(ភ្នំពេញ)៖ ជនពិការកំបុតដៃទាំងសងខាង ជាច្រើននាក់រំភើបស្ទើរតែស្រក់ទឹកភ្នែកនៅពេលដែល មូលនិធិសប្បុរសធម៌របស់ លោក ជា រតនា និងភរិយា ដែលសហការជាមួយ លោកស្រីវេជ្ជបណ្ឌិតអាមេរិក Teri Tan បានប្រគល់ដៃសប្បនិមិត្ដ និងថវិកាមួយចំនួនធំ ក្នុងការបង្កើតមុខរបរផ្ទាល់ខ្លួនរបស់ពួកគាត់ សម្រាប់ចិញ្ចឹមជីវិតទៅថ្ងៃអនាគត ដើម្បីឲ្យជៀសផុតពីទុក្ខលំបាកវេទនា ដែលធ្លាប់ជួបប្រទះកន្លងមកនេះ ហើយសម្រាប់ប្អូនៗដែលកំពុងសិក្សា នឹងផ្ដល់ថវិកាឲ្យរៀនបន្ដរហូតដល់បញ្ចប់ថ្នាក់សិក្សា ផងដែរ។
ពិធីប្រគល់ដៃសប្បនិមិត្ដ និងថវិកានេះ បានប្រារព្ធធ្វើឡើងនៅថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០១៦នេះ នា SUN & MOON, Urban Hotel ដែលមានចូលរួមដោយផ្ទាល់ពីលោក ឧញ៉ា ជា រតនា និង ភរិយា គ្រូពេទ្យជាតិ និងអន្ដរជាតិជាច្រើនរូបទៀត។
លោក ជា រតនា ទីប្រឹក្សាសម្ដេចតេជោ ហ៊ុន សែន ហើយក៏ជាអ្នកកៀរគររកប្រាក់សប្បុរសធម៌ពីគ្រប់ទិសទី បានថ្លែងថា «ថ្ងៃនេះមូលនិធិរបស់ខ្ញុំ និងភរិយា ដែលសហការជាមួយនឹងលោកស្រីវេជ្ជបណ្ឌិតអាមេរិក Teri Tan និងសប្បុសជនទាំងក្រៅ និងក្នុងប្រទេស បានផ្ដល់ដៃសប្បនិមិត្ដ និងថវិកាមួយចំនួនធំ ទៅដល់បងប្អូនជនពិការកំបុតដៃទាំងសងខាង ដើម្បីឲ្យពួកគាត់ ធ្វើជាដើមទុនក្នុងការប្រកបរបរកសិកម្ម ចិព្ចឹាមសត្វ គោ ក្របី មាន់ទា ជ្រូក និងដំាដំណាផ្សេងៗទៀត ដោយមិនចាំបាច់ដើរសុំលុយគេ គ្មានទីជម្រក និងប្រឈមនឹងការខ្វះខាតក្នុងជីវភាព តទៅទៀតទេ ព្រោះរាល់ការខ្វះខាតដើមទុនជាច្រើនទៀត ខាងមូលនិធិយើងខ្ញុំនឹងជួយផ្គត់ផ្គង់ និងត្រួតពិនិត្យនូវមុខរបររបស់ពួកគាត់ជាប់ជានិច្ច ដើម្បីជៀសវាងនឹងបញ្ហាអ្វីកើតមានឡើង ដោយយើងត្រៀមទុកសម្រាប់ពួកគាត់រួចជាស្រេចហើយ ដែលត្រូវការជាចាំបាច់»។
