(ភ្នំពេញ)៖ កម្លាំងសមត្ថកិច្ចមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន បានបើកប្រតិបត្តិការចុះង្ក្រាបករណីជួញដូរគ្រឿងញៀនមួយកន្លែង នៅចំណុចផ្ទះជួលលេខ អេ៤៨ ផ្លូវលេខ៦ ភូមិត្រពាំងមាន សង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ រាជធានីភ្នំពេញ ចាប់ខ្លួនបានជនសង្ស័យម្នាក់ រឹបអូសគ្រឿងញៀនបានជាង ៥គីឡូក្រាម។
ការបង្ក្រាបនេះ អនុវត្តតាមបញ្ជារបស់នាយឧត្ដមសេនិយ៍សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ និងនាយឧត្ដមសេនិយ៍ ម៉ក់ ជីតូ អគ្គស្នងការរងទទួលផែនប្រឆាំងបទល្មើសគ្រឿងញៀន ក្រោមការបញ្ជាដឹកនាំផ្ទាល់របស់លោកឧត្ដមសេនីយ៍ទោ ឃឹង សារ៉ាត់ នាយកមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន។
ប្រតិបត្តការនេះបានធ្វើឡើងនៅយប់ថ្ងៃទី០៣ ខែមករា ឆ្នាំ២០២៣ ដោយកម្លាំងជំនាញ (ក១១) នៃមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន ដឹកនាំដោយលោកឧត្តមសេនីយ៍ទោ ស៊ី ផល្លា នាយករងមន្ទីរ លោក វរសេនីយ៍ឯក ជាវ តុលា នាយករងមន្ទីរ និងលោក សេង ឃុនណាង នាយការិយាល័យ (ក១១) និងមានការចូលរួមសហការពីកម្លាំងជំនាញនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ព្រមទាំងមាន ការសម្របសម្រួលពីលោក លឹម ប៊ុនហេង ព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ។
ប្រភពពីកម្លាំងសមត្ថកិច្ច បានឱ្យដឹងទៀតថា ករណីបង្ក្រាបការជួយដូរគ្រឿងញៀន ឃាត់ខ្លួនជនសង្ស័យ ០១នាក់មានឈ្មោះ ចាន់ រ៉ា ភេទប្រុស កើតឆ្នាំ ១៩៨៧ ជនជាតិខ្មែរ រឹបអូសបាន ថ្នាំញៀន មេតំហ្វេតាមីន(ICE) ទម្ងន់ ៥គីឡូ និង២០៧ក្រាម។
បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាងចាប់យកខាលើ សមត្ថកិច្ចជំនាញបានកសាងសំណុំរឿង បញ្ជូនជូនទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីបន្តតាមនីតិវិធី៕