(ឧត្តរមានជ័យ)៖ នាយប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិអូរស្មាច់ ខេត្តឧត្តរមានជ័យ ត្រូវបានប្រកាសចូលកាន់តំណែង នៅព្រឹកថ្ងៃទី៦ ខែមករា ឆ្នាំ២០២៣នេះ ដោយលោកឧត្តមសេនីយ៍ត្រី អៀ សុផល នាយរងប៉ុស្តិ៍នគរបាលច្រកទ្វារអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ទៅជានាយប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិអូរស្មាច់ ជំនួសលោកវរសេនីយ៍ឯក ថេរ សុរិទ្ធីយ៉ា ដែលត្រូវផ្ទេរភារកិច្ចទៅកាន់ជានាយរងការិយាល័យរដ្ឋបាលសរុប នៃនាយកដ្ឋានច្រកទ្វារទី១។

ពិធីផ្ទេរភារកិច្ច និងតែងតាំងមុខតំណែងនាយប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិអូរស្មាច់នាពេលនេះ ស្ថិតក្រោមវត្តមានលោក ប៉ែន កុសល្យ អភិបាលខេត្តឧត្តរមានជ័យ និងលោកនាយឧត្តមសេនីយ៍ ឃុន សំបូរ អគ្គនាយករងអន្តោប្រវេសន៍ តំណាងនាយឧត្តមសេនីយ៍ គៀត ច័ន្ទថារិទ្ធ អគ្គនាយក នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ដោយមានការចូលរួមពីថ្នាក់ដឹកនាំខេត្ត មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធទាំង៣ និងអង្គភាព ពាក់ព័ន្ធជាច្រើនទៀត។

នាយឧត្តមសេនីយ៍ ឃុន សំបូរ បានថ្លែងថា អគ្គនាយកដ្ឋានអន្តោប្រវេសន៍ជាសេនាធិការឱ្យក្រសួងមហាផ្ទៃ ទៅលើកិច្ចការច្រកទ្វារព្រំដែន និងកិច្ចការមួយចំនួនទៀតដែលពាក់ព័ន្ធទៅនឹងការគ្រប់គ្រងជនបរទេស ក៏ដូចជាកិច្ចការចូលរួមទប់ស្កាត់បទល្មើសឧក្រិដ្ឋកម្មឆ្លងដែន ក៏ដូចជាការចូលរួមចំណែកការពារសន្តិសុខជាតិ។ លោកថា អគ្គនាយដ្ឋានអន្តោប្រវេសន៍មានផ្នែកច្រើនទាក់ទងច្រកទ្វារព្រំដែនរួមមាន អាកាសយានដ្ឋានអន្តរជាតិ កំពង់ផែអន្តរជាតិ និងព្រំដែនគោក អញ្ចឹងការផ្លាស់ប្តូរតំណែងនាពេលនេះ ដើម្បីឱ្យនគរបាលអន្តោប្រវេសន៍មានបទពិសោធន៍ ពីគោកមកអាកាស ពីអាកាសមកទឹក និយាយរួមគឺដើម្បីផ្លាស់ប្តូរបទពិសោធន៍ការងារគ្នា។

នាយឧត្តមសេនីយ៍ ឃុន សំបូរ ក៏បានថ្លែងណែនាំនិងផ្តាំផ្ញើនូវកិច្ចការមួយចំនួន ដល់នាយប៉ុស្តិ៍ដែលត្រូវបានតែងតាំងនៅពេលនេះ ក៏ដូចជានាយរងប៉ុស្តិ៍ មន្ត្រីនគរបាលអន្តោប្រវេសន៍ច្រកទ្វារព្រំដែនអន្តរជាតិអូរស្មាច់ទាំងអស់ ត្រូវខិតខំបំពេញភារកិច្ចឱ្យបានល្អ ទទួលខុសត្រូវខ្ពស់ចំពោះកិច្ចការរបស់ខ្លួនតាមតួនាទីភារកិច្ចដែលច្បាប់កំណត់ និងលិខិតបទដ្ឋានដែលបានចែងឱ្យយើងធ្វើ ពិសេសត្រូវអនុវត្តការងារចំនួន៣នៅច្រកព្រំដែនឱ្យបានល្អរួមមាន ការងារអន្តោប្រវេសន៍ ការងារសហការ និងការងារទូទៅ។

ដោយឡែកលោក ប៉ែន កុសល្យ បានថ្លែងថា ការផ្ទេរភារកិច្ច តែងតាំងមុខតំណែងនាយប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិអូរស្មាច់នាពេលនេះ មិនមែនជាការដាក់ពិន័យមន្ត្រីណាមួយទេ តែជាគោលការណ៍ទូទៅរបស់អគ្គនាយកដ្ឋានដើម្បីធានាប្រសិទ្ធិភាពនិងបទពិសោធន៍ការងាររបស់មន្ត្រី ក្នុងនយោបាយកែទម្រង់ស៉ីជម្រៅរបស់រាជរដ្ឋាភិបាល ដែលមានសម្តេចតេជោនាយករដ្ឋមន្ត្រីជាប្រមុខ។ លោកអភិបាលខេត្ត ក៏បានណែនាំដល់នាយប៉ុស្តិ៍ថ្មី ត្រូវសហការឱ្យបានល្អជាមួយស្ថាប័នពាក់ព័ន្ធ និងអាជ្ញាធរមូលដ្ឋានគ្រប់ជាន់ថ្នាក់៕