(ភ្នំពេញ)៖ នៅថ្ងៃ៧មករា ឆ្នាំ២០២៣នេះ ជាខួបលើកទី៤៤ នៃការរស់រានមានជីវិតឡើងវិញ យើងឃើញប្រជាជាតិខ្មែរ ទំាងក្នុងនិងក្រៅប្រទេស ប្រុស-ស្រី ក្មេង-ចាស់ បានប្រារព្វពិធីរំឭកខួបនៃការរស់រានមានជីវិតឡើងវិញ ដែលរួចផុតពីរបបប្រល័យពូជសាសន៍ប៉ុលពត យ៉ាងអធិកអធមនិងសប្បាយរីករាយ។ ទន្ទឹមនឹងនេះក៏មានអ្នកនយោបាយ ក៏ដូចជាសកម្មជននយោបាយខ្លះ តែងប្រកាសក្ដែងៗ ដោយចាត់ទុកថ្ងៃ ៧ មករា ជាថ្ងៃវៀតណាមចូលឈ្លានពានកម្ពុជាទៅវិញ។

តើថ្ងៃ៧មករា ជាថ្ងៃកំណើតទី២របស់ប្រជាជាតិខ្មែរឬយ៉ាងណា?

អ្នកជំនាញអារ្យធម៌ខ្មែរ លោក រត្ន័ សណ្ដាប់ បានថ្លែងថានៅថ្ងៃ៧មករា ឆ្នាំ ២០២៣នេះ ជាខួបលើកទី៤៤ ដែលសំដៅដល់ថ្ងៃរស់រានមានជីវិតទ្បើងវិញរបស់ប្រជាជាតិខ្មែរទាំងក្នុងនិងក្រៅប្រទេស ដោយបានរួចផុតពីរបបវាលពិឃាដដែលពោរពេញដោយគំនរឆ្អឹង ស្ទឹងឈាម នឹងសមុទ្ធទឹកភ្នែកនេះ គឺពិតជាថ្ងៃកំណើតជីវិតទី២របស់ប្រជាជាតិខ្មែរយើងយ៉ាងពិតប្រាកដ ។ ពីព្រោះសម័យនោះ គឺយើងម្នាក់ៗតែងបួងសួងដល់ព្រះពុទ្ធ ព្រះឥន្ទ ព្រះព្រហ្ម សូមជួយសង្គ្រោះជីវិតយើងឲ្យបានរួចផុតពីរបបប្រល័យសាសន៍ ដ៏សាហាវព្រៃផ្សៃនិងយង់ឃ្នងនេះ។

ហេតុនេះក្រោយថ្ងៃរំដោះ ៧មករា ឆ្នាំ១៩៧៩ ភ្លាមគឺយើងឃើញម្នាក់ៗ ដែលបានរស់រានមានជីវិតសល់ពីស្លាប់ ហើយអ្នកខ្លះមានភ័ព្ទសំណាងបានមកជុំប្ដីប្រពន្ធ កូនចៅ និងសាច់ញាត្ដិក្រុមគ្រួសារសាច់សាលោហិតវិញ នៅតាមភូមិ ឃុំកំណើត បានពោលពាក្យយ៉ាងរំភើបរីករាយថា «ឱព្រះអើយ!គឺជីវិតម្តាយថ្លៃ» នេះជាអត្តន័យប្រវត្តិសាស្ត្រនៃជីវិតយើងម្នាក់ៗ ដែលមិនអាចបដិសេធន៍បាន។

