(ចិត្របុរី-ក្រចេះ)៖ លោក ព្រុំ សុខា រដ្ឋមន្រ្តីក្រសួងមុខងារសាធារណៈ និងជាប្រធានក្រុមការងារខេត្តក្រចេះ រួមជាមួយសហការី បានចូលរួមប្រារព្ធខួបអនុស្សាវរីយ៍លើកទី៤៤ នៃជ័យជម្នះ៧មករា «៧មករា ១៩៧៩ - ៧មករា ២០២៣» និងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ អាគារស្នាក់ការគណបក្សប្រជាជនកម្ពុជា ស្រុកចិត្របុរី។

ពិធីនេះបានប្រព្រឹត្តទៅនៅព្រឹកថ្ងៃទី០៦ ខែមករា ឆ្នាំ២០២៣ នៅបរិវេណទីស្នាក់ការគណបក្សកម្ពុជាស្រុកចិត្របុរី ខេត្តក្រចេះ ដោយមានការចូលរួមពីសំណាក់អស់លោក លោកស្រី ជាសមាជិក សមាជិការដ្ឋសភា អ្នកតំណាងរាស្រ្ត សមាជិកក្រុមការងារថ្នាក់ជាតិ ប្រធានក្រុមប្រឹក្សាខេត្ត ក្រុមការងារថ្នាក់ជាតិ ថ្នាក់ខេត្តចុះជួយស្រុកចិត្របុរី ប្រធានគណបក្សស្រុក ប្រធានគណបក្សឃុំ មេឃុំ សមាជិកក្រុមប្រឹក្សាឃុំ មន្រ្តីអាជ្ញាធរមូលដ្ឋាន និងតំណាងប្រជាពលរដ្ឋតាមខ្នងផ្ទះនៃស្រុកចិត្របុរី សរុបអ្នកចូលរួមមានប្រមាណ ១ ៦៤០នាក់។

បន្ទាប់ពីលោក យិន វណ្ណៈ ប្រធានគណបក្សស្រុក និងជាអភិបាលស្រុកចិត្របុរី បានធ្វើសេចក្តីរាយការណ៍ជូនអង្គពិធីស្តីពីវឌ្ឍនភាពនៃការអនុវត្តផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នាតនាពេលខាងមុខរួចមក លោករដ្ឋមន្រ្តី ព្រុំ សុខា ប្រធានក្រុមការងារខេត្តក្រចេះ បានថ្លែងការអបអរសាទរយ៉ាងក្លៀវក្លាជាមួយប្រជាជនកម្ពុជាទូទាំងប្រទេស រំលឹកខួបអនុស្សាវរីយ៍លើកទី៤៤ នៃទិវាជ័យជម្នះ ៧មករា ដែលជាថ្ងៃរំដោះប្រជាជនកម្ពុជា ឱ្យរួចផុតពីការកាប់សម្លាប់ក្នុង មហាឧក្រិដ្ឋកម្មប្រល័យពូជសាសន៍នៃរបបកម្ពុជាប្រជាធិបតេយ្យ ហើយបានបើកឡើងនូវសករាជថ្មីរបស់កម្ពុជា។

ទន្ទឹមនោះ លោករដ្ឋមន្ត្រី បានរំលឹកពីការចងចាំផ្ទាល់ខ្លួនក្នុងរបបប្រល័យពូជសាសន៍ប៉ុលពតក្នុងនាមជាសាក្សីរស់ម្នាក់ គឺមិនអាចបំភ្លេចបានទេគ្មានព្រឹត្តិការណ៍ជាប្រវត្តិសាស្រ្តនៃថ្ងៃរំដោះ៧មករា ១៩៧៩នោះទេ យើងពិតជាគ្មានជីវិតរស់នៅមកដល់ថ្ងៃនេះទេ ហើយបើគ្មានការដឹកនាំប្រកបដោយគតិបណ្ឌិត និងបញ្ញាញាណឈ្លាសវៃបំផុតរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ដឹកនាំអនុវត្តនយោបាយឈ្នះ-ឈ្នះទេ សង្គមជាតិយើងនឹងមិនអាចមានសុខសន្តិភាព និងការអភិវឌ្ឍដូចបច្ចុប្បន្នដែរ។ គុណតម្លៃនៃសច្ចភាពជាប្រវត្តិសាស្ត្រ៧មករា ត្រូវតែបានចងចាំជាប់ជានិច្ចដោយមនុស្សគ្រប់រូប និងគ្រប់ជំនាន់នៅកម្ពុជា ពិសេសយុវវ័យជំនាន់ក្រោយ។

ក្នុងឱកាសនោះ លោករដ្ឋមន្រ្តី ព្រុំ សុខា បានថ្លែងអំណរគុណដល់ប្រជាពលរដ្ឋម្ចាស់ឆ្នោតទាំងអស់ដែលបានបោះឆ្នោតគាំទ្រគណបក្សប្រជាជនកម្ពុជាកន្លងមក និងអំពាវនាវឱ្យបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជាបន្តទៀត ដើម្បីមានឱកាសដឹកនាំថែរក្សាសុខសន្តិភាព និងអភិវឌ្ឍសង្គមជាតិមាតុភូមិឱ្យសម្បូរសប្បាយរុងរឿង និងបន្តលើកិត្យានុភាពរបស់កម្ពុជាឱ្យស្មើមុខ និងស្មើសិទ្ធិជាមួយប្រទេសក្នុងតំបន់ និងលើសកលលោក។

ជាចុងបញ្ចប់ លោករដ្ឋមន្រ្តី ព្រុំ សុខា ប្រធានក្រុមការងារខេត្តក្រចេះ បានផ្តាំផ្ញើរំលឹកក្រុមការងារ និងមន្រ្តីគណបក្សគ្រប់ជាន់ថ្នាក់ សូមប្រើប្រាស់អគារស្នាក់ការគណបក្សនេះ ដើម្បីជាគុណប្រយោជន៍នៃការពូនផ្តុំសាមគ្គីភាពផ្ទៃក្នុងឱ្យស្អិតល្មួតរវាងមន្រ្តីគណបក្សជាមួយប្រជាពលរដ្ឋគ្រប់ស្រទាប់ ពិសេសទំនាក់ទំនងផ្សារភ្ជាប់សុខទុក្ខជិតស្និទ្ធជាប្រចាំជាមួយបងប្អូនប្រជាពលរដ្ឋ និងក្រុមញាតិគ្រួសារ គ្រប់ពេលវេលា គ្រប់ទីកន្លែង រួមគ្នាចុះជាប់មូលដ្ឋានផ្សារភ្ជាប់ជិតស្និទ្ធជាមួយប្រជាជន សំដៅពង្រឹងប្រៀបឈ្នះរបស់គណបក្សប្រជាជនកម្ពុជា ឈានទៅដណ្តើមជ័យជម្នះ ក្នុងការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៧ ឆ្នាំ២០២៣ ខាងមុខ ដើម្បីបន្តពង្រឹងបុព្វហេតុសុខសន្តិភាព វឌ្ឍនភាព វិបុលភាពយូរអង្វែងរបស់សង្គមជាតិ៕