(សៀមរាប)៖ លោក ទៀ សីហា អភិបាលខេត្តសៀមរាប បានអអញ្ជើញជាអធបិតីភាពផ្ទេរភារកិច្ច និងប្រកាសចូលកាន់មុខតំណែងអភិបាលស្រុកជីក្រែងថ្មី គឺលោក បូ ម៉េងទ្រី ពីអភិបាលរងក្រុងសៀមរាប ឋានន្តរស័ក្តិអនុមន្ត្រីថ្នាក់លេខ១ ឱ្យចូលកាន់តំណែងជាអភិបាលស្រុកជីក្រែង ជំនួសលោក ពៅ ប៊ុនធឿន អតីតអភិបាលស្រុក ដែលត្រូវបានផ្ទេរភារកិច្ច ជាអភិបាលស្រុកអង្គរធំ ខេត្តសៀមរាប។

ពិធីប្រកាសផ្ទេរភារកិច្ចអភិបាលស្រុកថ្មីទាំង២រូប ត្រូវបានធ្វើនារសៀលថ្ងៃទី០៥ ខែមករា ឆ្នាំ២០២៣ ដែលរៀបចំឡើងនៅសាលាស្រុកជីក្រែង ដែលមានការអញ្ជើញចូលរួមពីសំណាក់ថ្នាក់ដឹកនាំខេត្ត កងកម្លាំងប្រដាប់អាវុធ និងមន្ត្រីរាជការជុំវិញខេត្តមួយចំនួនផងដែរ។

នាឱកាសនោះដែរ លោក ទៀ សីហា ក៏បានកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះថ្នាក់ដឹកនាំមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ និងប្រជាពលរដ្ឋទូទាំងស្រុកជីក្រែង ដែលបានរួមសាមគ្គីគ្នា ក្នុងការកសាងអភិវឌ្ឍន៍ស្រុកឱ្យមានការរីកចម្រើនលើគ្រប់វិស័យក្នុងរយៈពេលកន្លងមកនេះ។ ម៉្យាងទៀតស្រុកជីក្រែងទាំងមូល មានសក្តានុពល ក្នុងវិស័យកសិកម្ម និងទេសចរណ៍ទៀតផងដែរ។

លោក ទៀ សីហា បានលើកឡើងថា សមទ្ធិផលដែលស្រុកសម្រេចបានកន្លងមកនេះ ជាគុណប្រយោជន៍ដ៏ឧត្តុង្គឧត្តមនៃប្រជាជាតិ ព្រមជាមួយកម្មវិធីកំណែទម្រង់នានារបស់រាជរដ្ឋាភិបាល ហើយក្នុងបរិបទ នៃកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ រាជរដ្ឋាភិបាលសម្រេចបាននូវសមទ្ធិផលជាច្រើគួរជាទីមោទនភាព។

លោក ទៀ សីហា បានបន្តថា ការប្រកាសតែងតាំងចូលកាន់មុខតំណែងនេះ វាជាបែបបទនីតិវិធី ដែលបានកំណត់ក្នុងច្បាប់ ហើយត្រូវបានយកមកអនុវត្តក្នុងប្រព័ន្ធរដ្ឋបាល សំដៅធ្វើយ៉ាងណាឱ្យការគ្រប់គ្រង ដឹកនាំរដ្ឋបាលកាន់តែមានប្រសិទ្ធភាព ក្នុងការឆ្លើយតបនឹងតម្រូវការរបស់មូលដ្ឋាន។ ចំពោះអភិបាលស្រុក ដែលទើបតែងតាំងថ្មី រួមទាំងក្រុមប្រឹក្សា គណៈអភិបាលស្រុក មន្រ្តីរាជការ កងកម្លាំងប្រដាប់អាវុធ និងកម្លាំងមានសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់នៃស្រុកជីក្រែង ត្រូវរួមសហការគ្នាអនុវត្តការងារសំខាន់ៗ ជាអាទិភាពមួយចំនួន ដោយត្រូវរួមគ្នាថែរក្សាការពារសន្តិភាព ស្ថិរភាពនយោបាយ ស្ថិរភាពសង្គម ឲ្យបានល្អប្រសើរ ក្នុងការតាមដានត្រួតពិនិត្យ និងដោះស្រាយបាតុភាពអសកម្ម និងការថ្នាំងថ្នាក់នានា នៅមូលដ្ឋានឲ្យមានតម្លាភាព និងប្រសិទ្ធិភាពខ្ពស់។

