(កណ្ដាល)៖ រោងចក្រលីន «វេន ជី សាន់បូ» ស្ថិតនៅភូមិជំនះ ឃុំសៀមរាប ស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល បានលួចបញ្ចេញកាកសំណល់ឧស្សាហកម្មមានជាតិគីមីពុល ទៅលើដីបុគ្គលឯកជនរបស់បុគ្គលឈ្មោះ ជំ លីវណ្ណរិទ្ធ ដែលគេដឹងថាជាប្រធានក្រុមហ៊ុន សៀងហៃ។
ក្រោយទទួលបានព័ត៌មានខាងលើនេះ មន្រ្តីបរិស្ថាន និងអាជ្ញាធរមូលដ្ឋាន បានសហការគ្នាចុះទៅដល់ទីតាំងដីស្ថិតនៅភូមិកំពង់ពោធ៍ ឃុំក្រាំងយ៉ូវ ស្រុកស្អាង។ តាមសេចក្តីរាយការណ៍បញ្ជាក់របស់មន្រ្តីជំនាញ បានឲ្យដឹងថា ភាគីទាំង២ទាំងរោងចក្រ និងក្រុមហ៊ុន សៀងហៃ របស់លោក ជំ លីវណ្ណរិទ្ធ បានត្រូវរ៉ូវគ្នាដោយផ្ដាច់កុងត្រាពីក្រុមហ៊ុនដឹកជញ្ជូនកាកសំណល់ឧស្សាហកម្មស្របច្បាប់ ដោយយកកាកសំណល់ពុលនោះទៅចាក់ចោលលើ ដីឯកជនផ្ទុយពីច្បាប់។ កត្តានេះ នាំឲ្យមន្ត្រីនៃមន្ទីរបរិស្ថានខេត្ត បានចុះទៅអប់រំ តែត្រូវបានគេមិនគោរពតាម ហើយក៏ត្រូវមន្ត្រីជំនាញសម្រេចផាកពិន័យទៅតាមអនុលោមច្បាប់។
លោក ឡុង ចាន់វាសនា អនុប្រធានការិយាល័យគាំពារបរិស្ថាន នៃមន្ទីរបរិស្ថានខេត្ត បានថ្លែងបញ្ជាក់កាន់អ្នកយកព័ត៌មាន Fresh News ប្រចាំខេត្តកណ្ដាលថា បន្ទាប់ពីទទួលបានសេចក្ដីរាយការណ៍ពីពលរដ្ឋ អំពីការឡានដឹកកាក សំណល់រោងចក្រ ដែលមានផ្ទុកសារធាតុគីមីពុលទៅចាក់លើដីស្រែឯកជន ភ្លាមនោះលោកបានបានដឹកនាំក្រុមការងារចុះទៅដល់រោងចក្រលីន «វេន ជី សាន់បូ» ដើម្បីសួរនាំជុំវិញរឿងនេះ ព្រោះថារាល់ការដឹកសំរាមកាកសំណល់ ឧស្សាហកម្ម មានក្រុមហ៊ុនត្រឹមត្រូវស្របតាមបច្ចេកទេស ហេតុអ្វីទើបក្រុមហ៊ុនបែជាដឹកចេញដោយអំពើចិត្តផ្ទុយពីច្បាប់។
លោកអះអាងទៀតថា «តាមពិតសាច់រឿងគឺផ្ដើមចេញពីបុគ្គលឈ្មោះ ជំ លីវណ្ណរិទ្ធ ត្រូវរ៉ូវគ្នាជាសម្ងាត់ជាមួយរោងចក្រខាងលើដោយលោកជំ លីវណ្ណរិទ្ធ គ្មានអាជ្ញាប័ណ្ណអ្វីឡើយ ប៉ុន្តែអាងអំណាច លុយកាក់ ស្គាល់អ្នកធំច្រើន ដោយប្រាប់ទៅខាងរោងចក្រ មិនបាច់បង់លុយឲ្យក្រុមហ៊ុនដឹកសំណល់ឧ្សាហកម្មទេ ចាំខ្លួនជាអ្នកចាត់ការរឿងសំណល់ឧស្សាហកម្មនោះ ព្រោះខ្លួនមានខ្សែរអ្នកធំ ទៅខ្លាចអ្វីត្រឹមពួកបរិស្ថានអស់ហ្នឹង»។
មន្ត្រីអះអាងថា សកម្មភាពខាងលើនោះផ្ទុយពីច្បាប់ ហើយក្រុមហ៊ុនចាំបាច់ត្រូវមានក្រុមហ៊ុនស្របច្បាប់ សម្រាប់ដឹកសំណល់ឧស្សាហកម្មចេញពីរោងចក្រ ព្រោះគេមានទីតាំងសម្រាប់ផ្ទុកសំណល់ស្របតាមា្តង់ដា ដូច្នេះរាល់ក្រុមហ៊ុន រោងចក្រទាំងអស់ដែលមានសម្រាមឧស្សាហកម្ម ចាំបាច់ត្រូវមានការដឹកសំណល់ចេញវ្រកបដោយបច្ចេកទេស ជាមួយនឹងក្រុមហ៊ុនត្រឹមត្រូវ។
