(ភ្នំពេញ)៖ អាជ្ញាធរទីក្រុង Kent Washington និងអាជ្ញាធរស្រុក King County សហរដ្ឋអាមេរិក នៅពេលនេះបានចូលរួមអបអរសាទរ និងបញ្ជាក់អំពីការទទួលស្គាល់ ថ្ងៃ ៧ មករា ជាថ្ងៃជ័យជំនះដែលកម្ពុជាបានយកឈ្នះ លើរបបប្រល័យពូជសាសន៍ ប៉ុល ពត។
ការចូលរួមអបអរសាទរ និងបញ្ជាក់អំពីការទទួលស្គាល់ថ្ងៃជ័យជំនះ ៧មករានេះ ធ្វើឡើងបន្ទាប់ពីក្រុមការងារគណបក្សប្រជាជនកម្ពុជា នៅរដ្ឋធានីវ៉ាស៉ីនតោន បានរៀបចំពិធីជួបជុំដើម្បីអបអរសាទរថ្ងៃដ៏សំខាន់មួយនេះ។ ទាំងនេះគឺជាមោទនភាពមួយ ជាពិសេសសម្រាប់ប្រជាជនខ្មែរ ដែលរស់នៅសហរដ្ឋអាមេរិកផ្ទាល់តែម្ដង។
សមិទ្ធផលទាំងនេះ បានបង្ហាញការខិតខំប្រឹងប្រែង ក៏ដូចជាសម្របសម្រួលយ៉ាងយកចិត្តទុកដាក់ពីសំណាក់ថ្នាក់ដឹកនាំមួយចំនួន ដែលមានដូចជា លោក ឈិន រតនា ប្រធានទីក្រុងរិនតុនរបស់អង្គការចាត់តាំងយុវជន ជាប្រធានអនុសាខាបក្សគណបក្សប្រជាជន និងជាគណៈកម្មការអចិន្រ្តៃយ៍នៃរដ្ឋវ៉ាស៊ីងតោន, លោកស្រី តាំង សុខប៉ អនុប្រធានអនុសាខាបក្សប្រចាំទីក្រុងរិនតុន រដ្ឋវ៉ាស៊ីនតោន, លោក ណុប ដារ៉ា អនុប្រធានក្រុមការងាររៀបចំចាត់ តាំងយុវជនគណប្រជាជនកម្ពុជា ប្រចាំតំបន់ឆ្នេរខាងលិច ទទួលបន្ទុករដ្ឋវ៉ាស៊ីងតោន សហរដ្ឋអាមេរិក, លោក សរ សេរីវិចិត្រ ប្រធានក្រុមរៀបចំចាត់តាំងយុវជនគណបក្សប្រជាជនកម្ពុជា ទទួលបន្ទុកតំបន់ឆ្នេរខាងលិច សហរដ្ឋអាមេរិក និងលោក កែវ ជា ឯកអគ្គរាជទូតកម្ពុជាអាមេរិក។
ថ្លែងប្រាប់បណ្តាញព័ត៌មាន Fresh News នៅថ្ងៃទី៦ ខែមករា ឆ្នាំ២០២៣នេះ ក្រុមការងាររបស់គណបក្សប្រជាជននៅសហរដ្ឋអាមេរិក បានគូសបញ្ជាក់ថា «យើងពិតជារីករាយ នៅពេលដែលរដ្ឋបាលនៃទីក្រុងខិន និងអាជ្ញាធរស្រុក King County សហរដ្ឋអាមេរិក បានទទួលស្គាល់ថ្ងៃជ័យជំនះ និងបានអបអរសាទរដល់រាជរដ្ឋាភិបាល ជាពិសេសសម្ដេចតេជោ ហ៊ុន សែន ដែលបានខិតខំប្រឹងប្រែង រំដោះប្រទេសជាតិ ពីរបបប្រល័យពូជសាសន៍ និងយុទ្ធសាស្រ្តឈ្នះឈ្នះ ដឹកនាំប្រទេសជាតិឲ្យមានភាពរីកចម្រើន មានការអភិវឌ្ឍលើគ្រប់វិស័យ និងធ្វើឲ្យប្រជាជនបានរស់នៅដោយមានសេចក្ដីសុខសន្តិភាពមកដល់សព្វថ្ងៃនេះ»។
