Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

រដ្ឋមន្ត្រីក្រសួងវប្បធម៌ ស្នើអគ្គស្នងការនគរបាលជាតិ ទប់ស្កាត់ការផ្សព្វផ្សាយចម្រៀង «ឈាមបាតុករ» មានចេតនាញុះញង់បង្កអសន្តិសុខក្នុងសង្គម

06-01-2023 13:49

(ភ្នំពេញ)៖ លោកស្រី ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានស្នើនាយឧត្តមសេនីយ៍ នេត សាវឿន អគ្គស្នងការនគរបាលជាតិ ចាត់វិធានការទប់ស្កាត់ការផ្សព្វផ្សាយ បទចម្រៀង ដែលមានចំណងជើងថា «ឈាមបាតុករ»

បទចម្រៀងបែបរ៉េបមានចំណងជើងថា «ឈាមបាតុករ» កំពុងនឹងត្រូវបានផ្សព្វផ្សាយយ៉ាងផុលផុសពីសំណាក់អង្គការ និងក្រុមមនុស្សមាននិន្នាការប្រឆាំងរាជរដ្ឋាភិបាល។

ក្នុងលិខិតផ្ញើជូននាយឧត្តមសេនីយ៍ នេត សាវឿន ឱ្យចាត់វិធានការទប់ស្កាត់ការផ្សព្វផ្សាយបទចម្រៀងនេះ លោកស្រី ភឿង សកុណា បានគូសបញ្ជាក់ថា បទចម្រៀង «ឈាមបាតុករ» មានខ្លឹមសារអុជអាល ញុះញង់ អាចនឹងបង្កអសន្តិសុខ សណ្តាប់ធ្នាប់ដល់សង្គម។

បើតាមលោកស្រី ភឿង សកុណា បទចម្រៀងនេះ និពន្ធទំនុកច្រៀង និងច្រៀងដោយឈ្មោះ គា សុគន្ធ។ បទចម្រៀងនេះ ត្រូវបានក្រសួងមហាផ្ទៃចាត់វិធានការបិទ និងផ្តន្ទាទោសអ្នកនិពន្ធ និងអ្នកច្រៀងម្តងរួចហើយមកហើយ។ តែនៅពេលថ្មីៗនេះ បទចម្រៀងនេះ ត្រូវបានផ្សព្វផ្សាយឡើងវិញ។

ជាការកត់សម្គាល់ការផ្សព្វផ្សាយឡើងវិញនូវបទចម្រៀង «ឈាមបាតុករ» ត្រូវបានធ្វើឡើងក្រោមសេនារីយោមួយច្បាស់លាស់។ ក្រុមអង្គការមាននិន្នាការប្រឆាំងរាជរដ្ឋាភិបាល មានដូចជាអង្គការលីកាដូ និងសង់ត្រាល់ជាដើម បូករួមជាមួយក្រុមអ្នកនយោបាយប្រឆាំង បាននាំគ្នាគាស់រំលើង និងផ្សព្វផ្សាយព្រមៗគ្នាលើបណ្តាញសង្គម។

តាមរយៈការផ្សព្វផ្សាយដោយមានផែនការច្បាស់លាស់នេះ បានបង្ហាញឱ្យឃើញច្បាស់នូវចេតនាទុច្ចរិតរបស់អង្គការប្រឆាំងរាជរដ្ឋាភិបាលដូចជាលីកាដូ និងសង់ត្រាល់ ក៏ដូចជាអ្នកនយោបាយប្រឆាំង ក្នុងបំណងដុងកំហឹងវណ្ណៈ បង្កើតចលាចល និងអសន្តិសុខនានាក្នុងសង្គម នៅមុនពេលការបោះឆ្នោតឈានមកដល់៕