(កណ្តាល)៖ ជនសង្ស័យ២០នាក់ ក្នុងនោះមានស្រីម្នាក់ ត្រូវបានកម្លាំងអាវុធហត្ថខេត្តកណ្តាល សហការជាមួយកម្លាំងអាវុធហត្ថរាជធានីភ្នំពេញ នៅថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០១៦នេះ បានបើកប្រតិបត្តិការ ចុះបង្ក្រាបជាបន្តបន្ទាប់ តាំងពីស្រុកខ្សាច់កណ្តាល រហូតដល់សង្កាត់ស្រះចក ខណ្ឌដូនពេញ ព្រមទាំងដកហូតថ្នាំញៀន៤កញ្ចប់ កញ្ចាក្រៀម២កញ្ចប់ និងឧបករណ៍សម្រាប់ជក់មួយចំនួនទៀត។
មន្រ្តីអាវុធហត្ថខេត្តកណ្តាលបានឲ្យដឹងថា ជនសង្ស័យទាំង២០នាក់ គឺ៣នាក់ ត្រូវបានកម្លាំងអាវុធហត្ថស្រុកខ្សាច់កណ្តាលចាប់ខ្លួន នៅថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០១៦ រួចក្រោយដឹងពីចម្លើយសារភាពនោះ ក៏តាមមកបង្ក្រាបដល់សង្កាត់ស្រះចក បន្ថែម១៧នាក់ទៀត នៅថ្ងៃនេះតែម្តង។
មន្រ្តីអាវុធហត្ថបានបញ្ជាក់ថា ថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០១៦ កម្លាំង អហ ស្រុកខ្សាច់កណ្តាល ដឹកនាំដោយលោកមេបញ្ជាការស្រុក បានកំពុងធ្វើការល្បាតចល័ត ក្នុងភូមិសាស្រ្ត នៅចំណុចដងផ្លូវ ជាតិលេខ៨អា ស្ថិតក្នុងភូមិព្រៃចាស់ ឃុំវិហារសួគ៌ ស្រុកខ្សាច់កណ្តាល ក៏ប្រទះឃើញជនសង្ស័យ៣នាក់ កំពុងជិះម៉ូតូ១គ្រឿងឌុបគ្នា។ ដោយគួរឲ្យសង្ស័យ កម្លាំងបានហៅឲ្យឈប់ត្រួតពិនិត្យ ពេលនោះរកឃើញថ្នាំញៀន (ម៉ាទឹកកក) ចំនួន២កញ្ចប់តូច ហើយក៏ឃាត់ខ្លួនទាំង៣នាក់ នាំទៅអង្គភាពធ្វើការសាកសួរបន្ថែមភ្លាមៗតែម្តង។
ក្រោយពីធ្វើការសាកសួររួចមក នៅថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០១៦នេះ ដោយអនុវត្តតាមអនុសាសន៍ របស់នាយឧត្តមសេនីយ៍ សៅ សុខា និងលោក ម៉ៅ ភារុណ អភិបាលខេត្តកណ្តាល ក្រោមការបញ្ជាផ្ទាល់ពីលោកឧត្តមសេនីយ៍ត្រី សំ តុលា មេបញ្ជាការ អហ ខេត្តកណ្តាល និងដោយមានការសហការយ៉ាងល្អពី អហ រាជធានី ក្រោមការសម្របសម្រួលនីតិវិធីដោយ លោកព្រះរាជអាជ្ញា អមសាលាដំបូងខេត្តកណ្តាល លឹម សុគន្ធា ព្រមទាំងការសារភាពរបស់ជនសង្ស័យ កម្លាំងជំនាញ អហ ខេត្ត និងស្រុកខ្សាច់កណ្តាល ដឹកនាំផ្ទាល់ដោយលោកមេបញ្ជាការរង ទូច អីុណាន បានធ្វើប្រតិបត្តការពន្លាតដែនដី សហការណ៍ជាមួយកម្លាំង អហ រាជធានីភ្នំពេញ ចុះបង្រ្កាប និងឆែកឆេរលំនៅដ្ឋានមួយកន្លែងដែលមានទីតាំង នៅចំណុចខាងក្រោយស្ថានទូតបារាំង ស្ថិតក្នុងភូមិ២០ ក្រុម២៤៨ សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ ដោយធ្វើការឃាត់ខ្លួនជនសង្ស័យ បានចំនួន១៧នាក់ បន្ថែមទៀត (ស្រី០១នាក់) ព្រមទាំងដកហូតវត្ថុតាងមួយចំនួន រីឯម្ចាស់ផ្ទះមិនស្គាល់អត្តសញ្ញាណ គេចខ្លួន។
ក្រោយការចាប់ខ្លួនកម្លាំងអាវុធហត្ថ បានដកហូតរួមមាន៖
១/-ថ្នាំញៀន (ម៉ាទឹកកក) ចំនួន០២កញ្ចប់ (ធំ១,តូច១) សរុបទម្ងន់ជាមួយ០២កញ្ចប់តូចមុន ស្មើនឹង៥៣,២ក្រាម
២/-កញ្ឆាក្រៀម០២កញ្ចប់ ទម្ងន់១០,២ក្រាម
៣/-សម្ភារវេចខ្ចប់ និងជក់គ្រឿងញៀនមួយចំនួន។
សូមបញ្ជាក់ថា កម្លាំង អហ ខេត្តកណ្តាល តែងតែយកចិត្តទុកដាក់លើសុខទុក្ខប្រជាជន តាមតួនាទី ភារកិច្ច ដែលថ្នាក់លើប្រគល់ឲ្យ គឺធ្វើដូចភ្លៀងរលឹម ដើម្បីចូលរួមលុបបំបាត់បញ្ហាគ្រឿងញៀននេះ ឲ្យបានខ្លាំង ពីព្រោះវាជាឃាតកសម្លាប់សង្គមជាតិទាំងមូលតែម្តង បើទប់ស្កាត់មិនបានទេនោះ។
បច្ចុប្បន្នជនសង្ស័យទាំង ២០នាក់ ត្រូវបានឃាត់ខ្លួននៅ អហ ខេត្តកណ្តាល និងកំពុងចាត់ការតាមនីតិវិធីច្បាប់៕