(ភ្នំពេញ)៖ ថ្ងៃទី៧ ខែមករា ឆ្នាំ២០២៣នេះ មានរយៈពេល ៤៤ឆ្នាំហើយ ដែលប្រទេសកម្ពុជាត្រូវបានរំដោះចេញពីរបបប្រល័យពូជសាសន៍ ប៉ុល ពត របបកាប់សម្លាប់ប្រជាពលរដ្ឋយ៉ាងឃោរឃៅ។
ថ្ងៃជ័យជម្នះ «៧មករា» ជាថ្ងៃដែលប្រជាពលរដ្ឋនៅទូទាំងប្រទេស បានសាទរយ៉ាងកងរំពង ព្រោះជាថ្ងៃដែលជីវិតរបស់ពួកគេ ត្រូវបានរំដោះ ចេញពីអន្លង់មរណៈនៃបនប្រល័យពូជសាសន៍ប៉ុលពត។ ប៉ុន្តែថ្ងៃជ័យជម្នះ មិនត្រូវបានសាទរដោយក្រុមអ្នកនយោបាយ ដែលប្រឆាំងនឹងគណបក្ស ប្រជាជនកម្ពុជា កំពុងដឹកនាំប្រទេសនោះឡើយ។ ពួកគេបានព្យាយាម បំភ្លៃ និងព្យាយាមសាបព្រោះថា ថ្ងៃជ័យជម្នះ «៧មករា» ជាថ្ងៃដែល វៀតណាម ចូលមកឈ្លានពានប្រទេសកម្ពុជាទៅវិញ។
ក្នុងពិធីសម្ពោធសមិទ្ធផលក្នុងវត្តមួយនៅស្រុកឆ្លូង ខេត្តក្រចេះ លោកបណ្ឌិត ហ៊ុន សែន សមាជិកអចិន្ត្រៃយ៍គណបក្សប្រជាជនកម្ពុជា និងជាបេក្ខភាពនាយករដ្ឋមន្ត្រីបន្តវេនរបស់គណបក្សប្រជាជនកម្ពុជា បានលើកបង្ហាញនូវទិដ្ឋភាពមួយចំនួន ដើម្បីវែកញែកថា តើថ្ងៃ «៧មករា» ជាថ្ងៃរំដោះ ឬជាថ្ងៃដែលវៀតណាម ចូលមកឈ្លានពាន?
លោកបណ្ឌិត ហ៊ុន ម៉ាណែត បានចោទសួរថា តើនៅមុនពេលរំដោះថ្ងៃទី៧ ខែមករា ឆ្នាំ១៩៧៩ តើរបបកម្ពុជាប្រជាធិបតេយ្យ ឬរបបខ្មែរក្រហម ឈប់សម្លាប់ប្រជាពលរដ្ឋហើយឬនៅ?
យោងតាមការសាកសួរប្រជាពលរដ្ឋជាសាក្សីឆ្លងកាត់របបនោះ បានគូសបញ្ជាក់ថា រហូតដល់ចុងឆ្នាំ១៩៧៨ របបខ្មែរក្រហម គឺនៅតែបន្តកាប់សម្លាប់ប្រជាពលរដ្ឋ មិនទាន់មានគោលនយោបាយ បញ្ឈប់ការសម្លាប់ប្រជាពលរដ្ឋនៅឡើយនោះទេ។ ដូច្នេះបើមិនមានចលនារំដោះទេនោះ ប្រជាពលរដ្ឋខ្មែរនៅតែរង ការកាប់សម្លាប់ ឬស្លាប់ដោយសារការធ្វើទារុណកម្មនានា នៅក្នុងរបបនោះ។
លោកបណ្ឌិត ហ៊ុន ម៉ាណែត បានគូសបញ្ជាក់យ៉ាងដូច្នេះ «ការផ្តួលរំលំខ្មែរក្រហម បញ្ចប់នូវរបបប្រល័យពូជសាសន៍ បញ្ចប់ការគ្រប់គ្រងប្រទេសរបស់ ប៉ុល ពត នៅឆ្នាំ១៩៧៩ បានដេញខ្មែរក្រហមឱ្យឈប់សម្លាប់មនុស្ស ស្មើនឹងជួយសង្គ្រោះជីវិតមនុស្សជាង ៥លាននាក់។ នេះជាការពិត»។
លោកបណ្ឌិតបន្តថា «ចង់អ្នកឯងថា ជារឿងចងកំហឹង ជាសិទ្ធិរបស់អ្នកឯង។ ប៉ុន្តែសួរថា តើផលពីការផ្តួលរំលំរបបប្រល័យពូជសាសន៍ដោយរណសិរ្សសាមគ្គីសង្គ្រោះជាតិ គាំទ្រដោយកងទ័ពវៀតណាមស្ម័គ្រចិត្ត បានដេញអាពតចេញ ឱ្យឈប់សម្លាប់មនុស្ស ការពារមនុស្ស៥លាននាក់ទេ? បើសិនជាផលការពារជីវិត៥លាននាក់នេះ មិនឱ្យអាពតសម្លាប់បន្តទៅទៀត ហ្នឹងហើយជាជោគជ័យរបស់ជាតិយើង»។
លោកបណ្ឌិត ហ៊ុន ម៉ាណែត ក៏បានលើកបង្ហាញផងដែរ នូវទិដ្ឋភាពថា តើថ្ងៃរំដោះ «៧ មករា ១៩៧៩» ជាថ្ងៃដែលវៀតណាម ឈ្លានពានឬយ៉ាងណា?
