(ហាណូយ)៖ នៅរសៀលថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០១៦នេះ គណៈប្រតិភូអ្នកសារព័ត៌មានកម្ពុជា ដែលត្រូវបានអញ្ជើញទៅទស្សនកិច្ច នៅប្រទេសវៀតណាម ត្រូវបានអគ្គនាយកកាសែតកងទ័ពប្រជាជនវៀតណាម អនុញ្ញាតអោយចូលជួបពិភាក្សាការងារ និងស្វែងយល់ពីសង្វាក់ផលិតកម្ម របស់កាសែតផងដែរ។
កាសែតកងទ័ពប្រជាជនវៀតណាម ត្រូវបានបង្កើតឡើងតាំងពីឆ្នាំ១៩៥០មកម៉្លេះ បើគិតមកដល់ពេលនេះ គឺមានរយៈពេល៦៦ឆ្នាំមកហើយ។
អគ្គនាយករងម្នាក់ របស់កាសែតកងទ័ពប្រជាជនវៀតណាម បានអះអាងថា កាសែតនេះត្រូវបានបង្កើតឡើងតាំងពី សម័យសង្គ្រាមប្រឆាំងអាណានិគមបារាំង ចូលឈ្លានពានវៀតណាមមកម៉្លេះ ដើម្បីជួយដល់ចលនាតស៊ូផ្ដួលរំលំ របបអាណានិគម រហូតដល់សម័យសង្គ្រាមអាមេរិក ចូលឈ្លានពាន ដោយផ្សព្វផ្សាយព័ត៌មាន ប្រឆាំងការឈ្លានពានរបស់បរទេស ហើយក៏ជាកាសែតមួយឈានមុខគេ ក្នុងការចូលយកព័ត៌មាន និងផ្សព្វផ្សាយព័ត៌មានដល់សមរភូមិ មានសមរភូមិឌៀនបៀនភូជាដើម។
លោកអគ្គនាយករងបានអោយដឹងទៀត ថាបច្ចុប្បន្នកាសែតកងទ័ពប្រជាជនវៀតណាម បានបោះពុម្ភផ្សាយបីប្រភេទដោយរួមមានទី១ កាសែតចេញផ្សាយប្រចាំថ្ងៃ មាន៨ទំព័របោះពុម្ភចំនួន៥៥មុឺនច្បាប់ ទី២ទស្សនវដ្ដីចេញផ្សាយប្រចាំអាទិត្យ និងទី៣ទស្សនាវដ្ដី ចេញផ្សាយប្រចាំខែដោយកាសែត និងទស្សនាវដ្ដីភាគច្រើន សំរាប់ចែកផ្សាយនៅតាមស្ថាប័ននានា និងដាក់លក់នៅលើទីផ្សារ មានចំនួនតិចតួចប៉ុណ្ណោះ ហើយជាកាសែតនយោបាយឈានមុខគេ នៅប្រទេសវៀតណាម ដោយទទួលថវិកាចំណាយពីរដ្ឋាភិបាល ក្នុងការទ្រទ្រង់សកម្មភាពបោះពុម្ពផ្សាយ។
ក្រៅពីនេះក៏មានវេបសាយជាភាសាវៀតណាម ចិន និងអង់គ្លេសផងដែរ។ ក្នុងនោះអ្វីដែលជាការកត់សំគាល់ គឺនៅខែធ្នូចុងឆ្នាំនេះ កាសែតកងទ័ពប្រជាជនវៀតណាម នឹងចេញផ្សាយវេបសាយជាភាសាខ្មែរ និងភាសាឡាវថែមទៀត។
