(រតនគិរី)៖ ប្រជាកសិករ នៅក្នុងខេត្តរនគិរី កំពុងមមាញឹកក្នុងការប្រមូលផលដំឡូងមីរបស់ខ្លួន ដើម្បីលក់ឱ្យឈ្មូញ ខណៈតម្លៃនៅឆ្នាំ២០២៣នេះ គឺសមរម្យជាងឆ្នាំមុនៗ។

ជាក់ស្តែងនៅព្រឹកថ្ងៃទី៦ ខែមករា ឆ្នាំ២០២៣ នៅឃុំសោមធំ ស្រុកអូរយ៉ាដាវ កសិករជាច្រើនគ្រួសារកំពុងតែមមាញឹកក្នុងការប្រមូលផលដំឡូងមី ដោយប្រើប្រាស់កម្លាំងពលកម្មដោយផ្ទាល់ខ្លួន និងគ្រួសារខ្លះជួលកម្មករមកពី បណ្តាខេត្តផ្សងៗ ដែលមានសកម្មភាពពាសពេញចំការដំឡូង។ ពួកគាត់មមាញឹកក្នុងការគាស់ កាប់ ហាល ច្រកបេដើម្បីយកទុកលក់ឱ្យក្រុមឈ្មួញ។

ជួបជាមួយកសិករម្នាក់ឈ្មោះ ជា វណ្ណី មានទីលំនៅស្រុកស្វាយអន្ទរខេត្តព្រៃវែង បានរៀបរាប់ឱ្យដឹងថា ជារៀងរាល់ឆ្នាំក្រុមគ្រួសារគាត់បន្ទាប់ពីធ្វើស្រែប្រមូលផលទុកដាក់រួច ពួកគាត់នាំគ្នាមកស៊ីឈ្នួលគាស់ដំឡូង ឱ្យម្ចាស់ចំការមួយចំនួនក្នុងខេត្តរតនគិរី ដែលត្រូវការកម្លាំងពលកម្ម។

គាត់បន្តថា «ម្ចាស់ចំការដំឡូងមី ដែលគាត់កំពុងគាស់ កោស ហាលឱ្យស្ងួតនេះមានម្ចាស់ឈ្មោះ ម៉ែន អាស្រ័យផលលើផ្ទៃដីប្រមាណ១២ហិកតា។ ដោយតម្លៃពលកម្មពួកគាត់ហាលឱ្យស្ងួតច្រកបេគិតក្នុង១តោន ចំនួន១៩ម៉ឺនរៀល។ ប៉ុន្តែពួកគាត់សប្បាយចិត្តនឹងការងារនេះដោយមិនបាច់សំណាកស្រុកទៅធ្វើការស្រុកគេទេទោះបានកម្រៃតិចតួចក៏ដោយអាចដោះស្រាយជីវភាពបាន»

លោក សយ សូណា ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តរតនគិរី បានប្រាប់ភ្នាក់ងារព័ត៌មាន Fresh News ប្រចាំខេត្តរតនគិរី នៅព្រឹកថ្ងៃទី៦ ខែមករានេះ ថា៖ «ផ្ទៃដីដាំដំឡូងមី ក្នុងខេត្តរតនគិរីសរុប ១៦,១២៣ហិកតា និងកំពុងប្រមូលផលបណ្តើរៗប្រមាណ ៣,០០០ហិកតា ដោយទទួលទិន្នផលក្នុង១ហិក ជាមធ្យម ២២តោន»

លោកបន្តថា តម្លៃដំឡូងមី ដែលក្រុមឈ្មួញកំពុងប្រមូលទិញតាមចំការ គឺតម្លៃដំឡូងស្រស់ ១គីឡូក្រាម ៣៤០-៣៥០រៀល និងដំឡូងស្ងួត ៧៥០-៨០០រៀល ហើយក្រុមឈ្មួញដឹកទៅលក់ប្រទេសវៀតណាម តាមទ្វារអន្តរជាតិអូរយ៉ាវ, តាមច្រកទ្វារអន្តជាតិជាតិខេត្តក្រចេះ និងច្រកទ្វារអន្តរជាតិខេត្តត្បូងឃ្មុំជាដើម។

លោក សយ សូណា បានបញ្ជាក់ថា នៅស្រុកអូរយ៉ាដាវ ខេត្តរតនគិរី មានរោងចក្រឈ្មោះ «ជា ទូច» ដែលមានចង្វាក់ផលិតកម្មដ៏ធំទទួលទិញដំឡូងមី មកពីបណ្តាខេត្តផ្សេងៗសម្រាប់ផលិតម្សៅមីនាំចេញទៅប្រទេសចិនផងដែរ៕