ជាមួយគ្នានេះ ក្រុមការងារគណបក្សប្រជាជនកម្ពុជា ក៏បានថ្លែងអំណរគុណដល់ថ្នាក់ដឹកនាំរបស់គណបក្សប្រជាជកម្ពុជា ដែលតែងតែឧបត្ថម្ភ គាំទ្រដល់សកម្មភាពរបស់ក្រុមការងារនៅក្រៅប្រទេស និងផ្ដល់ឱកាសឲ្យក្រុមការងារ បានបន្ដផ្សព្វផ្សាយ អំពីសមិទ្ធផលដែលកើតមានជាបន្ដបន្ទាប់របស់ប្រទេសកម្ពុជា ក្រោមដឹកនាំរបស់សម្ដេចតេជោ ហ៊ុន សែន និងបានផ្សព្វផ្សាយនូវអ្វីដែលជាគោលនយោបាយរបស់គណបក្សប្រជាជនកម្ពុជា ដើម្បីឲ្យប្រជាពលរដ្ឋខ្មែររស់នៅក្រៅប្រទេសបានជ្រួតជ្រៀមផងដែរ។
ដោយឡែកលោក កែវ ជា ឯកអគ្គរាជទូតកម្ពុជា ប្រចាំសហរដ្ឋអាមេរិក ក៏បានផ្ញើសារថ្លែងអំណរគុណជូន អាជ្ញាធរទីក្រុង Kent នៃរដ្ឋវ៉ាស៊ីនតោន ចំពោះការទទួលស្គាល់ និងអបអរសាទរថ្ងៃជ័យជំនះ ៧មករា ដែលជាថ្ងៃកំណើតរបស់ប្រជាពលរដ្ឋកម្ពុជាគ្រប់ៗរូប។
លោកបានបញ្ជាក់យ៉ាងដូច្នេះថា «ខ្ញុំសូមអរគុណយ៉ាងស្មោះស្ម័គ្រ សម្រាប់ការចូលរួមអបអរសាទរយ៉ាងកក់ក្ដៅរបស់អ្នក តាមរយៈខ្ញុំ នាឱកាសនៃការប្រារព្ធខួបលើទី៤៤ នៃទិវាជ័យជម្នះ ៧មករា ដែលនឹងប្រព្រឹត្តទៅនៅ ថ្ងៃសៅរ៍ ទី៧ ខែមករា ឆ្នាំ២០២៣។ នេះជាការបង្ហាញយ៉ាងស៊ីជម្រៅនូវទំនាក់ទំនងពិសេសរវាងស្ថានទូត នៃព្រះរាជាណាចក្រកម្ពុជា និងទីក្រុង Kent នៃរដ្ឋវ៉ាស៊ីនតោន។
ស្ថានទូតព្រះរាជាណាចក្រកម្ពុជា សូមកោតសរសើរ និងឯកភាពជាមួយអ្នក លើការលើកកម្ពស់ទំនាក់ទំនងជាប្រវត្តិសាស្ត្រយូរអង្វែង ការផ្លាស់ប្ដូរវប្បធម៌ សុឆន្ទៈ និងមិត្តភាព ព្រមទាំង កិច្ចសហប្រតិបត្តិការល្អ ជាពិសេសនៅក្នុងវិស័យធុរកិច្ច និងពាណិជ្ជកម្ម សេដ្ឋកិច្ច ការអប់រំ ការពិគ្រោះយោបល់ ក៏ដូចជាការគំាទ្របច្ចេកទេសដែលផ្ដល់ផលប្រយោជន៍ដល់ប្រជាជនរបស់យើង។ សូមទទួលយកការគោរពរាប់អានពីខ្ញុំ ហើយខ្ញុំសូមជូនពរលោកឲ្យមានសុខភាពល្អ និងទទួលបានជោគជ័យគ្រប់ភារកិច្ច»។
អាជ្ញាធរទីក្រុង Kent បានបញ្ជាក់នៅក្នុងសេចក្តីប្រកាសរបស់ខ្លួនថា ទីក្រុង Kent មានប្រវត្តិយូរអង្វែងមកហើយក្នុងការលើកកម្ពស់ការផ្លាស់ប្ដូរវប្បធម៌ សុឆន្ទៈ និងមិត្តភាព។ Kent គឺជាសហគមន៍មួយដែលគ្មានការរើសអើង ការគោរព និងផ្ដល់ឱកាស សម្រាប់បុគ្គលគ្រប់រូបនៅក្នុងសហគមន៍របស់យើង។ ស្ថានទូតកម្ពុជាប្រចាំសហរដ្ឋអាមេរិក ត្រូវបានរួមបញ្ចូលជាមូលដ្ឋានការទូត ធុរកិច្ច និងអភិវឌ្ឍសេដ្ឋកិច្ចសហគមន៍ដែលប្រៀបដូចស្ពានមួយ ដើម្បីកសាងសេដ្ឋកិច្ចរវាងប្រទេសកម្ពុជា និងសហរដ្ឋអាមេរិក ទីក្រុងជាច្រើនទៀតដែលដូចជាទីក្រុង Kent។