លោកបណ្ឌិត បានលើកឡើងថា ការផ្តួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត មិនអាចធ្វើទៅបាននោះឡើយ បើគ្មានការជួយគាំទ្រពីទ័ព ស្ម័គ្រចិត្តវៀតណាមទេនោះ ព្រោះថាពេលនោះចលនាតស៊ូរបស់កម្ពុជា ដែលមានរង្វង់ត្រឹមជាង ១ម៉ឺននាក់ មិនអាចវាយផ្តួលរបបខ្មែរក្រហម បាននោះឡើយ។
ជាមួយគ្នានេះ អង្គការអន្តរជាតិ ក៏មិនមានគោលនយោបាយលើកកម្លាំងវាយផ្តួលរំលំរបបខ្មែរក្រហមនោះឡើយ បើទោះបីគេដឹងពីការរងគ្រោះ របស់ពលរដ្ឋខ្មែរតាម រយៈជនភៀសខ្លួនក៏ដោយនោះ។ នេះបើយោងតាមអ្នកការទូតបរទេសមួយរូប បញ្ជាក់ប្រាប់លោក ហ៊ុន ម៉ាណែត។
លោក ហ៊ុន ម៉ាណែត បានលើកឡើងទៀតថា ពេលនោះកម្ពុជា គ្មានជម្រើសណា ក្រៅពីពឹងវៀតណាម ឬប្រទេសថៃ ក្នុងការជួយវាយផ្តួលរបបខ្មែរក្រហមនោះឡើយ។
លោកបណ្ឌិត ហ៊ុន ម៉ាណែត បានលើកជាឧទាហរណ៍ថា ស្ថានភាពពលរដ្ឋខ្មែរក្នុងរបបខ្មែរក្រហម គឺប្រៀបដូចជាស្ថានភាពមនុស្ស កំពុងលិចទូកកណ្តាលសាគរអ៊ីចឹង។ ពេលកំពុងលិចទូកគំរាមដល់អាយុជីវិតទៅហើយ ហើយឃើញទូកតូចអាចជួយសង្គ្រោះជីវិតបានទៅហើយ តើត្រូវឡើងទូកតូចរំដោះជីវិតសិន ឬរង់ចាំទូកធំដែលមិនដឹងមកដល់នៅពេលណានោះ?
«ប្រជាពលរដ្ឋខ្មែររត់ទៅពឹងទាំងអស់ឱ្យតែមកជួយ។ ដូចអ្នកលិចទូកកណ្តាលសមុទ្រ ប៊ិះស្លាប់ហើយ ប៉ុន្មានថ្ងៃនៅក្នុងទឹកហ្នឹងហើយ។ ស្រាប់តែថ្ងៃមួយមានទូកតូចមួយមក តើយើងសួរទេ ទូកតូចពេកខ្ញុំអត់យកទេ ចាំកប៉ាល់ធំមក សុវត្ថិភាពជាង មិនដឹងកប៉ាល់ហ្នឹងថ្ងៃណាមក? ឬសួរទូកនេសាទរបស់អី? អត់មានសួរទេ មិនចឹងហ្អេ? របស់អីក៏ដោយ ជនជាតិអីក៏ដោយ ឡើងជិះសិន»។ នេះជាការលើកបង្ហាញនូវទិដ្ឋភាព និងឧទាហរណ៍ជុំវិញការពឹងវៀតណាម។
លោកបណ្ឌិត ហ៊ុន ម៉ាណែត បន្តថា «អ៊ីចឹងថ្ងៃ៧ មករា ១៩៧៩, ៧ មករា ២០២៣ និង ៧ មករា រាប់ឆ្នាំទៅមុខទៀត គឺនៅតែមានអត្ថន័យដដែល ជាថ្ងៃដែលប្រជាពលរដ្ឋយើង បានរស់រៀនមានជីវិតឡើងវិញ។ ប្រទេសជាតិយើង បានរួមគ្នាឈានទៅបញ្ចប់សង្គ្រាមឆ្នាំ១៩៩៨ ដែលយើងឯកភាពជាតិ កសាងប្រទេសឡើងវិញ»។
លោក ហ៊ុន ម៉ាណែត បានលើកឡើងផងដែរថា ថ្ងៃជ័យជម្នះ ៧ មករា ដ្បិតដឹកនាំចលនាដោយថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជា តែជាផលប្រយោជន៍សម្រាប់ប្រជាពលរដ្ឋខ្មែរគ្រប់រូប៕