(ភ្នំពេញ)៖ អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា នៅរសៀលថ្ងៃទី៦ ខែមករាឆ្នាំ២០២៣នេះ បានទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយគណៈប្រតិភូពាណិជ្ជកម្ម តំបន់ស្វយ័តជាំងក្វាងស៊ី នៃសាធារណរដ្ឋប្រជាមានិតចិន ដែលដឹកនាំដោយ លោក ហ្វ៊ូ ជីនមីង អគ្គនាយករងពាណិជ្ជកម្ម នៃតំបន់ស្វយ័តជាំងក្វាងស៊ី។
ជំនួបពិភាក្សានេះផ្តោតជាសំខាន់លើការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម និងវិនិយោគ រវាងប្រទេសទាំងពីរ។
អ្នកឧកញ៉ា គិត ម៉េង បានស្វាគមន៍យ៉ាងកក់ក្តៅ ចំពោះដំណើរទស្សនកិច្ចមកកាន់កម្ពុជា របស់គណៈប្រតិភូពាណិជ្ជកម្ម តំបន់ស្វយ័តជាំងក្វាងស៊ី និងបានគូសបញ្ជាក់ពីទំនាក់ទំនងយូរអង្វែង របស់ប្រទេសទាំងពីរ ជាពិសេស ទំនាក់ទំនងជិតស្និទ្ធរវាងតំបន់ស្វយ័តក្វាងស៊ី និងកម្ពុជា លើផ្នែកពាណិជ្ជកម្មនិងវិនិយោគ។
អ្នកឧកញ៉ាតែងដឹកនាំគណៈប្រតិភូសភាពាណិជ្ជកម្មកម្ពុជា ចូលរួមពិព័រណ៍ចិនអាស៊ាន ជារៀងរាល់ឆ្នាំនៅទីក្រុងណានីង ខេត្តក្វាងស៊ី។
អ្នកឧកញ៉ាក៏បានជម្រាប គណៈប្រតិភូអំពីកាលានុវត្តភាព និងសក្តានុពលសេដ្ឋកិច្ចកម្ពុជា ព្រមទាំងទីផ្សារដ៏ ទូលាយសម្រាប់ផលិតផលកម្ពុជា ដែលអាចនាំចេញទៅកាន់ទីផ្សារពិភពលោ កក្រោមក្របខណ្ឌកិច្ចព្រមព្រៀងភាពជាដៃគូ សេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់ (អាសិប) កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគីកម្ពុជា-ចិន កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគីកម្ពុជា-កូរ៉េ និងកិច្ចព្រមព្រៀងផ្សេងៗទៀត។
លោក ហ្វ៊ូ ជីនមីង បានថ្លែងអំណរគុណ ចំពោះអ្នកឧកញ៉ា គិត ម៉េង ដែលបានឆ្លៀតពេលដ៏មមាញឹកទទួលជួបពិភាក្សាជាមួយ គណៈប្រតិភូពាណិជ្ជកម្មតំបន់ស្វយ័តជាំងក្វាងស៊ី ក្នុងអំឡុងពេលទស្សនកិច្ចរបស់គណៈប្រតិភូ នៅព្រះរាជាណាចក្រកម្ពុជា និង ថ្លែងអំណរគុណ អ្នកឧកញ៉ាដែលតែងតែចូលរួម និងគាំទ្រពិព័រណ៍ចិន អាស៊ាននាពេលកន្លងមក ជាពិសេស គាំទ្រកិច្ចប្រជុំកំពូលអាសិបទាំងពីរលើក ឲ្យប្រព្រឹត្តទៅប្រកបដោយជោគជ័យ រួមបញ្ចូលទាំងសេចក្តីថ្លែងការណ៍ទីក្រុងណានីងផងដែរ។
លោកថា ជំនួបពិភាក្សាជាមួយសភាពាណិជ្ជកម្មកម្ពុជានាពេលនេះ ពិតជាផ្តល់នូវកាលានុវត្តភាពថ្មី រវាងកម្ពុជានិងចិន។ ក្នុងន័យនេះ
លោកគោរពអញ្ជើញ អ្នកឧកញ៉ាប្រធាន បំពេញទស្សនកិច្ចនៅខេត្តក្វាងស៊ី ក្នុងពេលវេលាសមស្រប និងអញ្ជើញអ្នកឧកញ៉ាប្រធានដឹកនាំគណៈប្រតិភូធុរកិច្ច ចូលរួមពិព័រណ៍ចិនអាស៊ាន ដែលនឹងប្រព្រឹត្តទៅនៅទីក្រុងណានីង ខេត្តក្វាងស៊ី ចាប់ពីថ្ងៃទី១៦ ដល់ថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៣។
ជាកិច្ចឆ្លើយតប អ្នកឧកញ៉ាប្រធាន បានគូសបញ្ជាក់ដូចខាងក្រោម៖
១៖ អ្នកឧកញ៉ានឹងដឹកនាំគណៈប្រតិភូសភាពាណិជ្ជកម្មកម្ពុជា បំពេញទស្សនកិច្ចធុរកិច្ចទៅខេត្តក្វាងស៊ី នៅខែមេសា ឆ្នាំ២០២៣
២៖ សភាពាណិជ្ជកម្មកម្ពុជា នឹងសហការរៀបចំ កិច្ចប្រជុំកំពូលធុរកិច្ចកម្ពុជា-ចិន ក្នុងឱកាសនៃពិព័រណ៍ចិន-អាស៊ាន ដែលប្រព្រឹត្តទៅនៅថ្ងៃទី១៦ ដល់ថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៣ ខាងមុខ ក្នុងគោលបំណងជំរុញពាណិជ្ជកម្ម និងវិនិយោគ នៃប្រទេសទាំងពីរ
៣៖ អ្នកឧកញ៉ាជំរុញ និងលើកទឹកចិត្ត សមាជិកសភាពាណិជ្ជកម្មកម្ពុជា ចូលរួមតាំងពិព័រណ៍ឲ្យបានច្រើន ក្នុងឱកាសនៃពិព័រណ៍ចិន-អាស៊ាន
៤៖ អ្នកឧកញ៉ា ស្នើតំបន់ស្វយ័តជាំងក្វាងស៊ី ជួយសម្រួលកាត់បន្ថយនីតិវិធី និង បែបបទនាំចេញផលិត ផលពីកម្ពុជា ក្រោមក្របខណ្ឌកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-ចិន៕