(ភ្នំពេញ)៖ នៅថ្ងៃទី៧ ខែមករា ឆ្នាំ២០២៣ស្អែកនេះ ក្រសួងយុត្តិធម៌ នឹងរៀបចំកម្មវិធីបរិច្ចាគឈាមដោយស្ម័គ្រចិត្ត ប្រចាំឆ្នាំ ២០២៣ ក្រោមប្រធានបទ «ផ្តល់ឈាម ផ្តល់ក្តីសង្ឃឹម» ដោយមានការចូលរួមពីសំណាក់មន្ត្រីរាជការក្រសួងយុត្តិធម៌ និងអ្នកវិជ្ជាជីវៈក្នុងវិស័យយុត្តិធម៌ ប្រមាណជាង៣០០នាក់។ នេះបើតាមសេចក្តីប្រកាសព័ត៌មានដែលបណ្តាញព័ត៌មាន Fresh News ទទួលបាន។

ការចូលរួមបរិច្ចាគឈាមដោយស័គ្រចិត្តនេះ គឺធ្វើឡើងដើម្បីអបអរសាទរខួបអនុស្សាវរីយ៍លើកទី៤៤ នៃទិវាជ័យជំនះ ៧ មករា ដែលជាថ្ងៃប្រកបដោយអត្ថន័យជាប្រវត្តិសាស្ត្រសម្រាប់ប្រជាជាតិកម្ពុជាទាំងមូល និងជាថ្ងៃដែលប្រជាជនកម្ពុជាទាំងអស់ត្រូវបានសង្គ្រោះឱ្យរស់រានមានជីវិតសាជាថ្មីពីរបបប្រល័យពូជសាសន៍ ក៏ដូចជាដើម្បីចូលរួមចំណែកក្នុងសកម្មភាពសង្គម និងមនុស្សធម៌។

កម្មវិធីបរិច្ចាគឈាមដោយស្ម័គ្រចិត្តនេះត្រូវបានរៀបចំឡើងដោយមានកិច្ចសហការពី ស.ស.យ.ក. វិស័យយុត្តិធម៌ មជ្ឈមណ្ឌលជាតិផ្តល់ឈាម និងក្លឹបសនាយុត្តិធម៌ ព្រមទាំងមានការចូលរួមបរិច្ចាគឈាមដោយស្ម័គ្រចិត្តពីសំណាក់ថ្នាក់ដឹកនាំទីប្រឹក្សា ជំនួយការ មន្ត្រីរាជការនៃក្រសួងយុត្តិធម៌ សិស្សនៃរាជបណ្ឌិតសភាវិជ្ជាជីវៈតុលាការ និងអ្នកវិជ្ជាជីវៈក្នុងវិស័យយុត្តិធម៌សរុបប្រមាណជាង ៣០០នាក់៕