សេវាទាំងឡាយនៃបេសកកម្មរបស់ខ្លួនដែលផ្ដល់ដោយស្ថានទូត នៃព្រះរាជណាចក្រកម្ពុជាប្រចាំសហរដ្ឋអាមេរិក រួមមានជាអាទិ៍ដូចជា ធុរកិច្ច ពាណិជ្ជកម្ម សេដ្ឋកិច្ច ការអប់រំ និងការផ្លាស់ប្ដូរវប្បធម៌ ការពិគ្រោះយោបល់ និងការគំាទ្របច្ចេកទេស។ ស្ថានទូតកម្ពុជា បានប្ដេជ្ញាចិត្តក្នុងការលើកកម្ពស់សហគមន៍ធុរកិច្ចកម្ពុជា ដើម្បីពង្រីកកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងពាណិជ្ជកម្មរបស់ខ្លួនជាមួយទីក្រុងជាច្រើននៅក្នុងសហរដ្ឋអាមេរិក និងប្រទេសកម្ពុជា។
តំណាងឱ្យប្រជាជនរស់នៅក្នុងទីក្រុង Kent ខ្ញុំសូមអបអរសាទរចេញពីចិត្តជូនចំពោះលោក សរ សេរីវិចិត្រ (SAR Serevichet) ប្រធានអង្គការ Youth Organization of western United States នាឱកាសដែលអ្នកប្រារព្ធពិធីអបអរសាទរទិវាជ័យជំនះនេះ។
ដោយឡែកសម្រាប់ អាជ្ញាធរស្រុក King County វិញក៏បានចេញសេចក្តីប្រកាសស្វាគមន៍សហគមន៍ចម្រុះ និងពហុវប្បធម៌របស់ប្រជាជន ដែលបានចូលរួមចំណែកក្នុងភាពខ្លាំង និងស្មារតីនៃតំបន់របស់យើង។ រដ្ឋាភិបាលក្នុងតំបន់ King County ប្រឹងប្រែង ក្នុងការលើកកម្ពស់ការផ្ដល់ឱកាសសម្រាប់ប្រជាជនគ្រប់រូបដោយគ្មានការរើស ដើម្បីកិច្ចសហប្រតិបត្តិការ និងភាពរីកចម្រើន។
អង្គការ Cambodia Youth Organization ប្រឹងប្រែងដើម្បីការផ្សាភ្ជាប់រវាងប្រទេសកម្ពុជា តំបន់ King County និងនៅគ្រប់ទីកន្លែងនៅក្នុងសហរដ្ឋអាមេរិកតាមរយៈការអប់រំ និងការផ្លាស់ប្ដូរវប្បធម៌។ ការប្រារព្ធទិវាជ័យជំនះ៧ មករា នៅក្នុងប្រទេសកម្ពុជា និងសហគមន៍កម្ពុជាទាំងឡាយនៅជុំវិញពិភពលោក គឺជានិមិត្តរូបនៃការបិទបញ្ចប់របបប្រល័យពូជសាសន៍នៅក្នុងប្រទេសកម្ពុជា ហើយឆ្នាំនេះគឺជាខួបលើកទី៤៤។
យើងតំណាងឱ្យក្រុមប្រឹក្សាតំបន់ King County សូមស្វាមគន៍ចេញពីចិត្តដល់ប្រធានអង្គការ Cambodia Youth Organization នៃរដ្ឋវ៉ាស៊ីនតោន៕