(សៀមរាប)៖ លោក សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន បានអញ្ជើញចូលរួមកិច្ចប្រជុំគណៈកម្មាធិការអន្តរជាតិ សម្របសម្រួលកិច្ចអភិរក្ស និងអភិវឌ្ឍ រមណីដ្ឋានប្រវត្តិសាស្ត្រអង្គរ (ICC) ដែលបានប្រារព្ធធ្វើឡើងនៅមជ្ឈមណ្ឌលអាជ្ញាធរជាតិអប្សរា ខេត្តសៀមរាប ក្រោមអធិបតីភាពឧបនាយករដ្ឋមន្រ្តី សុខ អាន រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការ គណៈរដ្ឋមន្ត្រី និងជាប្រធានអាជ្ញាធរជាតិអប្សរា។
នៅក្នុងកិច្ចប្រជុំនោះ លោករដ្ឋមន្ត្រីបានរាយការណ៍ ជូនអង្គប្រជុំអំពីវឌ្ឍនភាព នៃការគ្រប់គ្រងឧទ្យានជាតិព្រះជ័យវរ្ម័ន-នរោត្តម «ភ្នំគូលែន» ថា បន្ទាប់ពីរាជរដ្ឋាភិបាលសម្រេចដកហូតគម្រោងវិនិយោគលក់សំបុត្រ ឡើងលើភ្នំគូលែនរួចមក ក្រុមការងារអន្តរក្រសួងក៏ត្រូវបានបង្កើតឡើង សម្រាប់ធ្វើការវាយតម្លៃលើទុនវិនិយោគ ដែលបានចំណាយកន្លងមកលើការសាងសង់ផ្លូវឡើងលើភ្នំគូលែន ដើម្បីទូទាត់សំណង។
នៅក្នុងកិច្ចប្រជុំនេះ លោករដ្ឋមន្ត្រីក៏បានស្នើសុំគណៈកម្មាធិការអន្តរជាតិ សម្របសម្រួលកិច្ចអភិរក្ស និងអភិវឌ្ឍរមណីដ្ឋានប្រវត្តិសាស្ត្រអង្គរ (ICC) និងអង្គការដៃគូនានា ជួយជាបច្ចេកទេស និងថវិកាសម្រាប់រៀបចំផែនការ គ្រប់គ្រងឧទ្យានជាតិនេះ។ ក្រុមការងារបច្ចេកទេសថ្នាក់ខេត្តកំពុងសិក្សាពិនិត្យ និងស្វែងរកទីតាំងសម្រាប់ដោះស្រាយការផ្ទេរកងទ័ព គ្រួសារកងទ័ព និងប្រជាពលរដ្ឋចំណាកស្រុក ដែលបានឈរជើង និងចូលទៅតាំងទីលំនៅថ្មី នៅលើភ្នំគូលែនឱ្យចុះមករស់នៅទីតាំងថ្មីនៅខាងក្រោម។
លោករដ្ឋមន្ត្រីបានស្នើឱ្យ លោកអភិបាលខេត្តសៀមរាប ដឹកនាំអង្គភាពជំនាញថ្នាក់ក្រោមជាតិ ពាក់ព័ន្ធធ្វើការពិនិត្យ និងរៀបចំកែលម្អទីតាំងទេសចរនៅក្នុងឧទ្យានជាតិ ភ្នំគូលែន ឱ្យបានល្អប្រសើរជាងមុនដូចជា៖ ការទុកដាក់សំណល់រឹងរាវ ធ្វើការផ្លាស់ប្តូរតូបលក់ដូរ និងភោជនីយដ្ឋាន នៅមាត់ទឹកមកកាន់ទីតាំងសមស្រប ការរៀបចំផ្ទះស្នាក់បែបសហគមន៍ (Homestay) និងមគ្គុទ្ទេសក៍ទេសចរមូលដ្ឋាន (Local Guide) ជាដើម។ ចំពោះសកម្មភាពល្មើសច្បាប់មានដូចជា បទល្មើសកាប់ឈើ ចាប់សត្វ និងកាប់ទន្ទ្រានរានយកដីព្រៃធ្វើជាកម្មសិទ្ធិ ត្រូវតែមានវិធានការតាមផ្លូវច្បាប់ ដោយត្រូវចងក្រងសំណុំរឿងបញ្ជូនទៅតុលាការ ស្របតាមនីតិវិធីច្បាប់ជាធរមាន។
កិច្ចប្រជុំគណៈកម្មការអន្តរជាតិ សម្របសម្រួលដើម្បីកិច្ចអភិរក្ស និងអភិវឌ្ឍន៍រមណីយដ្ឋានអង្គរបានបិទបញ្ចប់ នៅល្ងាចថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០១៦នេះ៕