(ភ្នំពេញ)៖ ក្រសួងពាណិជ្ជកម្ម និងក្រុមហ៊ុនឡានតុន ក្លៅ សឺវីស ថេកណូឡូជី ដែលជាក្រុមហ៊ុនបច្ចេកវិទ្យារបស់ចិន បានបើកកិច្ចសហការជាមួយគ្នា ដើម្បីពង្រីកការធ្វើពាណិជ្ជកម្មតាម ប្រព័ន្ធអេឡិចត្រូនិកឱ្យកាន់តែទូលំទូលាយ។ ជាពិសេសអាចពង្រីកផលិតផលរបស់កម្ពុជាទៅកាន់ប្រទេសចិន និងប្រទេសដទៃទៀត ឱ្យបានកាន់តែច្រើន។
នៅថ្ងៃទី០៦ ខែមករា ឆ្នាំ២០២៣នេះ លោក ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម និងលោកបណ្ឌិត លី គន់ (LI KUN) ប្រធានក្រុមប្រឹក្សាភិបាល ក្រុមហ៊ុនឡានតុន ក្លៅ សឺវីស ថេកណូឡូជី ព្រមទាំងសហការី បានជួបពិភាក្សារិះរកយន្តការពង្រីក កិច្ចសហប្រតិបត្តិការនេះឱ្យកាន់តែល្អប្រសើរ។
ក្នុងជំនួបនោះ លោក ប៉ាន សូរស័ក្តិ បានសម្តែងសេចក្តីសោមនស្សរីករាយ និងស្វាគមន៍យ៉ាងកក់ក្តៅ ជូនចំពោះលោកបណ្ឌិត លី គន់ និងសហការី ដែលបានស្នើសុំការគាំទ្រ និងកិច្ចសហការពីក្រសួងពាណិជ្ជកម្ម ក្នុងការជំរុញសកម្មភាពពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិកនៅក្នុងប្រទេសកម្ពុជា តាមរយៈកម្មវិធី Lanton App របស់ខ្លួន។ ក្នុងនោះរួមបញ្ចូលការផ្សព្វផ្សាយអំពីផលិតផលកម្ពុជា ការទូទាត់ប្រាក់តាមប្រព័ន្ធអេឡិចត្រូនិក ការងារពាក់ព័ន្ធនឹងការដឹកជញ្ជូន និងរក្សាទុកផលិតផល ការសម្របសម្រួលលើនីតិវិធីនៃការបង់ពន្ធគយ និងការងារពាក់ព័ន្ធមួយចំនួនទៀត។
ឆ្លៀតក្នុងឱកាសនេះ លោករដ្ឋមន្ត្រី បានមានប្រសាសន៍រំលឹកផងដែរ អំពីសក្តានុពលនៃកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-ចិន និងកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់ (RCEP) ក្នុងការជំរុញនូវសកម្មភាពសេដ្ឋកិច្ចតាមរយៈការនាំចេញផលិតផលពីប្រទេសកម្ពុជា ទៅកាន់ទីផ្សារប្រទេសចិន និងពិភពលោក។ ផលិតផលទាំងនោះមានដូចជាផ្លែមៀនប៉ៃលិន ចេក គ្រាប់ស្វាយចន្ធី និងអាហារកញ្ចាប់ផ្សេងទៀត ដែលផលិតចេញពីផលិតផលកសិកម្មកម្ពុជា។
លោករដ្ឋមន្ត្រី ក៏បានជម្រាបគណៈប្រតិភូក្រុមហ៊ុនអំពីសក្តានុពល នៃផលិតផលកសិកម្មរបស់កម្ពុជា និងតម្រូវការនៃការវិនិយោគបន្ថែម លើការកែច្នៃដើម្បីនាំចេញទៅក្រៅប្រទេស។
លើសពីនេះ លោករដ្ឋមន្ត្រីពាណិជ្ជកម្ម បានណែនាំ និងប្រគល់ភារកិច្ច ជូនលោក សុខ សុភ័ក្ត្រ រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម ដឹកនាំក្រុមការងាររៀបចំអនុស្សរណៈយោគយល់រវាងក្រសួងពាណិជ្ជកម្ម និងក្រុមហ៊ុនឡានតុន ដោយដាក់បញ្ចូលនូវចំណុចសំខាន់ៗមួយចំនួន មានដូចជាការគាំទ្រដល់ក្រសួងពាណិជ្ជកម្មលើការធ្វើការផ្សព្វផ្សាយលើផលិតផលកម្ពុជា, ការជំរុញចលនាភូមិ១ ផលិតផល១, ការជំរុញទំនាក់ទំនងជាមួយអ្នកផលិតក្នុងស្រុក ដើម្បីនាំចេញ, ការបង្កើតឃ្លាំងស្តុកទំនិញ, ការផ្សព្វផ្សាយ និងប្រើប្រាស់ផលិតផលក្នុងអាកាសចរ Lanmei Airlines, ការធ្វើកិច្ចសហការជាមួយមជ្ឈមណ្ឌលពាណិជ្ជកម្មកម្ពុជានៅបរទេស ការភ្ជាប់ទំនាក់ទំនងជាមួយ App ដទៃទៀត ដែលមានស្រាប់, ការកសាងគម្រោងកិច្ចសហប្រតិបត្តិការរយៈពេលវែងក្នុងក្របខណ្ឌភាពជាដៃគូរវាងវិស័យសាធារណៈ និងឯកជន (PPP) ដូចជាការជួយគាំទ្រក្នុងការទិញផលិតផលរបស់កសិករនិងសមាគមផលិត, ការជំរុញកិច្ចសហការលើបញ្ហាកិច្ចការពារអ្នកប្រើប្រាស់ ការសម្របសម្រួលលើការអនុវត្តគោលនយោបាយពន្ធដារ និងគយ, ការបណ្តុះបណ្តាលធនធានមនុស្សរបស់ក្រសួងក្នុងការគ្រប់គ្រងការធ្វើពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក និងការបណ្តុះបណ្តាលសហគ្រាស ដើម្បីឱ្យមានសមត្ថភាពចូលក្នុងប្រព័ន្ធផ្គត់ផ្គង់ទីផ្សារអន្តរជាតិ និងទីផ្សារប្រទេសចិន និងកិច្ចគាំទ្រដទៃទៀតរបស់ក្រុមហ៊ុន លើបេសកកម្មរបស់ក្រសួងពាណិជ្ជកម្មក្នុងការផ្សព្វផ្សាយអំពីកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-ចិន។
លោករដ្ឋមន្ត្រីពាណិជ្ជកម្ម ក៏បានបញ្ជាក់នូវការប្តេជ្ញាចិត្តរបស់ក្រសួងពាណិជ្ជកម្មក្នុងការគាំទ្រដល់វិស័យឯកជនតាមរយៈការបង្កើតនូវច្បាប់ និងគោលនយោបាយចាំបាច់នានា ដើម្បីលើកកម្ពស់បរិយាកាសវិនិយោគ និងធុរកិច្ចនៅក្នុងប្រទេសកម្ពុជា៕