(ភ្នំពេញ)៖ អគ្គនាយកដ្ឋានជំរុញពាណិជ្ជកម្ម នៃក្រសួងពាណិជ្ជកម្ម និងអគ្គនាយករងនៃមន្ទីរពាណិជ្ជកម្ម តំបន់ស្វយ័តក្វាងស៊ី នៃសាធារណរដ្ឋប្រជាមានិតចិន នៅថ្ងៃទី៦ ខែមករា ឆ្នាំ២០២៣នេះ បានរៀបចំវេទិកាស្ដីពី «ការជំរុញពាណិជ្ជកម្ម និងវិនិយោគកម្ពុជា-ចិន (ខេត្តក្វាងស៊ី)» ដើម្បីឲ្យវិនិយោគិនរបស់កម្ពុជា និងចិន បានពិភាក្សាគ្នាក្នុងការស្វែងរកឱកាសវិនិយោគ និងជំរុញពាណិជ្ជកម្មនៃប្រទេសទាំង២។
វេទិកានេះរៀបចំឡើងក្រោមការចូលរួមពីលោក កៅ កោសល អគ្គនាយកជំរុញពាណិជ្ជកម្ម នៃក្រសួងពាណិជ្ជកម្ម លោក FU Jinming អគ្គនាយករងនៃមន្ទីរពាណិជ្ជកម្មតំបន់ស្វយ័តក្វាងស៊ី នៃសាធារណរដ្ឋប្រជាមានិតចិន ព្រមទាំងវិនិយោគិននៃប្រទេសទាំងពីរជាច្រើនរូប។
វេទិការស្ដីពី «ការជំរុញពាណិជ្ជកម្ម និងវិនិយោគកម្ពុជា-ចិន (ខេត្តក្វាងស៊ី)» នេះរៀបចំឡើង ក្នុងដំណើរនៃទស្សនកិច្ចរបស់គណៈប្រតិភូ សភាពាណិជ្ជកម្មជនជាតិជាំងក្វាស៊ីមកកម្ពុជា និងក្នុងបំណងជួបពិភាក្សាការងារសិក្សាលទ្ធភាព ក្នុងការសហការ និងស្វែងរកឱកាសក្នុងការវិនិយោគ ដើម្បីពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម ដោយផ្សារភ្ជាប់ទំនាក់ទំនងរវាងប្រទេសទាំងពីរ។
លោក កៅ កោសល បានថ្លែងឲ្យដឹងថា ក្នុងនាមអគ្គនាយកដ្ឋានជំរុញពាណិជ្ជកម្មពិតជារីករាយ ដោយមានការចូលរួមពី លោក FU Jinming ក្នុងពិធីបើកវេទិកាស្តីពី «ការជំរុញពាណិជ្ជកម្ម និងវិនិយោគកម្ពុជា-ចិន (ខេត្តក្វាងស៊ី)» និងសូមថ្លែងអំណរគុណចំពោះរដ្ឋាភិបាល វិនិយោគិន ធុរជន និងប្រជាជនចិន ដែលគាំទ្រដល់ការជំរុញការអភិវឌ្ឍសេដ្ឋកិច្ច ពាណិជ្ជកម្ម និងវិនិយោគនៅប្រទេសកម្ពុជា។
លោកបញ្ជាក់ថា រយៈពេលជាង១០ឆ្នាំចុងក្រោយមុនវិបត្តិកូវីដ១៩ កម្ពុជាបានសម្រេចកំណើនសេដ្ឋកិច្ចខ្ពស់ ក្នុងរង្វង់៧ភាគរយក្នុងមួយឆ្នាំក៏ដូចជា សម្រេចបាននូវការកាត់បន្ថយនូវភាពក្រីក្រ និងវិសមភាពក្នុងសង្គម គួរឱ្យកត់សម្គាល់ លើមូលដ្ឋាននេះកម្ពុជាបានប្រែក្លាយខ្លួន ជាប្រទេសមានចំណូលមធ្យមកម្រិតទាបកាលពីឆ្នាំ២០១៥កន្លងទៅ។
លោក កៅ កោសល បានឲ្យដឹងទៀតថា «សមិទ្ធិផលទាំងអស់នេះ បានជំរុញឱ្យកម្ពុជាកំណត់ចក្ខុវិស័យ និងបំណងប្រាថ្នារយៈពេលវែង សំដៅឈានឡើងទៅជាប្រទេសដែលមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងទៅជាប្រទេសដែលមានចំណូលខ្ពស់នៅឆ្នាំ២០៥០ខាងមុខ»។