ទន្ទឹមនឹងនេះដែរលោកអភិបាលខេត្ត ក៏បានណែនាំឱ្យមន្ត្រីរាជការត្រូវរួមគ្នាកសាង ពង្រឹងសមត្ថភាពរដ្ឋបាលថ្នាក់ក្រោមជាតិ ជាពិសេសភូមិ ឃុំ ឱ្យមានភាពធុនទៅ និងវិបត្តិ ការប្រែប្រួលនៃព្រឹត្តិការណ៍នានា ជាក់ស្តែងដូចជាយើងកំពុងជួបប្រទះនៅពេលកន្លងមក ដោយឆ្លងរាលដាលនៃមេរោគកូវីដ១៩ ដោយមិនត្រូវធ្វេសប្រហែសនៃជំងឺកូវិដឡើយ គឺត្រូវប្រកាន់ឱ្យបានខ្ជាប់ខ្ជួននូវវិធានការរបស់រាជរដ្ឋាភិបាល ដើមី្បបន្សាំខ្លួននឹងការរស់នៅតាមគន្លងប្រក្រតីថ្មី នៃបរិបទកូវីដ១៩ ព្រមទាំងជំរុញដល់អាជ្ញាធរភូមិ ឃុំ ធ្វើការផ្សព្វផ្សាយដល់ប្រជាពលរដ្ឋឱ្យទៅចាក់វ៉ាក់សាំងនូវដូសបន្តទៀតផងដែរ។

លោកអភិបាលខេត្តក៏បានផ្តល់នូវអនុសាសន៍៨ចំណុច សម្រាប់រដ្ឋបាលស្រុកជីក្រែង បន្តសហការអនុវត្តឱ្យមានប្រសិទ្ធិភាព នូវកម្មវិធីកំណែទម្រង់នានា របស់រាជរដ្ឋាភិបាលឱ្យមានវឌ្ឍនភាពតាមផែនការកំណត់ ជាពិសេសត្រូវត្រៀមសហការអនុវត្តជាមួយក្រុមការងារថ្នាក់ជាតិ ថ្នាក់ខេត្ត ថ្នាក់ស្រុក និងឃុំឱ្យទទួលបានជោគជ័យ និងបង្ការទប់ស្កាត់ បង្រ្កាបបទល្មើសព្រៃឈើ និងពន្លឿនបញ្ចប់ការកាត់ឆ្វៀលដីតំបន់បី របស់អាជ្ញាធរបឹងទន្លេសាប។

ជាមួយនេះដែរ រដ្ឋបាលស្រុក ត្រូវរួមគ្នាបំពេញការងារឱ្យកាន់តែមានប្រសិទ្ធភាពថែមទៀត និងខិតខំពង្រឹងការិយាល័យផែនការ និងគាំទ្រឃុំ និងទទួលខុសត្រូវក្នុងការគាំទ្របច្ចេកទេសទៅដល់ឃុំក្នុងដែនសមត្ថកិច្ចរបស់ខ្លួន និងធ្វើការបណ្តុះបណ្តាលមន្រ្តីរាជការសាលាស្រុកឱ្យមានសមត្ថភាពគ្រប់គ្រាន់ក្នុងការអនុវត្តតួនាទី ភារកិច្ចរបស់ខ្លួនបានកាន់តែល្អប្រសើរ និងត្រូវតាមដានត្រួតពិនិត្យជាប្រចាំអំពីបញ្ហាប្រឈមនានា ដែលនឹងអាចកើតមានឡើង ក្នុងការអនុវត្តតួនាទី ភារកិច្ច ដែលបានកំណត់ ព្រមទាំងខិតខំស្វែងរកដំណោះស្រាយប្រកបដោយប្រសិទ្ធភាព និងការទទួលខុសត្រូវដោយត្រូវប្រកាន់ខ្ជាប់នូវគោលការណ៍ច្បាប់ និងលិខិតបទដ្ឋានគតិយុត្តិនានា ដើម្បីធ្វើយ៉ាងណាត្រូវរក្សាឱ្យបាននូវសាមគ្គីភាព ឯកភាពផ្ទៃក្នុងឱ្យបានល្អប្រសើរផងដែរ៕