(ភ្នំពេញ)៖ លោក ថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍ នៅល្ងាចថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០១៦នេះ បានបញ្ជាក់ប្រាប់ក្រុមអ្នកសារព័ត៌មាន ដោយក្ដីសប្បាយរីករាយថា រាជរដ្ឋាភិបាល គ្រោងបង្កើតវិទ្យាស្ថានជាតិទេសចរណ៍ (National Tourism Institute) លើកដំបូងបង្អស់មួយ នាពេលឆាប់ៗខាងមុខនេះ ដើម្បីបើកឱ្យមានការបណ្ដុះបណ្ដាល ឯកទេសជំនាញផ្នែកទេសចរណ៍ ក្នុងគោលបំណងចូលរួមលើកកម្ពស់វិស័យទេសចរណ៍ ឱ្យមានការរីកចម្រើនខ្លាំងក្លាបន្ថែមទៀត និងចូលរួមកសាងនូវកិត្តិនាមប្រទេសកម្ពុជា ឱ្យមានភាពល្បីល្បាញផ្នែកវិស័យទេសចរណ៍នេះ ឱ្យពិភពលោកបានស្គាល់កាន់តែច្រើនទៀត។
ក្រោយពីបានជូនដំណើរថ្នាក់ដឹកនាំគណៈប្រតិភូទេសចរណ៍ និងពាណិជ្ជកម្មសហភាពអឺរ៉ុប ដែលត្រឡប់ទៅអឺរ៉ុបវិញ និងដោយមានការអមដំណើរដោយលោក ប៉ាក់ សុខុម រដ្ឋលេខាធិការក្រសួងទេសចរណ៍ ផងនោះ លោករដ្ឋមន្រ្តី ថោង ខុន បានថ្លែងបញ្ជាក់យ៉ាងច្បាស់ថា តាមរយៈដំណើរទស្សនកិច្ចនៅកម្ពុជា រយៈពេលមួយសប្ដាហ៍មកនេះ លោក Anton Caragea ប្រធានក្រុមប្រឹក្សាភិបាលទេសចរណ៍ និងពាណិជ្ជកម្មនៃសហភាពអឺរ៉ុប មានការសប្បាយរីករាយយ៉ាងខ្លាំង ដែលពោរពេញទៅដោយអនុស្សាវរីយ៍ល្អៗ ដក់ជាប់ក្នុងចិត្តមិនអាចបំភ្លេចបាន និងបានសម្ដែងនូវការគាំទ្ររាល់អ្វីៗដែលសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានធ្វើការខិតខំដឹកនាំកម្ពុជា ឱ្យការអភិវឌ្ឍលើគ្រប់វិស័យ ពិសេសលើវិស័យទេសចរណ៍នេះ ប្រកបដោយភាពឈ្លាសវៃក្រៃលែង មិនអាចគណនាបាន។
លោករដ្ឋមន្រ្តីបានបញ្ជាក់បន្ថែមនូវចំណុចពិសេសមួយថា «លោក Anton Caragea បានសន្យានៅចំពោះមុខថ្នាក់ដឹកនាំនៃភាគីកម្ពុជាថា នឹងខិតខំជួយគាំទ្រ ក្នុងការបង្កើតឱ្យមានវិទ្យាស្ថានជាតិទេសចរណ៍មួយ នៅប្រទេសកម្ពុជាផ្ទាល់ និងជួយឱ្យដំណើរការការងារនេះ ប្រព្រឹត្តទៅបានល្អ ព្រមទាំងមានការបញ្ជូន ក្រុមអ្នកជំនាញការផ្នែកទេសចរណ៍ ដើម្បីមកជួយបណ្ដុះបណ្ដាលសិស្ស-និស្សិតកម្ពុជា ដែលសិក្សាផ្នែកជំនាញនេះ និងបញ្ជូនជាឯកសារសិក្សា និងឯកសារផ្សេងៗ ដែលទាក់ទងនឹងការងារនេះ ធ្វើយ៉ាងណាឱ្យដំណើរការវិស័យទេសចរកម្ពុជា មានការរីកចម្រើនបានកាន់តែប្រសើរថែមទៀត»។
បន្ថែមលើសពីនេះ លោក Anton Caragea មានគោលបំណងចង់អញ្ជើញសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ចូលរួមក្នុងសន្និសិទពិភពលោកស្ដីពីទេសចរណ៍ ដែលប្រព្រឹត្តទៅនៅអឺរ៉ុប និងនៅកន្លែងមួយចំនួន នាពេលខាងមុខ ដើម្បីឱ្យពិភពលោកបានយល់ដឹង និងបានទទួលបទពិសោធន៍ល្អៗ នៃការដឹកនាំវិស័យទេសចរណ៍នេះ។
សូមជម្រាបថា គណៈប្រតិភូទេសចរណ៍ និងពាណិជ្ជកម្មនៃសហភាពអឺរ៉ុប ដែលដឹកនាំដោយលោក Anton Caragea និងសហការីចំនួន៤រូបទៀត បានមកបំពេញទស្សនកិច្ចនៅកម្ពុជាចាប់ពីថ្ងៃទី១៦ រហូតដល់២៣ ខែមិថុនា ឆ្នាំ២០១៦នេះ ដើម្បីប្រគល់ពានរង្វាន់ «កម្ពុជា ជាគោលដៅទេសចរណ៍ល្អបំផុត សម្រាប់ឆ្នាំ២០១៦» និងប្រកាសថា «កម្ពុជា ជាគោលដៅទេសចរវប្បធម៌ពេញនិយម ក្នុងឆ្នាំ២០១៦» ព្រមទាំងបានពង្រឹងកិច្ចសហប្រតិបត្តិការល្អៗ ជាច្រើនជាមួយរាជរដ្ឋាភិបាលកម្ពុជា ដូចជា បានប្រគល់មេដាយ «សមាជិកកិត្តិយស» ពីបណ្ឌិតសភាទេសចរណ៍អឺរ៉ុប ជូនសម្ដេចតេជោ នាយករដ្ឋមន្រ្តី និងពាំនាំនូវលទ្ធផលល្អៗជាច្រើនដល់កម្ពុជា។
សូមរំលឹកថា កាលពីថ្ងៃទី២២ ខែមិថុនា ម្សិលមិញនេះ លោក Anton Caragea ប្រធានក្រុមប្រឹក្សាភិបាលទេសចរណ៍ និងពាណិជ្ជកម្មសហភាពអឺរ៉ុប ត្រូវបានសម្ដេចតេជោ ហ៊ុន សែន តែងតាំងជាឯកអគ្គរដ្ឋទូតសុឆន្ទៈរបស់កម្ពុជា ក្នុងគោលបំណងជំរុញវិស័យទេសចរណ៍កម្ពុជា ឲ្យកាន់តែខ្លាំងក្លាថែមទៀត និងពង្រឹកកិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងសហភាពអឺរ៉ុប ឱ្យកាន់តែមានរឹងមាំថែមទៀត៕