(ភ្នំពេញ)៖ លោកឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ និងលោកឧត្តមសេនីយ៍ឯក ហុក ថាវណ្ណ អនុប្រធាននាយកដ្ឋានបុគ្គលិក និងជាតំណាងនាយឧត្តមសេនីយ៍ ប៉ែន វិបុល អគ្គស្នងការរង និងជាប្រធាននាយកដ្ឋានបុគ្គលិក នៅព្រឹកថ្ងៃទី០៦ ខែមករា ឆ្នាំ២០២៣នេះ បានអញ្ជើញជាអធិបតីភាព ក្នុងពិធីប្រកាសផ្ទេរកិច្ច តែងតាំងមុខតំណែង និងបំពាក់ឋានន្តរសក្តិ ជូនមន្ត្រីនគរបាលជាតិ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ចំនួន១៨រូប។
ក្នុងពិធីនេះ ក៏មានការចូលរួមពីលោក-លោកស្រីស្នងការរង លោក-លោកស្រីនាយការិយាល័យជំនាញ លោកអធិការនគរបាលខណ្ឌទាំង១៤ រួមទាំងមន្ត្រីពាក់ព័ន្ធជាច្រេីនរូបទៀតផងដែរ។
ជាកិច្ចចាប់ផ្ដើមលោកឧត្តមសេនីយ៍ទោ ហ៊ុន សុធី ស្នងការរងទទួលផែនការងារធនធានមនុស្ស បានឡេីងអានប្រកាសរបស់ក្រសួងមហាផ្ទៃ សេចក្តីសម្រេចរបស់អគ្គស្នងការដ្ឋាននគរបាលជាតិ ស្តីពីការផ្ទេរភារកិច្ច តែងតាំងមុខតំណែង និងបំពាក់ឋានន្តរស័ក្តិ និងអានលិខិតបង្គាប់ការរបស់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ជូនដល់អង្គពិធី។
ក្នុងឱកាសនោះ លោកឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ និងលោកឧត្តមសេនីយ៍ឯក ហុក ថាវណ្ណ អនុប្រធាននាយកដ្ឋានបុគ្គលិក បានអញ្ជេីញផ្តល់កិត្តិយសផ្តល់លិខិតប្រកាសតែងតាំងជូនលោកស្នងការរង និងបំពាក់សក្តិជូនមន្ត្រីជាច្រេីនរូបទៀតផងដែរ។
លោកឧត្តមសេនីយ៍ឯក ស ថេត បានធ្វេីការផ្តល់ជាមតិណែនាំល្អៗជាច្រេីន ដល់មន្ត្រីទាំងអស់ដែលទេីបទទួលបានតួនាទី និងឋានន្តរសក្តិ ឲ្យមានអាកប្បកិរិយា និងសម្តីសមរម្យ ដេីម្បីបម្រេីប្រជាពលរដ្ឋនៅតាមមូលដ្ឋានឲ្យបានល្អ ជាពិសេសត្រូវធ្វេីយ៉ាងណាដេីម្បី បង្ការ ទប់ស្កាត់ និងបង្ក្រាបរាល់បទល្មេីសនានា ដូចជាការលួច ឆក់ ប្លន់ជាដើម។
ចំណុចសំខាន់ផ្សេងៗទៀត លោកស្នងការបានដាក់បទបញ្ជាដល់ ស្នងការរងទទួលផែនការងារប្រឆាំងគ្រឿងញៀន ការិយាល័យជំនាញ និងអធិការនគរបាលខណ្ឌទាំង១៤ ត្រូវតែយកចិត្តទុកដាក់ខ្ពស់ ក្នុងការស្រាវជ្រាវរកមុខសញ្ញា និងដឹកនាំបង្ក្រាបឲ្យបានជាប្រចាំនៅទីតាំងប្រេីប្រាស់ និងជួញដូរគ្រឿងញៀន។ ក៏ដូចជាផ្តោតសំខាន់ដល់តាមបណ្តាខណ្ឌ ប៉ុស្តិ៍ទាំងអស់ត្រូវយកចិត្តទុកដាក់ក្នុងការទទួលពាក្យបណ្តឹងរបស់ប្រជាពលរដ្ឋ ក៏ដូចជាការប្រេីប្រាស់ពាក្យសម្តី និងកាយវិការឲ្យបានសមរម្យ៕