(ស្វាយរៀង)៖ លោកស្រីកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្រ្ដី រដ្ឋមន្រ្ដីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច នៅថ្ងៃទី៦ ខែមករា ឆ្នាំ២០២៣ បានសម្ពោធផ្លូវ១ខ្សែ ស្រះទឹក កុដិ ដំបូលសាលាឆាន់ និងវេទិកាកិត្តិយស ដែលចំណាយថវិកាសាងសង់អស់ ៣៧១.៥៧០ដុល្លារ នៅវត្តល្ងើន ស្ថិតនៅភូមិព្រៃពោធិ៍ ឃុំដូនស ស្រុកស្វាយជ្រំ ខេត្ដស្វាយរៀង។
ថ្លែងក្នុងឱកាសនោះលោកស្រីបណ្ឌិតម៉ែន សំអន បានផ្តាំផ្ញើការសួរសុខទុក្ខពីសំណាក់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលជានិច្ចកាលសម្តេចទាំងទ្វេ តែងតែមានមនោសញ្ចេតនាស្រលាញ់រាប់អាន និងរួមសុខទុក្ខជាមួយជនរួមជាតិទាំងអស់ និងជួយដោះស្រាយទុក្ខលំបាកសព្វបែបយ៉ាងគ្រប់ទីកន្លែងទូទាំងប្រទេស។
លោកស្រីបានបន្តទៀតថា សមិទ្ធិផលនានា និងសមិទ្ធិផល ដែលបានដាក់សម្ពោធក្នុងថ្ងៃនេះ គឺដោយសារតែប្រទេសមានសុខសន្តិភាពពេញលេញ ក្រោមការដឹកនាំប្រកបដោយកិត្តិបណ្ឌិតរបស់សម្តេចតេជោ ហ៊ុន សែន។
លោកស្រី ក៏បានថ្លែងអំណរគុណ លោកស្រីឧកញ៉ា យូ លឹម ឧកញ៉ា សួង ធឿន ព្រមទាំងក្រុមគ្រួសារ សប្បុរជនជិតឆ្ងាយដែលបានចូលរួមដោយទឹកចិត្តសប្បុរសជ្រះថ្លាកសាង ផ្លូវ១ខ្សែ ស្រះទឹក និងកុដិ នៅវត្តល្ងើន ស្ថិននៅភូមិព្រៃពោធិ៍ ឃុំដូនស ស្រុកស្វាយជ្រំ ខេត្ដស្វាយរៀង ឱ្យលេចជាសមិទ្ធផលរួចរាល់ជាស្ថាពរ ហើយរៀបចំពិធីសម្ពោធឆ្លងយ៉ាងអធិកអធមនាឱកាសនេះ៕