(ព្រះសីហនុ)៖ នៅសាលាខេត្តព្រះសីហនុ មានរៀបចំពិធីប្រកាសតែងតាំងមុខតំណែងអភិបាលរងខេត្ត រួមទាំងនាយករដ្ឋបាលសាលាខេត្តផងដែរ ។ អញ្ជើញជាអធិបតីក្នុងពិធីនេះមានលោក លេង វី អនុរដ្ឋលេខាធិការក្រសួងមហាផ្ទៃ តំណាងសម្តេចក្រឡា ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ។
អញ្ជើញចូលរួមក្នុងពិធីនោះ រួមមានលោក យន្ត មីន អភិបាលខេត្តព្រះសីហនុ, លោក ជាម ហ៊ីម ប្រធានក្រុមប្រឹក្សាខេត្ត តំណាងកងកម្លាំងទាំង៣ស្ថាប័ន រួមទាំងថ្នាក់ដឹកនាំបណ្តាមន្ទីរអង្គភាព ជាច្រើនរូបផ្សេងទៀតផងដែរ។
បន្ទាប់ពីមានមតិស្វាគមន៍ និងអានរបាយការណ៍ពីសំណាក់លោក យន្ត មីន អភិបាលខេត្ត, លោក អ៊ួង ចន្ធី ប្រធាននាយកដ្ឋានបុគ្គលិក នៃអគ្គនាយកដ្ឋាន រដ្ឋបាលក្រសួងមហាផ្ទៃ បានអានអនុក្រឹត្យស្តីពីការតែងតាំងលោក គង់ វិតាណៈ នាយករដ្ឋបាលសាលាខេត្តព្រះសីហនុ ទៅជាអភិបាលរងខេត្តព្រះសីហនុ ជំនួសលោក សំ សំអាត ដែលត្រូវចូលនិវត្តន៍ ព្រមទាំងអានប្រកាសស្តីពីការតែងតាំងលោក ឯម ភាព នាយករងរដ្ឋបាលសាលាខេត្ត ជានាយករដ្ឋបាល ជំនួសវិញផងដែរ។ លោក គង់ វិតាណៈ បន្ទាប់ពីទទួលបានអនុក្រឹត្យជាអភិបាលរងខេត្ត ក៏បានឡើងថ្លែងអំណរគុណចំពោះប្រមុខរាជរដ្ឋាភិបាល និងថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ ដែលបានផ្តល់ទំនុកចិត្តដល់រូបលោក ដែលកន្លងមករូបលោកបានឆ្លងកាត់នូវបទពិសោធន៍ និងការងារជាច្រើននៅសាលាខេត្តព្រះសីហនុនេះ ។
លោក គង់ វិតាណៈ ក៏បានធ្វើការប្តេជ្ញាចិត្តថា ក្នុងនាមលោកជាអភិបាលរងខេត្ត និងខិតខំពង្រឹងការងារក្នុងសាលាខេត្តដែលរាជរដ្ឋាភិបាល ក៏ដូចជាក្រសួងបានប្រគល់ជូនអោយបានរីកចំរើនជាលំដាប់ ព្រមទាំងសហការជាមួយបណ្តាមន្ទីរ អង្គភាពនានាក្នុងខេត្តឲ្យបានរិតតែល្អ ប្រសើរឡើងថែមទៀតផងដែរ ។ លោក លេង វី ក៏បានផ្តល់នូវការណែនាំ និងអនុសាសន៍ចំនួន៩ចំណុច ដល់មន្ត្រីដែលទើបតាំងថ្មី រួមទាំងរដ្ឋបាលខេត្តព្រះសីហនុ អនុវត្តតាមជាពិសេស ភូមិ ឃុំ មានសុវត្ថិភាព ហើយចំពោះអាជ្ញាធរមូលដ្ឋាមិនត្រូវចុះហត្ថលេខា ឬទទួលស្គាល់នៅប្លង់ដី ឬការកាន់កាប់ដីធ្លីណាមួយ មិនប្រក្រតី ដែលផ្តល់ការលំបាកដល់ថ្នាក់ជាតិ ក្នុងការដោះស្រាយទៅថ្ងៃក្រោយនោះទេ៕