លោកបញ្ជាក់ទៀតថា រោងចក្រពុំមានកិច្ចសន្យាប្រមូល និងដឹកជញ្ជូនសំណល់ឧស្សាហកម្មជាមួយក្រុមហ៊ុនប្រមូល និងដឹកជញ្ជូន ដែលមានអាជ្ញាប័ណ្ណពីក្រសួងបរិស្ថានទេ។ រោងចក្របានឱ្យក្រុមហ៊ុនដែលគ្មានអាជ្ញាប័ណ្ណប្រមូល និងដឹកជញ្ជូនសំណល់ឧស្សាហកម្មចាក់ចោលលើដីកម្មសិទ្ធិឯកជនដែលមិនមែនជាទីលានទុកដាក់សំរាមសំណល់ឧស្សាហកម្មឡើយ។
លោកបន្តទៀតថា រោងចក្រមិនត្រូវចុះកិច្ចសន្យាប្រមូល និងដឹកជញ្ជូនសំណល់ឧស្សាហកម្មជាមួយក្រុមហ៊ុនដែលគ្មានអាជ្ញាប័ណ្ណ។ រោងចក្រត្រូវរៀបចំចុះកិច្ចសន្យាប្រមូល និងដឹកជញ្ជូនសំណល់ឧស្សាហកម្មជាមួយ ក្រុមហ៊ុនដែលមានអាជ្ញាប័ណ្ណទទួលស្គាល់ពីក្រសួងបរិស្ថាន។
ដើម្បីពង្រឹងប្រសិទ្ធភាពការងារ និងការអនុវត្តលិខិតបទដ្ឋានច្បាប់លើវិស័យបរិស្ថានឲ្យមានប្រសិទ្ធភាពមន្ទីរបរិស្ថានខេត្តកណ្ដាល នឹងចេញលិខិតបញ្ជាកែប្រែវិធានការគ្រប់គ្រងការបំពុលបរិស្ថានឬពិន័យអន្តរការណ៍ចំពោះក្រុមហ៊ុន លីន វេន ជី សាន់បូ អ៉ីធេីប្រាយ ករណីក្រុមហ៊ុនពុំមានកិច្ចសន្យាប្រមូល និងដឹកជញ្ជូនសំរាមសំណល់ឧស្សាហកម្ម និងបានឱ្យក្រុមហ៊ុនដែលគ្មានអាជ្ញាប័ណ្ណធ្វើអាជីវកម្មប្រមូល និងដឹកជញ្ជូនសំរាមសំណល់ឧស្សាហកម្ម យកទៅចាក់ចោលលើដីកម្មសិទ្ធិឯកជនដែលពុំមែនជាទីលានទុកដាក់សំរាម និងសំណល់ឧស្សាហកម្ម។
ដោយឡែកលោកជំ លីវណ្ណរិទ្ធ បានថ្លែងមកកាន់អ្នកយកព័ត៌មាន Fresh News ថា លោកគ្រាន់តែដឹកសម្រាប់កៅស៊ូស្បែកជើងរបស់រោងចក្រ មកចាក់លើដីរបស់គាត់ទុកប្រើប្រាស់ប៉ុណ្ណោះ ហើយថា នេះជាការកាច់កុងគ្នារបស់ក្រុមហ៊ុនដឹកជញ្ជូនសម្រាម លោកមិនខ្វល់ទេ ព្រោះលោកមិនមែនរកស៊ីខាងដឹកសំរាមផង។
សូមជម្រាបថា រឿងរ៉ាវនេះត្រូវបានអ្នកដឹងរឿងច្បាស់លាតត្រដាងថា គឺកើតចេញពីខាងលោកជំ លីវណ្ណរិទ្ធ ត្រូវគ្នាជាមួយខាងរោងចក្រដោយមិនបាច់បង់លុយទៅឲ្យក្រុមហ៊ុនដឹកសម្រាមរបស់លោក ប៉ោ សេង ទេ ទុកឲ្យខ្លួនជាអ្នកដឹក ចេញចាក់លើដីរបស់ខ្លួនវិញ ហើយអាចសល់លុយផង ទើបខាងលោក ប៉ោ សេង មិនសុខចិត្តក៏ប្រាប់ទៅខាងមន្ទីរបរិស្ថានខេត្តពីការផ្ដាច់កិច្ចសន្យានេះ ហើយខាងមន្ត្រីចុះមកឃើញមានកំហុសពិតមែនក៏ចាប់ពិន័យអន្តរការ។ យោងតាមការពិន័យខាងរោងចក្រ អាចនឹងត្រូវរងពិន័យពី១លានរៀល ដល់១០លានរៀល រីឯលោក ជំ លីវណ្ណរិទ្ធ ក៏ត្រូវរងការធ្វើកិច្ចសន្យាផងដែរ៕