(ភ្នំពេញ)៖ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងក្រសួងបរិស្ថាន នៅថ្ងៃទី០៦ ខែមករា ឆ្នាំ២០២៣នេះ បានចេញសេចក្ដីជូនដំណឹងរួមគ្នាមួយ ស្ដីពីវិធានការការពារ និងទប់ស្កាត់ភ្លើងឆេះព្រៃ បន្ទាប់ពីក្រសួងបានកត់សម្គាល់ឃើញថា ភ្លើងឆេះព្រៃរៀងរាល់ឆ្នាំបានបង្កឲ្យមានបញ្ហាដល់ការបាត់បង់ធនធានព្រៃឈើ ព្រៃលិចទឹក និងធនធានធម្មជាតិក្នុងតំបន់ការពារ។
ក្នុងសេចក្ដីជូនដំណឹងដែលបណ្ដាញព័ត៌មាន Fresh News ទទួលបានក្រសួងទាំងពីរ បានមើលឃើញទៀតថា កត្ដាចម្បងដែលបង្កឲ្យមានភ្លើងឆេះព្រៃញឹកញាប់បំផុតនារដូវប្រាំង មានជាអាទិ៍ ការកាប់ឆ្ការដុតរានព្រៃដើម្បីដាំដំណាំកសិកម្មផ្សេងៗ ការធ្វើកសិកម្មពនេចរ ការទន្ទ្រានដីព្រៃដើម្បីតាំងលំនៅឋានខុសច្បាប់ ការទន្ទ្រានកាន់កាប់ដីរដ្ឋខុសច្បាប់ ការដុតព្រៃដើម្បីចាប់សត្វ ការបន្សល់ដើមភ្លើងនៅក្នុងព្រៃ ដោយការធ្វេសប្រហែសរបស់មនុស្សជាដើម។
ដោយមើលឃើញពីកត្ដាទាំងអស់នេះ ក្រសួងកសិកម្ម និងក្រសួងបរិស្ថាន បានធ្វើការណែនាំនូវវិធានការសំខាន់ៗ ចំនួន៨ចំណុច ដើម្បីក្រសួង ស្ថាប័ន និងអង្គភាពដែលមានការពាក់ព័ន្ធរួមគ្នាអនុវត្ត។
ខាងក្រោមនេះ ជាសេចក្ដីជូនដំណឹង៖