ជាការឆ្លើយតបលោក ហាស់ សំអាត ប្រធានប្រតិភូដឹកនាំដំណើរទស្សនកិច្ចរបស់អ្នកសារព័ត៌មាន បានឡើងថ្លែងមតិផ្ដាំផ្ញើរបស់លោក ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មានកម្ពុុជា ដែលផ្ដាំសួរសុខទុក្ខថ្នាក់ដឹកនាំ និងបុគ្គលិកទាំងអស់របស់កាសែតកងទ័ពប្រជាជនវៀតណាម ដែលបានអនុញ្ញាតឲ្យអ្នកសារព័ត៌មានកម្ពុជា ចូលជួបពិភាក្សាការងារ និងធ្វើការផ្លាស់ប្ដូរបទពិសោធន៏លើវិស័យព័ត៌មានគ្នាទៅវិញទៅមក។ លោកក៏បានសន្យាយកព័ត៌មានស្ដីពីគោលការណ៏ របស់កាសែតកងទ័ពប្រជាជនវៀតណាម ដែលថានឹងចេញផ្សាយភាសាខ្មែរ នៅលើវេបសាយ ជូនទៅពលរដ្ឋកម្ពុជាឲ្យបានដឹង និងងាយស្រួលបើកចូលអាន។
លោក យ៉ែម ណយ ប្រធាននាយកដ្ឋានមណ្ឌលព័ត៌មាន បានឡើងឧន្ទេសនាមពីសិទ្ធិសេរីភាព របស់អ្នកសារព័ត៌មាននៅកម្ពុជា មានសិទ្ធិសេរីភាពក្នុងការចេញផ្សាយដោយសេរី ដោយជ្រកក្រោមដំបូលរដ្ឋធម្មនុញ្ញ និងច្បាប់ផ្សេងៗ។ ក្នុងនោះបច្ចុប្បន្ននៅកម្ពុជា មានអង្គភាពកាសែតគ្រប់ប្រភេទ ដែលបានទៅចុះបញ្ជី នៅក្រសួងព័ត៌មានជាង៨០០អង្គភាព តែអង្គភាពកាសែត ដែលចេញផ្សាយជាប្រចាំ គឺមានប្រមាណជាង២០ប៉ុណ្ណោះ។
ខណៈការវិវត្ត៏នៃសម័យបច្ចេកវិជ្ជាមានការកើនឡើង សារព័ត៌មានអនឡាញចាប់ផ្ដើមវាយលុកទៅលើមិត្តអ្នកអាន ទាំងអ្នកសារព័ត៌មានវៀតណាម និងកម្ពុជា នាំគ្នាព្រួយបារម្ភពីការដណ្ដើមទីផ្សាររបស់សារព័ត៌មានអនឡាញ ទៅលើសារព័ត៌មានបោះពុម្ភនោះ។ ភាគីវៀតណាមក៏បានសរសើរពីការប្រតិបត្តិការរបស់អង្គភាពព័ត៌មាន Fresh News របស់កម្ពុជា ខណៈតំណាងឲ្យអង្គភាពព័ត៌មាន Fresh News បានឡើងឧទ្ទេសនាមពីសកម្មភាពប្រតិបត្តិការការងារ ដែលអាចរកប្រភពចំណូលបានមកពីការផ្សាយពាណិជ្ជកម្ម។
ភាគីកាសែតវៀតណាម ក៏បានកោតសរសើរព័ត៌មានអនឡាញរបស់ Fresh News ដែលផ្សាយព័ត៌មានបានលឿន មានអ្នកចូលមើលច្រើន និងល្បីជាងគេនៅកម្ពុជា ដោយអ្នកកាសែតវៀតណាម នៅហាណូយ ដែលចេះភាសាខ្មែរ ក៏ដោនឡូតព័ត៌មាន Fresh News ទុកបើកមើលតាមដានព័ត៌មាន នៅប្រទេសកម្ពុជាផងដែរ។
ក្រោយពិធីសំណេះសំណាល ភាគីវៀតណាម ក៏បានរៀបចំអាហារសាមគ្គីពេលល្ងាចជុំគ្នា ដើម្បីភាពស្និតស្នាផងដែរ៕