(ភ្នំពេញ)៖ លោក KimJonggul ព្រឹទ្ធបុរសនៃដេប៉ាតឺម៉ង់សេដ្ឋកិច្ចសង្គមពិភពលោក (Global Social Economic Department) នៃថ្នាក់បញ្ចប់ការសិក្សាអន្តរជាតិ (Graduation School of International Studies) នៃសាកលវិទ្យាល័យហានយ៉ាង (Hanyang University) ដែលមានទីតាំងនៅទីក្រុងសេអ៊ូល ប្រទេសកូរ៉េខាងត្បូង បានលើកឡើងថា លោកបាននិងកំពុងដឹកនាំប្រតិភូ រួមមានសាស្ត្រាចារ្យ និស្សិតថ្នាក់អនុបណ្ឌិត និងថ្នាក់បណ្ឌិតជាច្រើននាក់ មកសិក្សាឈ្វេងយល់អំពីប្រទេសកម្ពុជា។
លោកបានឲ្យដឹងបែបនេះ នៅថ្ងៃទី៦ ខែមករា ឆ្នាំ២០២៣ ពេលមហាវិទ្យាល័យសិក្សាអភិវឌ្ឍន៍ នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ (Royal University of Phnom Penh) និងដេប៉ាតឺម៉ង់សេដ្ឋកិច្ចសង្គមពិភពលោក នៃថ្នាក់បញ្ចប់ការសិក្សាអន្តរជាតិ នៃសាកលវិទ្យាល័យហានយ៉ាង រួមគ្នារៀបចំសិក្ខាសាលាស្តីពី «សហគ្រាសសង្គម និងភាពជាសហគ្រិន កម្ពុជានិងកូរ៉េ» នៅអគារមជ្ឈមណ្ឌលកិច្ចសហប្រតិបត្តិការកូរ៉េ-កម្ពុជា (CKCC)។
សរុបទាំងសាស្ត្រាចារ្យ និងនិស្សិត នៃដេប៉ាតឺម៉ង់សេដ្ឋកិច្ចសង្គមពិភពលោក ដែលមកសិក្សាឈ្វេងយល់អំពីប្រទេសកម្ពុជា ចំនួន ៣០នាក់។ លោក KimJonggul បានឲ្យដឹងទៀតថា និស្សិតខាងកូរ៉េអាចសិក្សាពីកម្ពុជាបានយ៉ាងច្រើន ជាពិសេសកម្ពុជាដែលមានប្រាសាទអង្គរវត្តដ៏អស្ចារ្យ ហើយក៏អាចសិក្សាពីភាពឈឺចាប់ (ដោយសារសង្គ្រាម) ដែលប្រទេសនេះធ្លាប់បានឆ្លងកាត់ នៅអតីតកាលផងដែរ។
លោកព្រឹទ្ធបុរស បានបញ្ជាក់យ៉ាងដូច្នេះថា «ប្រទេសកម្ពុជា មានអង្គរវត្តមួយដ៏អស្ចារ្យ ហើយប្រទេសកម្ពុជា ធ្លាប់ទទួលបានភាពឈឺចាប់។ មិនថាប្រទេសណា ឬប្រទេសណាទេ គឺធ្លាប់មានអតីតកាលរៀងៗខ្លួន។ ខ្ញុំសង្ឃឹមថា យើងអាចពិភាក្សាជាមួយគ្នា រកពីចំណុចឈឺចាប់រៀងៗខ្លួន ក៏ដូចជាដំណោះស្រាយ»។
បើតាមលោកព្រឹទ្ធបុរសជនជាតិកូរ៉េរូបនេះ លោកបានមកកម្ពុជា ៣ដងហើយ។ លោកបង្ហាញចំណុចសំខាន់ថា ប្រជាជនកម្ពុជាញញឹមស្អាត ហើយមានកែវភ្នែកដ៏ស្រស់ថ្លា។
ក្នុងសិក្ខាសាលានេះ លោកបណ្ឌិត រតន៍ សិទ្ធិ ព្រឹទ្ធបុរសមហាវិទ្យាល័យសិក្សាអភិវឌ្ឍន៍ បានលើកឡើងថា ទម្ទឹមនឹងខាងកម្ពុជាអាចចែករម្លែកចំណេះដឹងទៅខាងកូរ៉េ គឺខាងនិស្សិតកម្ពុជាក៏រៀនសូត្របានច្រើនដែរ។ រៀនសូត្របានច្រើនត្រង់ថា កូរ៉េជាប្រទេសអភិវឌ្ឍន៍ ហើយខាងនិស្សិតកម្ពុជាអាចរៀនសូត្របានច្រើន ដើម្បីយកមកអភិវឌ្ឍន៍ខ្លួន។
មហាវិទ្យាល័យសិក្សាអភិវឌ្ឍន៍ បង្កើតឡើងនៅឆ្នាំ២០១៣ មានបីដេប៉ាតឺម៉ង់ រួមមាន៖
១៖ ដេប៉ាតឺម៉ង់អភិវឌ្ឍន៍សេដ្ឋកិច្ច
២៖ ដេប៉ាតឺម៉ង់គ្រប់គ្រងនិងអភិវឌ្ឍន៍ធនធានធម្មជាតិ
៣៖ ដេប៉ាតឺម៉ង់អភិវឌ្ឍន៍សហគមន៍៕