(ភ្នំពេញ)៖ តំណាងមូលនិធិគន្ធបុប្ផាកម្ពុជា និងគណៈគ្រប់គ្រងមន្ទីរពេទ្យគន្ធបុប្ផា បានជួបសំណេះសំណាលជាមួយលោកឧកញ៉ា ជឹម ឃាន ប្រធានក្រុមហ៊ុន បុរីសែនសុខ និងលោកស្រី នៅរសៀលថ្ងៃទី៦ ខែមករា ឆ្នាំ២០២៣នេះ ក្នុងឱកាសដែលលោកឧកញ៉ា ដឹកនាំសមាគមអតីតនិស្សិតសាកលវិទ្យាល័យ ហួរ ឈៀវ ប្រទេសចិន ប្រចាំកម្ពុជា នាំយកថវិកាចំនួន ២៥ ៥០០ដុល្លារអាមេរិក និង ៥ ០០០ ០០០ រៀល មកបរិច្ចាគជូនមូលនិធិគន្ធបុប្ផាកម្ពុជា។

ការបន្តគាំទ្រ និងបរិច្ចាគពីសំណាក់លោកឧកញ៉ា និងក្រុមគ្រួសារ ព្រមទាំងសមាគមនៅថ្ងៃនេះ ក៏ដូចជាការចូលរួមពីសប្បុរសជននានា នាពេលកន្លងមក ពិតជាបានរួមចំណែកយ៉ាងសំខាន់ ក្នុងការរក្សានិរន្តរភាព នៃកិច្ចដំណើរការ របស់មន្ទីរពេទ្យគន្ធបុប្ផាទាំង ៥ទីតាំង ដើម្បីបន្តបេសកកម្មពិនិត្យ និងព្យាបាលជំងឺដល់ទារក និងកុមារដោយឥតគិតថ្លៃ ប្រកបដោយគុណភាព និងមិនមានការរើសអើង ដែលក្នុងរយៈពេល៣០ឆ្នាំមកនេះ មន្ទីរពេទ្យគន្ធបុប្ផាបានសង្គ្រោះជីវិតកុមារ រាប់លាននាក់ នៅព្រះរាជាណាចក្រកម្ពុជា។

លោកឧកញ៉ា ជឹម ឃាន បានលើកឡើងថា លោក និងក្រុមគ្រួសារនឹងនៅតែបន្តចូលរួមគាំទ្រយ៉ាងរីករាយ ក្នុងការជួយគាំទ្រផ្នែកហិរញ្ញវត្ថុដល់មន្ទីរពេទ្យគន្ធបុប្ផា ដើម្បីរួមគ្នាជាមួយរាជរដ្ឋាភិបាល និងមូលនិធិគន្ធបុប្ផាកម្ពុជា ក្នុងការនាំមកនូវភាពញញឹមដល់កុមារដែលជាអនាគតដ៏ភ្លឺស្វាងរបស់កម្ពុជា។

ជំនួសឱ្យអាណាព្យាបាលទារក និងកុមារនៅកម្ពុជា, មូលនិធិគន្ធបុប្ផាកម្ពុជា សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនលោកឧកញ៉ា និងលោកស្រី ព្រមទាំងបុត្រ និងសមាគមចំពោះទឹកចិត្តសប្បុរសធម៌នេះ៕