លោកបានថ្លែងបញ្ជាក់ថា «ចំពោះពាណិជ្ជកម្មទ្វេភាគី ខ្ញុំសូមជម្រាបជូនអង្គវេទិកាជ្រាបថា ទំហំពាណិជ្ជកម្មសរុបកម្ពុជា-ចិនក្នុងឆ្នាំ២០២១ សម្រេចបានទំហំទឹកប្រាក់ប្រមាណ ១១.១៩៤លានដុល្លារអាមេរិក ក្នុងនោះកម្ពុជានាំចេញទៅប្រទេសចិនបានជាង ១.៥១០ លានដុល្លារអាមេរិក និងនាំចូលពីប្រទេសចិនមកវិញជាង ៩.៦៨៤ លានដុល្លារអាមេរិក ជាមួយនឹងកំណើនប្រមាណ ៣៨% បើធៀបនឹងឆ្នាំ២០២០»។
លោកបានបន្ដថា បន្ថែមពីនេះកម្ពុជាបានបន្តធ្វើកិច្ចសហប្រតិបត្តិការ ជាមួយប្រទេសចិន លើកិច្ចការជាច្រើនទាក់ទងនឹង
ពាណិជ្ជកម្មដូចជា បានបង្កើតមជ្ឈមណ្ឌលពាណិជ្ជកម្មឯកជនកម្ពុជា ចំនួន៩ទីតាំងនៅតាមទីក្រុងធំៗ
មួយចំនួននៃប្រទេសចិន ដើម្បីផ្សព្វផ្សាយពីផលិតផលសក្តានុពលកម្ពុជា ផ្សព្វផ្សាយពីវប្បធម៌ ទេសចរណ៍ និងគោលនយោបាយពាណិជ្ជកម្ម និងវិនិយោគរបស់កម្ពុជា ព្រមទាំងជំរុញការនាំចេញទៅទីផ្សារចិន។
ថ្មីៗកន្លងទៅនេះកម្ពុជា-ចិនបានចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នា ស្តីពីការពង្រឹងកិច្ចសហប្រតិបត្តិការជំរុញ
ពាណិជ្ជកម្ម រវាងអគ្គនាយកដ្ឋានជំរុញពាណិជ្ជកម្ម នៃក្រសួងពាណិជ្ជកម្មកម្ពុជា និងមន្ទីរពាណិជ្ជកម្មនៃតំបន់
ស្វយ័តជនជាតិ ជាំងក្វាងស៊ី ប្រទេសចិន ក្នុងគោលដៅជំរុញផលិតផលសក្តានុពលកម្ពុជាទៅកាន់ទីផ្សារចិន
ក្នុងនោះនឹងជំរុញការនាំចេញដំឡូងមីស្ងួតកម្ពុជា៤០ម៉ឺនតោន ទៅកាន់ប្រទេសចិនក្នុងឆ្នាំ២០២២-២០២៣នេះ។
លោកបានបញ្ជាក់ទៀតថា កិច្ចសហប្រតិបត្តិការពាណិជ្ជកម្មកម្ពុជា-ចិន ត្រូវបានពង្រឹង និងពង្រីកជាបន្តបន្ទាប់ ក្រោមការដឹកនាំប្រកបដោយចក្ខុវិស័យ និងស្មារតីសហប្រតិបត្តិការរបស់ថ្នាក់ដឹកនាំកំពូល នៃប្រទេសទាំងពីរកម្ពុជា-ចិន ក្រោមក្របខ័ណ្ឌតំបន់ភាគីទាំងពីរបានចូលរួម បង្កើតកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីអាស៊ាន-ចិន និងជំរុញឲ្យសម្រេច បាននូវកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ច គ្រប់ជ្រុងជ្រោយតំបន់ (RCEP)។
ក្រោមក្របខ័ណ្ឌទ្វេភាគីកម្ពុជា និងចិនបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-ចិន កាលពីថ្ងៃទី១២ ខែតុលា ឆ្នាំ២០២០ កិច្ចព្រមព្រៀងនេះបានចូលជាធរមានកាលពីថ្ងៃទី១ ខែមករា ឆ្នាំ២០២២ កន្លងទៅ ដែលបានត្រួសត្រាយផ្លូវសម្រាប់ភាពជាដៃគូយុទ្ធសាស្ត្រ និងជំរុញកិច្ចសហប្រតិបត្តិការវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម និងវិនិយោគរវាងកម្ពុជា និងសាធារណរដ្ឋប្រជាមានិតចិន៕