លោកបន្ថែមថា មូលហេតុដែល មូលនិធិរបស់ ផ្ដល់ជាដើមទុន ដើម្បីប្រកបរបរដល់ជនពិការកំបុតដៃទាំងសងខាង ព្រោះលោកគិតថា បើឲ្យតែថវិកា ចិញ្ចឹមជារៀងខែឬ ឧបត្ថម្ភអ្វីផ្សេងៗតែម្យ៉ាងគត់នោះ ប្រាកដជាមិនអាចជួយពួកគាត់រហូតទេ ដោយយល់ឃើញយ៉ាងដូច្នេះ បានជាសម្រេចចិត្ដ ផ្ដល់ជាដើមទុនរកស៊ីវិញ បើបងប្អូនជនពិការណា ដែលចង់ប្រកបរបរចិញ្ចឹម លោកជួយគ្រប់បែបយ៉ាង ដើម្បីពួកគេមានជំហរច្បាស់លាស់ និងសមត្ថភាព ក្នុងចិញ្ចឹមខ្លួនឯង និងសមាជិកគ្រួសារបន្ដទៀត ដែលនេះ ក៏អាចបណ្ដុះគំនិតឲ្យគាត់ចេះរកស៊ី រួមទាំងកាត់បន្ថយភាពក្រីក្រមួយចំណែកដែរ។
ទន្ទឹមនឹងនោះលោក វុន វណ្ណា ដែលកំបុតដៃទាំងសងខាងដោយសារ ឆក់ខ្សែភ្លើង នៅខេត្ដព្រៃវែង បានលើកឡើងថា ថ្ងៃនេះ លោកបណ្ឌិត ជា រតនា និងភរិយា ប្រគល់ថវិកា ៥លានរៀល ដើម្បីទិញគោ ពីរក្បាល មាន់មួយចំនួនទៀត រួមនឹងចំណីសត្វផងដែរ ដើម្បីចិញ្ចឹមសត្វទាំងនេះ ឲ្យបានល្អ ដើម្បីទាញយកមុខរបរប្រចាំនេះ មកចិញ្ចឹមជីវិតរបស់ខ្លួន និងក្រុមគ្រួសារផងដែរ។ ចំណែកឯប្អូនស្រី ស៊ិន ស្រីហង្ស ជាសិស្សរៀនថា្នក់ទី៨A នៅស្រុកសំឡូត ខេត្ដបាត់ដំបង ក៏បានទទួលថវិកា ១០០០ដុល្លារ សម្រាប់សិក្សាបន្ដទៀត ហើយក្រោយការខ្វះខាត មូលនិធិរបស់លោក ឧញ៉ា និងភរិយា និងបន្ដជួយបន្ថែមទៀត ដើម្បីរៀនឲ្យចប់ចុងចប់ដើម ចំពោះជនពិការដទៃទៀត ក៏ទទួលថវិកាមួយចំនួនធំដូចគ្នាដែរ ហើយថែមទាំងអាហារថ្ងៃត្រង់ដ៏ឈ្ងុញឆ្ងាញ់មួយពេលទៀត នៅSUN & MOON, Urban Hotel ។
ជាចុងក្រោយ ប្អូនស្រី និងជនពិការដទៃទៀត ក៏បានថ្លែងអំណរគុណដល់ទឹកចិត្ដសប្បុរស របស់លោកឧញ៉ា និងលោកស្រី ដែលខិតខំប្រឹងប្រែងមិនខ្លាចនឿយហាត់នោះឡើយ ដើម្បីកៀរគរកថវិកាពីសប្បុរសជន ទាំងក្នុង និងក្រៅប្រទេស ពិសេសការចំណាយទាំងកម្លាំងកាយចិត្ដ ពេលវេលា និងថវិកាផ្ទាល់ខ្លួន ជួយដល់ជនពិការកំបុតដៃទាំងពីរ រួមទាំងសកម្មភាពមនុស្សធម៌ជាច្រើនទៀតផងដែរ។
គួរបញ្ជាក់ថា មូលនិធិរបស់លោក ជា រតនា និងភរិយា បានជួយដល់ជនពិការកំបុតដៃទាំងសងខាង ជាច្រើនលើកច្រើនសាមកហើយ ដោយថ្ងៃនេះមិនមែនជាលើកទីមួយទេ ដែលមូលនិធិមួយនេះ បានបន្ដជួយដល់ជនពិការកំបុតដៃទំាងសងខាងទូទាំង ២៥ រាជធានី-ខេត្ដ ដែលមកទល់នឹងពេលនេះ ជនពិការកំបុតដៃទាំងសងខាងជិត ១ពាន់នាក់ហើយ ទទួលបានការឧបត្ថម្ភ និងផ្គត់ផ្គង់ពីមូលនិធិនេះ៕