(កំពង់ធំ)៖ ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ប្រធានសមាគមអតីតយុទ្ធជនកម្ពុជាខេត្តកំពង់ធំ និងសហការី រួមជាមួយអាជ្ញាធរដែនដី នៅថ្ងៃទី០៦ ខែមករា ឆ្នាំ២០២៣នេះ បានប្រគល់ខ្នង១ខ្នង ដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងប្រធានសមាគមអតីតយុទ្ធជនកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន តាមរយៈទេសរដ្ឋមន្រ្តីកិត្តិសង្គហបណ្ឌិត គន់ គីម អគ្គលេខាធិការសមាគមអតីតយុទ្ធជនកម្ពុជា ជូនគ្រួសារអតីតយុទ្ធជនពលីនៅភូមិព្រៃគុយ ឃុំព្រៃគុយ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ។
ឧត្ដមសេនីយ៍ទោ សោម ស៊ុន បានបញ្ជាក់ថា លោកស្រី កាន់ គឹមលី អាយុ៤៩ឆ្នាំ ជាស្ត្រីមេម៉ាយ មានកូនក្នុងបន្ទុកចំនួន៣នាក់ ប្រកបមុខរបរធ្វើស្រែ ត្រូវជាភរិយាសពលោកព្រិន្ទបាលឯក ស៊ុន សម្បត្តិ ចូលបម្រើកងទ័ពនៅឆ្នាំ១៩៩១ នៅអង្គភាពទ័ពឆ័ត្រយោង៩១១ រាជធានីភ្នំពេញ។ ហើយបានពលីជីវិតនៅឆ្នាំ២០០៥ ដោយសារជំងឺរើមុខរបូសចាស់។ ដោយមើលឃើញពីជីវភាពរស់នៅរបស់គាត់ មានការលំបាកខ្វះខាត ទើបគណៈកម្មាធិការសមាគមអតីតយុទ្ធជនកម្ពុជាខេត្តកំពង់ធំ សុំការសម្រេចសាងសង់ផ្ទះជូនគាត់នៅពេលនេះជាខ្នងផ្ទះទី២៣៨ អំណោយដ៏ថ្លៃថ្លារបស់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដោយបានសាងសង់ខ្ពស់ផុតពីដី សសរបេតុង ឆ្អឹង ដែក រនាបក្តា ជញ្ជាំងស្មាតបត ដំបូលប្រក់ស័ង្កសីកិនភ្លី និងជណ្ដើរកាច់។
ក្នុងពិធីប្រគល់ផ្ទះថ្មីនៅពេលនេះ ឧត្តមសេនីយ៍ទោ សោម ស៊ុន បានអំពាវនាវដល់ក្រុមគ្រួសារអតីតយុទ្ធជន និងប្រជាពលរដ្ឋទាំងអស់ ត្រូវខិតខំថែរក្សាសុខភាព និងសូមអញ្ជើញទៅចាក់វ៉ាក់សាំងដូសទី៤ និងដូសទី៥ ឱ្យបានគ្រប់ៗគ្នានៅតាមមណ្ឌលសុខភាព តាមការអំពាវនាវរបស់សម្តេចតេជោ ហ៊ុន សែន។
ក្នុងពិធីប្រគល់ផ្ទះថ្មីនេះ ក្រុមការងារអតីតយុទ្ធជនកម្ពុជាខេត្តកំពង់ធំ បាននាំយកអំណោយរបស់ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត និងលោកស្រី ពេជ ចន្ទមុន្នី ផ្ដល់ជូនគាត់បន្ថែមទៀតមាន៖ អង្ករចំនួន ៧៥គីឡូក្រាម មីចំនួន២កេស ទឹកត្រី ទឹកស៊ីអ៉ីវចំនួន២យួរ និងសម្ភារៈសម្រាប់ប្រើប្រាស់ក្នុងផ្ទះបាយមួយចំនួន ព្រមទាំងថវិកាមួយចំនួនផងដែរ។
លោកស្រី កាន់ គឹមលី គ្រួសារអតីតយុទ្ធជនពលី និងក្រុមគ្រួសារ បានសូមគោរពថ្លែងអំណរគុណដ៏ជ្រាលជ្រៅជាទីបំផុតនិងសូមគោរពជូនពរចំពោះសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ព្រមទាំងលោកបណ្ឌិត ហ៊ុន ម៉ាណែត និងលោកស្រី រួមទាំងគណៈកម្មាធិការសមាគមអតីតយុទ្ធជនកម្ពុជាខេត្តកំពង់ធំ សូមបានជួបតែពុទ្ធពរទាំងប្រាំប្រការ កុំបីឃ្លៀងឃ្លាតឡើយ និងបានប្តេជ្ញាចិត្តបន្តគាំទ្រសម្តេចតេជោ ហ៊ុន សែន លុះអវសាន្តជីវិត៕