(ភ្នំពេញ)៖ លោកបណ្ឌិត កៅ គឹមហួន ដែលជារដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី បានចាប់ផ្តើមបំពេញការងារជាអគ្គលេខាធិការអាស៊ានហើយ ដោយលោក និងភរិយា បានធ្វើដំណើរទៅកាន់រដ្ឋធានីហ្សាកាតា ប្រទេសឥណ្ឌូនេស៊ី នៅថ្ងៃទី០៦ ខែមករា ឆ្នាំ២០២៣នេះ។
លោកបណ្ឌិត កៅ គឹមហួន ត្រូវបាន កិច្ចប្រជុំកំពូលអាស៊ាន ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ នៅថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២២ ប្រកាសតែងតាំងជា អគ្គលេខាធិការអាស៊ាន ចាប់ពីឆ្នាំ២០២៣ តទៅ ដែលអាណត្តិនៃអគ្គលេខាធិការអាស៊ាននេះ មានរយៈពេល៥ឆ្នាំ។
លោកបណ្ឌិត កៅ គឹមហួន ជាមនុស្សម្នាក់ក្នុងចំណោមមនុស្ស៣នាក់ ដែលរាជរដ្ឋាភិបាលកម្ពុជា ស្នើធ្វើជាអគ្គលេខាធិការអាស៊ាន ឆ្នាំ២០២៣ នៅពេលដែលដល់វេនប្រទេសកម្ពុជា។ នេះជាលើកទី១ហើយ ដែលកម្ពុជាមានឱកាសធ្វើជា អគ្គលេខាធិការអាស៊ាន បន្ទាប់ពីកម្ពុជាបានចូលជាសមាជិកអាស៊ាន កាលពីឆ្នាំ១៩៩៩។
តាមមាត្រា ១១ នៃធម្មនុញ្ញអាស៊ានបានឱ្យដឹងថា អគ្គលេខាធិការអាស៊ាន ត្រូវជ្រើសរើសចេញពីក្នុងចំណោមជនជាតិនៃរដ្ឋសមាជិកអាស៊ាន ផ្អែកទៅលើការប្ដូរវេនគ្នាតាមលំដាប់អក្ខរក្រមនៃឈ្មោះរដ្ឋសមាជិក ដោយពិចារណាល្អិតល្អន់ទៅលើសុច្ចរិតធម៌ សមត្ថភាព បទពិសោធន៍វិជ្ជាជីវៈ និងសមភាពយេនឌ័រ៕