(កំពង់ធំ)៖ លោក ងួន រតនៈ ប្រធានគណបក្សប្រជាជនកម្ពុជាខេត្តកំពង់ធំ បានជំរុញឲ្យលោក អ៊ុត វណ្ណារ៉ា ជាប្រធានគណបក្សប្រជាជនកម្ពុជាស្រុកកំពង់ស្វាយ ត្រូវពង្រឹងប្រសិទ្ធភាពក្នុងការដឹកនាំ ចាត់ចែង ការទទួលខុសត្រូវ និងការពង្រឹងការកសាងគណបក្សនៅក្នុងមូលដ្ឋានឱ្យបានល្អប្រសើរ។

ការអំពាវនាវនេះ លើកឡើងនៅក្នុងពិធីប្រការលោក អ៊ុត វណ្ណារ៉ា ជាប្រធានគណបក្សប្រជាជនកម្ពុជាស្រុកកំពង់ស្វាយ នៅថ្ងៃទី៦ ខែមករា ឆ្នាំ២០២៣ នៅស្នាក់ការគណបក្សស្រុកកំពង់ស្វាយ។

លោក ងួន រតនៈ បានលើកឡើងថា «ដើម្បីឲ្យស្រប និងតួនាទីភារកិច្ចរដ្ឋ និងបក្ស សម្ដេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា បានតែងតាំងលោក អ៊ុត វណ្ណារ៉ា ជាប្រធានគណបក្សស្រុកកំពង់ស្វាយ ដើម្បីពង្រឹង ប្រសិទ្ធភាពក្នុងការដឹកនាំ ចាត់ចែង ការទទួលខុសត្រូវនិងការពង្រឹងការកសាងគណបក្សនៅក្នុងមូលដ្ឋាន ដើម្បីឲ្យស្របទៅនិងភូមិសាស្ត្រការងាររដ្ឋបាលក៏ដូចជាការងារបក្សនៅទីនេះ»

នាឱកាសនេះ ប្រធានគណបក្សខេត្ត ក៏បានសំណូមពរដល់ប្រធានក្រុមការងារ ក៏ដូចជាអស់លោកលោកស្រីថ្នាក់ដឹកនាំក្រុមការងារ តាមឃុំសង្កាត់ក្នុងគណបក្សគ្រប់មូលដ្ឋានទាំងអស់ បន្តគាំទ្រលោក អ៊ុត វណ្ណារ៉ា ជាប្រធានគណៈកម្មាធិការគណបក្ស ស្រុកកំពង់ស្វាយបន្តទៀត ដើម្បីសាមគ្គីរួមគ្នាអនុវត្តសេចក្តីសម្រេចក៏ដូចជាផែនការឆ្ពោះទៅកាន់ការបោះឆ្នោតក្នុងឆ្នាំ២០២៣ ខាងមុខនេះ ទទួលបានជោគជ័យ៕