លោក រត្ន័ សណ្ដាប់ បន្ដថា ឈរលើព្រឹត្ដិការណ៍ថ្ងៃ៧មករា ដ៏វិសេសវិសាលនេះ ចំពោះសកម្មជននយោបាយ ក៏ដូចអ្នកនយោបាយខ្លះ ពិសេសខ្មែររស់នៅអាមេរិកាំងមួយចំនួនតូច ដែលតែងប្រកាសក្ដែងៗ តាមទំព័រ Facebook ឬ YouTube ដោយចាត់ទុកថ្ងៃ ៧ មករា ជាថ្ងៃដែលវៀតណាមចូលឈ្លានពានកម្ពុជា ឬទាត់ចោលថ្ងៃ៧មករាថាពុំបានរំដោះជីវិតខ្លួនឬយ៉ាងណាយ៉ាងណីនោះ គឺជាក្រុមមនុស្សពុំយល់ ពុំស្គាល់ ឬជាក្រុមមនុស្សវង្វេងប្រវត្តិសាស្ត្រខ្លួនឯង។ ព្រោះបើគ្មានថ្ងៃ៧មករា ទេគឺច្បាស់ជាបងប្អូនទាំងអស់ ពុំអាចមានភ័ព្ទវាសនាអាចរត់ភៀសខ្លួន ចេញពីប្រទេសនៅទសវត្សឆ្នាំ១៩៨០ ហើយបន្ដទៅអាមេរិក អឺរ៉ុប ឬបណ្ដាប្រទេសេផ្សេងទៀត មានចំនួនរាប់សែននាក់ដូចយើងឃើញសព្វថ្ងៃនេះបាននោះទេ។

បានន័យថា ពួកគេបដិសេធន៍ចោលអំពីរឿងរ៉ាវជីវិតខ្លួនឯង ក៏ដូចជាជីវិតប្ដីប្រពន្ធ ឪពុកម្ដាយ កូនចៅ បងប្អូន ក្រុមគ្រួសារសាច់ញាតិរបស់ខ្លួន និងប្រជាជាតិខ្មែរទូទាំងប្រទេស ដែលបានស្លាប់ក្នុងរបបខ្មែរក្រហម ។ បើពោលឲ្យចំទៅគឺពួកគេ បានបដិសេធន៍ចោលទាំងងងឹតងងុល អំពីប្រវត្ដិសាស្រ្ដរបបប្រល័យពូជសាសន៍ប៉ុលពតហ្នឹងឯង។

ជាចុងក្រោយលោក រត្ន័ សណ្ដាប់ បញ្ជាក់ថា ដូច្នេះគឺថ្ងៃ៧ មករា ជាថ្ងៃសង្រ្គោះអាយុជីវិតប្រជាជនដែលនៅសេសសល់ពីការកាប់សម្លាប់រង្គាលបានទាន់ពេលវេលា, បាននាំមកជូនប្រជាជាតិវិញនូវសិទ្ធិសេរីភាព ការរស់រានមានជីវិតនិងសិទ្ធិសេរីភាពគ្រប់យ៉ាង ដែលត្រូវបាត់បង់ទាំងស្រុងក្នុងរបបប៉ុល ពត, បានធ្វើឲ្យរាល់តម្លៃទាំងខាងស្មារតី និងសម្ភារៈរបស់ប្រជាជាតិខ្មែរ ដែលត្រូវបានកសាងពូនផ្តុំនៅក្នុងប្រវត្តិសាស្រ្តរាប់ពាន់ឆ្នាំមកហើយរបស់ខ្លួននោះ បានរស់ឡើងវិញ និងបានរួមវិភាគទានចូលរួមយ៉ាងសកម្ម ក្នុងការរក្សាសន្តិភាព និងសន្តិសុខក្នុងតំបន់ ហៅថា «សម្ដេចតេជោ ហ៊ុន សែន ជាបិតាសន្ដិភាព»

ដូច្នេះថ្ងៃ៧ មករា បានផ្តល់កំណើតទីពីរ ដល់ប្រជាជនកម្ពុជានិងបានផ្តល់ក្តីសង្ឃឹមចំពោះអនាគត របស់ប្រទេសជាតិ នេះជាសច្ចធម៌ប្រវត្តិសាស្រ្តដែលគ្មានកម្លាំងណាអាចមកបំភ្លៃ បំផ្លើស និងបំផ្លាញបានឡើយ៕