(ស្ទឹងត្រែង)៖ នៅថ្ងៃទី០៦ ខែមករា ឆ្នាំ២០២៣ លោក ស្វាយ សំអ៊ាង អភិបាលខេត្តស្ទឹងត្រែង បានអញ្ជើញជាអធិបតីភាព ក្នុងពិធីបើកបវេសនកាលឆ្នាំសិក្សា២០២២-២០២៣ និងសម្ពោធអគារសិក្សា ៣ខ្នង ១២បន្ទប់ ជាជំនួយរបស់អង្គការ Plan ដែលរៀបចំឡើងនៅសាលាបឋមសិក្សាភ្នំចោទ ស្ថិតក្នុងភូមិ ត្បូងខ្លា ឃុំអូរម្រះ ស្រុកសៀមបូក ខេត្តស្ទឹងត្រែង។

ពិធីនេះ ធ្វើឡើងដោយមានការអញ្ជើញចូលរួមពី អភិបាលរងខេត្ត កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ គណៈអភិបាលក្រុង ស្រុក មន្ទីរអង្គភាពជុំវិញខេត្ត តំណាងអង្គការ​ Plan លោកគ្រូ អ្នកគ្រូ អាណាព្យាបាលសិស្ស និងសិស្សានុសិស្សជាច្រើននាក់។

លោក ហ៊ាង ប៉ូលី ប្រធានមន្ទីរអប់រំយុវជននិងកីឡាខេត្ត បានលើកឡើងថាអគារសិក្សា ៣ខ្នង ស្មើនឹង១២បន្ទប់ សម្រាប់សាលាបឋមសិក្សា ភ្នំចោទ ចំនួន ០១ ខ្នង មាន០៦ បន្ទប់ និង ០២ ខ្នងទៀត នៅស្រុកសៀមប៉ាង ជាអំណោយរបស់អង្គការភ្លែនអន្តរជាតិ ប្រចាំកម្ពុជា។ ជួសមុខឱ្យថ្នាក់ដឹកនាំអប់រំតាមឋានានុក្រម លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស និងសហគមន៍មាតាបិតាសិស្ស លោកប្រធានមន្ទីរបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះម្ចាស់ជំនួយ តាមរយៈអង្គការភ្លែនកម្ពុជា ដែលបានផ្តល់នូវហេដ្ឋារចនាសម្ព័ន្ធអប់រំដ៏រឹងមាំនាពេលនេះ និងសន្យាថា ប្រើប្រាស់ហេដ្ឋារចនាសម្ព័ន្ធទាំងនេះ ឱ្យចំគោលដៅ និងថែរក្សាឱ្យបានគង់វង្សយូរអង្វែង។

លោក យី គឹមថាន នាយកស្ដីទីប្រចាំប្រទេសនៃអង្គការភ្លែនអន្តរជាតិកម្ពុជា ថ្លែងថា សមិទ្ធិផលសំខាន់ៗថ្មីៗដែលអង្គការ ភ្លែនអន្តរជាតិកម្ពុជា បានចូលរួមចំណែកក្នុងការលើកកម្ពស់គុណភាពអប់រំនៅខេត្តស្ទឹងត្រែង រួមមាន សំណង់អាគារសិក្សាថ្មីៗ ដោយក្នុងពេល បានធ្វើការសម្ពោធនៅអាគារសិក្សា ចំនួន ០៣ កន្លែងដែលមាន ១២ បន្ទប់ បន្ថែមទៀត និងបំពាក់ដោយបរិក្ខារសម្ភារៈអនាម័យផងដែរ។

ថ្លែងទៅកាន់លោកគ្រូ អ្នកគ្រូ ក៏ដូចជាសិស្សានុសិស្ស ក្នុងឱកាសថ្ងៃបើកបវេសនកាលឆ្នាំសិក្សា២០២២-២០២៣ នេះ លោក ស្វាយ សំអ៊ាង បានផ្តាំផ្ញើដល់សិស្សានុសិស្សទាំងអស់ឲ្យខិតខំប្រឹងប្រែងរៀនសូត្រ ដើម្បីក្លាយទៅជាពលរដ្ឋល្អ មានចំណេះដឹង មានសីលធម៌ ក្លាយជាកូនល្អ សិស្សល្អ និងពលរដ្ឋល្អក្នុងសង្គម និងជាធនធានមនុស្សដ៏ល្អរបស់សង្គមជាតិ ឈានឆ្ពោះទៅក្លាយជាអ្នកបន្តវេនដឹកនាំ និងរួមចំណែកក្នុងការអភិវឌ្ឍប្រទេសជាតិឱ្យមានភាពរីកចំរើន ហើយជាពិសេសត្រូវចៀសឲ្យឆ្ងាយពីគ្រឿងញៀនគ្រប់ប្រភេទ ដែលនាំឲ្យខូចអនាគតខ្លួនឯង និងបាត់បង់កិត្តិយសគ្រួសារ។

ជាមួយគ្នានេះ លោកអភិបាលខេត្ត នាំយកអំណោយដ៏ថ្លៃថ្លារបស់សម្តេចតេជោ នាយករដ្ឋមន្រ្តី និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ជូនដល់ សិស្សានុសិស្ស តាមវិទ្យាល័យ អនុវិទ្យាល័យ និង បឋមសិក្សានូវសម្ភារៈសិក្សា មួយចំនួនផងដែរ៕