(ភ្នំពេញ)៖ រយៈពេលមិនដល់១០នាទីផង មានគ្រោះថ្នាក់ចរាចរណ៍២ករណីផ្សេងគ្នា បានកើតឡើង ដោយទី១ បើករថយន្ដបុកដើមឈើ និងទី២រវល់ប្រលែងជាមួយស្រីស្នេហ៍ បើករថយន្ដបុករបាំងចែកទ្រូងផ្លូវ។ ហេតុការណ៍ទាំង២នេះ កើតឡើងនៅយប់ថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០១៦នេះ។
ករណីទី១៖ បុរសម្នាក់បើករថយន្ដដេញចោរឆក់ទូរស័ព្ទរបស់ខ្លួនលឿនពេក ស្រាប់តែមកដល់ផ្លូវបំបែកជាបួន ក៏ជ្រុលទៅបុកខឿនសួនច្បារ និងស្លាកសញ្ញាលេខផ្លូវ ព្រមទាំងដើមឈើអស់មួយដើមផងដែរ សំណាងល្អមិនអ្នករងគ្រោះថ្នាក់នោះទេ។ បើសំដីរបស់អ្នកបើកបរបានឱ្យដឹងថា មុនពេលកើតហេតុខ្លួន បើករថយន្ដម៉ាក Sinna ពាក់ស្លាកលេខភ្នំពេញ 2E-4062 តាមបណ្ដោយផ្លូវលេខ៦១ ក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ ក៏បានឈប់ទិញទឹកស្រាប់មានចោរមួយក្រុម បានឆប់ទូរស័ព្ទរបស់ខ្លួន ក្រោយមកខ្លួនក៏បានដេញចាប់ តែដោយសារបើកលឿនពេក ក៏បានជ្រុលទៅបុកខឿនសួនច្បារ និងស្លាកសញ្ញាលេខផ្លូវ ព្រមទាំងដើមឈើតែម្ដង ខណៈដែលរថយន្ដខ្ទេចមួយកំណាត់មុខ។
ករណីទី២៖ បុរសម្នាក់បើករថយន្ដរវល់តែប្រលែងលេង ជាមួយស្រីស្នេហ៍ ក៏ជ្រុលទៅបុករបាំងថ្មចែកទ្រូងផ្លូវអស់មួយកង់។ ហេតុការណ៍នេះកើតឡើង តាមបណ្ដោយផ្លូវម៉ៅសេទុង ស្ថិតក្នុងខណ្ឌទន្លេបាសាក់ ខណ្ឌចំការមន។ តាមព័ត៌មានបានឱ្យដឹងថា មុនពេលកើតហេតុគេឃើញបុរសម្នាក់បើករថយន្ដ Luxes មួយគ្រឿង ពាក់ស្លាកលេខភ្នំពេញ2AC-3221 ក្នុងទិសដៅពីលិចទៅកើត ដោយសារតែអ្នកបើកបររវល់តែប្រលែងគ្នា ទើបរេចង្កូត ទៅបុករបាំងថ្មចែកទ្រូងផ្លូវ អស់មួយកង់ ហើយជ្រុលទៅបុករបងផ្ទះគេ បណ្ដាយរថយន្ដខ្ទេចផ្នែកខាងមុខធ្ងន់ធ្ងរ ទៅមុខលែងរួច។
ក្រោយពេលកើតហេតុរថយន្ដទាំង២ ត្រូវបានកម្លាំងនគរបាលចរាចរណ៍រាជធានីភ្នំពេញ ស្ទួចយកទៅរក្សាទុកដើម្បីធ្វើការដោះស្រាយ នៅពេលក្រោយ៕