងបង្គោលសីមាបានឯកភាពគ្នារួចរាល់ ក្នុងនោះដើរល្បាត ចំនួន ១២៣៩លើក សភាពការណ៍ស្ងប់ស្ងាត់ល្អប្រសើរ៕